អ្នក​បាត់​បង់​លំនៅឋាន​នៅ​បឹង​កក់​សុំ​អ្នក​តា​ជួយ

នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ អ្នក​ភូមិ​បឹង​កក់​បាន​នាំ​គ្នា​ទៅ​បន់​ស្រន់​សុំ​ឲ្យ​អ្នក​តា​ជួយ ព្រោះ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​នោះ។
ដោយ ទីន ហ្សាការីយ៉ា
2010.12.21
បឹងកក់៣០៥ អ្នក​ភូមិ​បឹង​កក់​បន់ស្រន់​សុំ​អ្នកតា​ឲ្យ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស៊ូកាគូ កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ២០១០
RFA/Tin Zakariya

ប្រជា​ពល​រដ្ឋ​តំបន់​បឹង​កក់​ប្រមាណ ៥០​នាក់ បាន​សម្ដែង​ក្ដី​ឈឺ​ចាប់ និង​អស់​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល និង​ភាគី​ក្រុមហ៊ុន ដែល​បាន​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពួក​គាត់ ដោយ​ពុំ​បាន​ផ្ដល់​សំណង​សម​រម្យ​ជួន​ពួក​គាត់ ហើយ​បាន​នាំ​គ្នា​លើក​បដា​នៅ​មុខ​ស្នាក់​ការ​ក្រុមហ៊ុន ស៊ូកាគួ (Sukaku) ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​រក​ដំណោះស្រាយ​ជួន បន្ទាប់​ពី​ពួក​គាត់​ធ្វើ​ការ​បន់​ស្រន់​សែន​ព្រេន​សុំ​ឲ្យ​អ្នកតា​ជួយ​រួច។

ប្រជា​ពល​រដ្ឋ​ឈ្មោះ ហួត មុតឌី អះអាង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​ស៊ួកាគួ ចាប់​ផ្ដើម​គម្រោង​អភិវឌ្ឍ​តំបន់​បឹង​កក់​មក គឺ​ពួក​គាត់​បាន​នាំ​គ្នា​ធ្វើ​លិខិត​ផ្ញើ​ជួន​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់ ដើម្បី​សុំ​ឲ្យ​ជួយ​រក​ដំ​ណោះ​ស្រាយ​សម​រម្យ ដោយ​សុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង សុំ​កុំ​ឲ្យ​បណ្ដេញ​ប្រជា​ពល​រដ្ឋ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​នោះ​ឡើយ ដូច្នេះ​ទើប​ពួក​គាត់​នាំ​គ្នា​មក​ធ្វើ​ការ​បន់​ស្រន់​ឲ្យ​អ្នក​តា​ជួយ។

បឹងកក់៣៧០a
ប៉ូលិស​មក​រារាំង​អ្នកភូមិ​បឹង​កក់​ដែង​កំពុង​បន់ស្រន់​សុំ​អ្នកតា​ឲ្យ​ជួយ កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ២០១០ (RFA/Tin Zakariya)
ការ​នាំ​គ្នា​ទៅ​បន់​ស្រន់​នេះ ជា​លើក​ទី​ពីរ​ហើយ ក្រោយ​ពេល​ពួក​គេ​បាន​នាំ​គ្នា​ទៅ​បន់​ស្រន់​ដាក់​បណ្ដាសា​ក្រុម​ហ៊ុន​កាល​ពី​ខែ​វិច្ឆិកា នៅ​ឯ​ព្រះ​អង្គ​ដង​កើ មុខ​ព្រះ​បរម​រាជ​វាំង ហើយ​នៅ​ថ្ងៃ​ទី​២១ នេះ ប្រជា​ពល​រដ្ឋ​ចំនួន ៧​ភូមិ បាន​ធ្វើការ​បន់​ស្រន់​ម្ដង​ទៀត ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ភូមិ​ទាំង​៧ នេះ មាន​តែ​អ្នក​ភូមិ​ទី​១​ទេ ដែល​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​សំណង​ដូច​ដែល​បាន​សន្យា​កន្លង​មក នូវ​ទឹក​ប្រាក់​ចំនួន ៨​ពាន់​ដុល្លារ និង​២​លាន​រៀល។

ផ្ទុយ​ទៅ​វិញ ប្រជា​ពល​រដ្ឋ​ឈ្មោះ ស្រី ចាន់ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ក្រុមហ៊ុន​បាន​បូម​ខ្សាច់​ពន្លិច​លំនៅឋាន​របស់​ពួក​គាត់ កាល​ពី​ពេល​ថ្មីៗ​នេះ បែរ​ជា​ក្រុមហ៊ុន​មិន​ផ្ដល់​ប្រាក់​សំណង​ជួន​អ្នក​ភូមិ​ចំនួន ២៧​គ្រួសារ​ទេ ហើយ​ឲ្យ​ទៅ​ទារ​លុយ​ពី​ក្រុម​ហ៊ុន​ធ្វើ​ផ្លូវ​រថ​ភ្លើង ឈ្មោះ​ថូល (Toll) ទៅ​វិញ។

គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ភូមិ​ទាំង​អស់​ក្រោយ​ពេល​ធ្វើ​ការ​បន់​ស្រន់​រួច នៅ​ឯ​ខ្ទម​អ្នក​តា​ឈ្មោះ​ថា យាយ​ម៉ៅ តា ប្រាក់ ដែល​នៅ​ឆ្ងាយ​ពី​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ប្រមាណ ៣០​ម៉ែត្រ ពួក​គេ​ក៏​បាន​នាំ​គ្នា​លើក​បដា​ ដែល​សរសេរ​ថា ក្រុមហ៊ុន​ស៊ូកាគួ ជា​អ្នក​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ខ្ញុំ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​តែ​ដោះ​ស្រាយ​ឲ្យ​យើង​ខ្ញុំ ដើរ​ទៅ​នៅ​មុខ​ស្នាក់​ការ​ក្រុមហ៊ុន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ការ​ពារ​ក្រុមហ៊ុន​ដណ្ដើម​យក​បដា​នោះ រហូត​ដល់​មាន​ស្ត្រី​ពីរ​នាក់​សន្លប់​ដោយ​សារ​តែ​ឈឺ​ចិត្ត។

បឹងកក់៣៧០b
អ្នកភូមិ​បឹង​កក់​ម្នាក់​សន្លប់ (RFA/Tin Zakariya)
នាយក​អង្គការ​សិទ្ធិ​លំនៅឋាន លោក ស៊ា ភិរម្យ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កំពុង​រំលោភ​លើ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​បឹង​កក់ ហើយ​ព្យាយាម​បំភ្លេច​នូវ​សន្យា​តាម​គោល​ការណ៍​ដោះ​ស្រាយ​របស់​ខ្លួន​កន្លង​មក។

អ្នក​ភូមិ ឌួង បុប្ឆារី មាន​អាយុ​៥០​ឆ្នាំ បាន​រៀប​រាប់​ទាំង​ស្រក់​ទឹក​ភ្នែក ដោយ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​ឲ្យ​មាន​តម្លាភាព ពី​ព្រោះ​ថា កន្លង​មក​ភាគី​ក្រុមហ៊ុន​មិន​ទាន់​បង្ហាញ​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍ និង​វិធី​ដោះ​ស្រាយ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី នៅ​ទី​២១ ខែ​ធ្នូ មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​សាលា​ក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូកាគូ ជុំវិញ​បញ្ហា​ខាង​លើ​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១០ សាលា​ក្រុង​ភ្នំពេញ បាន​សរសេរ​លិខិត​មួយ​ចុះ​ហត្ថលេខា​ដោយ​លោក កែប ជុតិមា ទៅ​ក្រុមហ៊ុន សូម​ឲ្យ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា ក្រុមហ៊ុន​មិន​បាន​ផ្ដល់​ដំណឹង​អ្វី​ទាល់​តែ​សោះ ក្រោយ​ពី​ពួកគាត់​បាន​ថត​រូប និង​ផ្ដិត​មេដៃ​ព្រម​ទទួល​យក​ការ​ដោះស្រាយ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី តាម​គោលការណ៍​ទី​បី មាន​ប្រាក់ ៨.០០០​ដុល្លារ និង​ប្រាក់​រៀល ២​លាន​រៀល ទោះ​ជា​យ៉ាង​នេះ​ក្ដី មាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​មិន​ព្រម​ទទួល​យក​សំណង​នេះ​ទេ ដោយ​គេ​ចង់​បាន​អភិវឌ្ឍ​នៅ​នឹង​កន្លែង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។