សាលា​មួយចំនួន​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​សៀវភៅ​មេរៀន

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា របាយការណ៍​របស់​គ្រូ​បង្រៀន​ដែល​សមាគម​ទទួល​បាន បាន​ឲ្យ​ដឹង​ថា នៅ​តាម​សាលា​មួយចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​បញ្ហា​ខ្វះ​សៀវភៅ​មេរៀន​សម្រាប់​គ្រូ​បង្រៀន និង​ចែក​ជូន​ដល់​សិស្ស​សម្រាប់​ធ្វើ​ការ​សិក្សា។
ដោយ ដែន អយុធ្យា
2010.01.20

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ស្នើ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​សិក្សា​របស់​​សិស្សានុសិស្ស។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​សំណូមពរ​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​ត្រូវ​ផ្តល់​សៀវភៅ​មេរៀន​គ្រប់​មុខវិជ្ជា​ទាំង​អស់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​សិក្សា​របស់​សិស្ស​និង​គ្រូ​បង្រៀន ក៏​ដូច​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ។

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ៖ «កង្វះខាត​សម្ភារៈ​សិក្សា ជា​ពិសេស​សៀវភៅ​នេះ​ជា​ផ្នែក​មួយ​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​របស់​សិស្ស ក៏​ដូច​ជា​ការ​បង្រៀន​របស់​គ្រូ បើ​គ្មាន​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ»

អ្នក​គ្រូ គឹម តារ៉ានី បង្រៀន​នៅ​សាលា​បឋម​សិក្សា​ពោធិ៍សាត់ មាន​ប្រសាសន៍​ថា សាលា​បង្រៀន​របស់​អ្នក​គ្រូ​ក៏​មាន​បញ្ហា​ខ្វះ​សៀវភៅ​មេរៀន​សម្រាប់​ផ្តល់​ជូន​ដល់​គ្រូ​និង​សិស្ស​ផងដែរ នៅ​ក្នុង​កម្មវិធី​សិក្សា​ឆ្នាំ​២០០៩​-​២០១០​នេះ។

អ្នក​គ្រូ​បន្ត​ថា ការ​ខ្វះខាត​សៀវភៅ​មេរៀន ដូច​ជា​មុខវិជ្ជា​ខ្មែរ​និង​គណិត​វិទ្យា អ្នក​គ្រូ​ធ្លាប់​បាន​ស្នើ​ទៅ​ក្រសួង​អប់រំ​តាមរយៈ​លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ពោធិ៍សាត់​ផងដែរ នៅ​ដើម​វិស្សមកាល​ឆ្នាំ​នេះ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប។

អ្នក​គ្រូ គឹម តារ៉ានី បាន​បញ្ជាក់​ថា ៖ «ខ្វះ​សៀវភៅ​ភាសា​ខ្មែរ សៀវភៅ​គណិតវិទ្យា​ក៏​ខ្វះ​ដែរ។ បញ្ហា​ខ្វះ​ហ្នឹង​វា​ជា​ទុក្ខ​លំបាក​សម្រាប់​គ្រូ​និង​សិស្ស​រួម​គ្នា​តែម្ដង វា​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស ហើយ​ប៉ះពាល់​ដល់​ការ​បង្រៀន​របស់​គ្រូ ព្រោះ​ឧទាហរណ៍ ក្នុង​ថ្នាក់​ខ្ញុំ​មាន​សិស្ស ៤៥​នាក់​អ៊ីចឹង ខ្ញុំ​ទទួល​បាន​តែ​សៀវភៅ​ភាសា​ខ្មែរ​ហ្នឹង ៣០​ក្បាល​ទេ»

លោក កែវ ថៃ ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​បរិបូរណ៍ មាន​ប្រសាសន៍​ថា កង្វះ​សៀវភៅ​មេរៀន​សម្រាប់​ផ្តល់​ជូន​គ្រូ​បង្រៀន​និង​សិស្ស គឺ​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​និង​ការ​បង្រៀន​របស់​គ្រូ។

លោក កែវ ថៃ បាន​ឲ្យ​ដឹង​ថា ៖ «ភាគ​ច្រើន​ខ្វះ​អ៊ីចឹង​តែម្ដង។ គណិតវិទ្យា​គ្រាន់​មាន ប៉ុន្តែ​ភាសា​ខ្មែរ​ខ្វះ​មែនទែន​តែម្ដង។ សៀវភៅ​សិក្សា​សម្រាប់​សិស្សានុសិស្ស សម្រាប់​កូន​សិស្ស​នៅ​គ្រប់​វិទ្យាល័យ អនុ​វិទ្យាល័យ ក៏​ដូច​បឋម​សិក្សា មធ្យមសិក្សា​មួយចំនួន មាន​ការ​ខ្វះខាត​ច្រើន​តែម្ដង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ទេ​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មករា​នេះ ជុំវិញ​ការ​ខ្វះខាត​សៀវភៅ​មេរៀន​សម្រាប់​គ្រូ​និង​សិស្ស​នៅ​តាម​សាលា​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ខណៈ​លោក ជុំ សុផល អនុ​ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​អប់រំ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

សមាគម​គ្រូ​បង្រៀន​បាន​ឲ្យ​ដឹង​ថា កង្វះ​ខាត​សៀវភៅ​មេ​រៀន​ជា​ច្រើន​មុខវិជ្ជា​តែង​បាន​កើត​ឡើង​ជា​រៀងរាល់ឆ្នាំ​នៅ​តាម​សាលា​រៀន​ភាគ​ច្រើន​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​កង្វះខាត​នេះ​មន្ត្រី​ក្រសួង​អប់រំ​មិន​បាន​បំពេញ​តាម​តម្រូវការ និង​ការ​ទទូច​ស្នើសុំ​របស់​លោក​គ្រូ អ្នក​គ្រូ ដែល​បាន​ស្នើសុំ​អន្តរាគមន៍​ពី​កង្វះខាត​សៀវភៅ​មេរៀន​នេះ​ឲ្យ​បាន​គ្រប់​តាម​តម្រូវការ​នោះ​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។