អ្នកភូមិ​បឹង​កក់​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​ហ៊ុន​សែន​​ជា​លើក​ទី​៤

បញ្ហា​ចម្រូង​ចម្រាស​របស់​អ្នក​ភូមិ​បឹង​កក់ ក្នុង​រាជ​ធានី​ភ្នំពេញ រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បឹង​កក់ ឈ្មោះ ស៊ួ​កា​គួ (Sukaku) មិន​ទាន់​មាន​ដំណោះ​ស្រាយ​ពី​ស្ថាប័ន​ណា​មួយ​នៅ​ឡើយ​ទេ បើ​ទោះបី​ជា​អ្នក​ភូមិ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ជា​​ច្រើន​លើក ដើម្បី​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បូម​ខ្សាច់​ជា​បណ្ដោះ​អាសន្ន ដែល​បណ្ដាល​ឲ្យ​លិច​លំនៅឋាន​ពួក​គាត់​អស់​ជា​យូរ​មក​ហើយ​ក៏​ដោយ។
ដោយ ទីន ហ្សាការីយ៉ា
2010.09.20
បឹងកក់៣០៥ អ្នក​ភូមិ​បឹង​កក់​ប្រមាណ ១០០​នាក់ រួម​ទាំង​ក្មេង​តូច​ៗ បាន​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ២០១០
RFA/Tin Zakariya

មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​អ្នក​ភូមិ​បឹង​កក់​ជា​លើក​ទី​៤ អំពី​ការ​ស្នើ​សុំ​កាត់​ទីតាំង​ដី​លំនៅឋាន​អចិន្ត្រៃយ៍​របស់​ពួក​គាត់​ចេញ​ពី​គម្រោង​អភិវឌ្ឍ​បឹង​កក់ និង​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​បូម​ខ្សាច់​ជា​បណ្ដោះ​អាសន្ន ដែល​នាំ​ឲ្យ​ទឹក​លិច​ផ្ទះ​របស់​ពួក​គាត់។

ការ​ទទួល​ពាក្យ​បណ្ដឹង​នេះ នៅ​ខណៈ​ដែល​អ្នក​ភូមិ​បឹង​កក់​ប្រមាណ ១០០​នាក់​រួម​ទាំង​ក្មេង​តូច​ៗ បាន​នាំ​គ្នា​ឡើង​ទៅ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ៖ «តេ​ហៅ​គាត់​ឲ្យ​ទៅ​មើល គាត់​ថា អត់​ហ៊ាន​ទេ ខ្ញុំ​ទៅ​អង្វរ​គាត់»

លោក នៅ រ៉ា ជា​សមាជិក​ក្រុម​លេខា​នៃ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​យក​ពាក្យ​បណ្ដឹង​ទាំង​នេះ ដាក់​ជួន​ខុទ្ទកាល័យ ដើម្បី​បញ្ជូន​ទៅ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ​មើល​បន្ថែម​ទៀត ប៉ុន្តែ​ការ​សម្រេច​ណា​មួយ លោក​នឹង​ឲ្យ​ដំណឹង​មក​ឲ្យ​ប្រជា​ពល​រដ្ឋ​ដឹង​វិញ នៅ​ថ្ងៃ​ទី​២១ ឬ​ថ្ងៃ​ទី​២២ កញ្ញា ៖ «ការ​ងារ​ហ្នឹង​មិន​មែន​ថា លោក​មិន​ដឹង​នោះ​ទេ លោក​ដឹង​អស់​ហើយ ទាក់​ទង​នឹង​ខុទ្ទកាល័យ​យើង​បញ្ជូន​ទៅ​តាម​ការ​ងារ​ជំនាញ ហើយ​យ៉ាង​ម៉េច​ៗ យើង​នឹង​ឲ្យ​ដឹង​វិញ​ពេល​ក្រោយ»

ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ទី​១ ភូមិ​បឹង​កក់ ឈ្មោះ ទី ពិសី បាន​និយាយ​ថា ពួក​គាត់​បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ថ្មី​ទៀត​នេះ ដោយ​សារ​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ក្រុមហ៊ុន​បាន​បូម​ខ្សាច់​បាញ់​មក​លើ​ផ្ទះ​របស់​ពួក​គាត់ ដែល​នៅ​លើ​គោក បណ្ដាល​ឲ្យ​ផ្ទះ​របស់​ពួក​គាត់​លិច​ទឹក ហើយ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ ៖ «ព្រោះ​វា​មាន​សត្វ​ខាំ មាន​ចៃ​ពស់​ចៃ​អី ពោះ​វែក​វា​វារ​ពេញ​ហ្នឹង​ណា​ម្សិល​មិញ អ៊ីចឹង​យើង​មាន​ការ​ពិបាក»

ចៅ​សង្កាត់​រង​សង្កាត់​ស្រះចក អ្នក​ស្រី ទិន សោ​ភ័ណ្ឌ បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​បូម​ខ្សាច់​បាញ់​មក​លើ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ទេ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី អ្នក​ស្រី​បាន​អះ​អាង​ថា កន្លង​មក​អ្នក​ស្រី​បាន​ព្យាយាម​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​តាម​រយៈ​ការ​ស្នើ​សុំ​ទៅ​អភិបាល​ខណ្ឌ និង​អភិបាល​រាជ​ធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ៖ «មិន​មែន​ថា​យើង​អាជ្ញាធរ​ឃើញ​ហើយ យើង​មើល​នឹង​ភ្នែក មិន​មែន​ទេ គឺ​យក​ចិត្ត​ទុក​ដាក់​មើល​ការ​ខុស​ត្រូវ​ចំពោះ​គាត់ គ្រាន់​ថា ការ​លំបាក​របស់​យើង​គាត់​មិន​ដឹង តែ​ការ​លំបាក​របស់​គាត់​យើង​នឹង​អាច​ដឹង...»

ក្មេង​តូចៗ​ជា​ច្រើន​ដែល​ជា​កូន​អ្នក​ភូមិ​បឹង​កក់ បាន​កាន់​បដា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បាន​សំណូមពរ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​ពួក​គេ នៅ​ខណៈ​ដែល​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​ទឹក​លិច​គ្មាន​កន្លែង​ដេក ហើយ​ពិបាក​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​នោះ ៖ «ខ្ញុំ​មក​ចង់​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​បូម​ទឹក​បូម​លូ​ចេញ ព្រោះ​គេ​បូម​ទឹក​បូម​ដី​ចូល​លិច​ផ្ទះ​អស់​អា​លីង​ហើយ»

អ្នក​ភូមិ​បឹង​កក់​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​បាន​ដាក់​បណ្ដឹង​ទៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្រសួង​ដែន​ដី​នគរោបនីយកម្ម និង​សំណង់ សាលា​រាជ​ធានី​ភ្នំពេញ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​ច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ។ ពួក​គាត់​លើក​ឡើង​ថា កាល​ពី​សប្ដាហ៍​មុន ក្មេង​ស្រី​អាយុ ១៨​ឆ្នាំ នៅ​ភូមិ​១ ត្រូវ​បាន​ខ្សែ​ភ្លើង​ឆក់​ស្លាប់ ដោយ​សារ​ទឹក​លិច​ផ្ទះ​របស់​នាង ហើយ​ឆ្លង​ចរន្ត​អគ្គិសនី៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។