មន្ត្រី​ជំនាញ​បើក​យុទ្ធនាការ​បង្ក្រាប​និង​រឹប​អូស​គ្រឿងញៀន

អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​បាន​បើក​យុទ្ធនាការ​បង្ក្រាប និង​រឹប​អូស​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នៅ​ពេល​ថ្មីៗ​នេះ ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​សំងាត់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក។
ដោយ សុខ សេរី
2012.12.24
គ្រឿង​ញៀន ៣០៥ គ្រឿង​ញៀន​ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ រឹប​អូស​បាន​ពី​ឈ្មួញ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
RFA/Sok Serey

នគរបាល​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ក្រោម​បទ​សង្ស័យ​ថា បាន​រត់​ពន្ធ​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​រាវ ចំនួន ២៤​គីឡូក្រាម​ពី​តំបន់​ត្រីកោណ​មាស​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​នាំ​ចេញ​បន្ត​ទៅ​បរទេស។

ជនសង្ស័យ​ចំនួន ២​នាក់​នោះ មាន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដើម្បី​សាកសួរ​ចម្លើយ និង​ធ្វើ​កំណត់​ហេតុ​ពិស្ដារ​នៅ​មុន​ការ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ។

ជាមួយ​គ្នា​នេះ​ដែរ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ដដែល​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​ទៀត គឺ​ជនជាតិ​ឡាវ ២​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន ២​នាក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ក្រោម​បទ​សង្ស័យ​ថា បាន​រត់​ពន្ធ​ថ្នាំ​ញៀន​មេតំហ្វេតាមីន ចំនួន ២​ម៉ឺន​គ្រាប់​ចូល​មក​កម្ពុជា។

ជន​សង្ស័យ​ចំនួន ៤​នាក់​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន ដើម្បី​សាកសួរ​ចម្លើយ និង​ធ្វើ​កំណត់ហេតុ​ពិស្ដារ​នៅ​មុន​ការ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ ឧត្ដមសេនីយ៍​ឯក មាស វីរិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ថា សមត្ថកិច្ច​ប្រើប្រាស់​កម្លាំង​ជំនាញ និង​ស៊ើប​អង្កេត​រយៈពេល​ច្រើន​ខែ ដើម្បី​បំបែក​សំណុំ​រឿង​នេះ៖ «មាន​ទម្រង់​ជា​វត្ថុ​រាវ​ហ្នឹង គឺ​ប្រមាណ​ជាង ២៤​គីឡូក្រាម នេះ​គឺ​យើង​មិន​ទាន់​បាន​ធ្វើ​ការ​វិភាគ​រក​ភាព​សុទ្ធ​នៅ​ឡើយ​ទេ ហើយ​វត្ថុតាង​ទាំង​នោះ និង​ជនល្មើស គឺ​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​អ្នក​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ និង​ស្រាវជ្រាវ​អំពី​ប្រភព​ដើម​របស់​គ្រឿង​ញៀន ហើយ​និង​លំហូរ​នៃ​គ្រឿង​ញៀន តើ​មាន​ប្រភព​ទៅ​ទី​ណា? ទាក់ទង​ហេរ៉ូអ៊ីន សារធាតុ​ញៀន​រាវ​នេះ គឺ​ប្រភព​វា​គឺ​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​កម្ពុជា»

ទាក់ទង​នឹង​ស្ថានការណ៍​គ្រឿងញៀន​នៅ​កម្ពុជា នេះ​ដែរ អភិបាល​រង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​ជា​ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៅ​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ស្ថានការណ៍​រត់ពន្ធ និង​ជួញដូរ​គ្រឿង​ញៀន​នៅ​ទីក្រុង​ភ្នំពេញ។

លោក ប៉ា សុជាតិវង្ស៖ «ចាប់​ម្ដង​រាប់​ម៉ឺន​គ្រាប់ ចុះ​បើ​សិន​ជា​មិន​ចាប់? មួយ​ម៉ឺន​គ្រាប់ ពីរ​ម៉ឺន​គ្រាប់ វា​ទៅ​ចែក​ចាយ​ទៅ​គ្រប់​គ្នា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ប្រើ​គ្រឿង​ញៀន? អ្នក​ចែកចាយ​ម៉េច​បាន​មាន​លទ្ធភាព​ចែក​ចាយ​បាន? បើ​គ្មាន​ទីផ្សារ​នាំ​ចូល​មក​ធ្វើ​អី ផលិត​ធ្វើ​អី?»

របាយការណ៍​មួយ​ចំនួន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា​មាន​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន​រវាង ៤​ម៉ឺន​នាក់ ទៅ ៦​ម៉ឺន​នាក់ ប៉ុន្តែ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា ចំនួន​មិន​ពិត គឺ​អ្នក​ញៀន​គ្រឿង​ញៀន​មាន​ចំនួន ៦​ពាន់​នាក់​ទេ។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា រយៈពេល ៩​ខែ ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ចំនួន ៥៥៣​ករណី និង​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ១.២៦៤​នាក់។

គ្រឿង​ញៀន​ដែល​ត្រូវ​បាន​រឹប​អូស​បាន​នោះ មាន​ដូច​ជា មេតំហ្វេតាមីន WY ចំនួន ៥.៣៤៧​គ្រាប់ មេតំហ្វេតាមីន​ក្រាម ម្សៅ​ទឹក​កក​ចំនួន​ជាង ១៩​គីឡូក្រាម អ៊ិចស្តាស៊ី​ចំនួន ១.៣១៥​គ្រាប់ កូកាអ៊ីន​ចំនួន​ជាង ៤០​គីឡូក្រាម ប្រេង​ម្រះព្រៅ​ភ្នំ​ចំនួន ៨​តោន និង​សារធាតុគីមី​ផ្សំ​គ្រឿងញៀន​ចំនួន​ជាង ៥៣​តោន។

របាយការណ៍​នេះ​នៅ​មិន​ទាន់​បាន​រាប់​បញ្ចូល​ករណី​រឹប​អូស​គ្រឿង​ញៀន​ថ្មីៗ​នេះ និង​ករណី​ចាប់​ខ្លួន​លោក​ឧកញ៉ា តាន់ សេងហាក់ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។