មេបញ្ជាការខ្មែរព្រមានថៃពីរឿងធ្វើផ្លូវនៅតំបន់មិនទាន់ដាច់ស្រេច
2010.03.18
លោកឧត្ដមសេនីយ៍ឯក ជា តារា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទកំពុងគ្រប់គ្រងយោធាខ្មែរប្រចាំទិសប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ប្រសិនបើទាហានថៃធ្វើផ្លូវនៅក្នុងព្រំដែនថៃគឺជារឿងរបស់ថៃ ក៏ប៉ុន្តែកងទាហានខ្មែរមិនអនុញ្ញាតឲ្យទាហានថៃធ្វើផ្លូវនៅក្នុងតំបន់ដែលហាមឃាត់បានទេ។
លោកឧត្ដមសេនីយ៍ឯក ជា តារា បានថ្លែងថា ៖ «យើងមិនអាចអនុញ្ញាតឲ្យធ្វើផ្លូវនៅក្នុងតំបន់ដែលហាមឃាត់បានទេ ហើយបើធ្វើផ្លូវនៅតំបន់ហាមឃាត់ ជាដាច់ខាត។ ប៉ុន្តែខ្ញុំសូមប្រកាសហើយប្រកាសទៀតថា កងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចំណុះផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ហើយឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម នៅទីនេះ សិទ្ធិស្វ័យការពារទឹកដី មិនឲ្យបាត់១មិល្លីម៉ែត្រទេ។ អ៊ីចឹងខ្ញុំផ្ញើសារដល់កងទ័ពរបស់ថៃ ជាពិសេសនាយករដ្ឋមន្ត្រីថៃ អាភីស៊ិត ត្រូវរៀនសូត្រខ្លះៗសម្ដេច្តេចតេជោរបស់យើងខ្ញុំ កុំឲ្យមានគំនិតឈ្លានពានគេ»។
ការព្រមានរបស់មេបញ្ជាការយោធាជាន់ខ្ពស់ខ្មែរ បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា រយៈពេល៣ថ្ងៃមកនេះ ថៃបានបញ្ជូនទាហានជាង ១០០នាក់ចូលមកបន្ថែមនៅតំបន់កំពុងប្រឈមមុខដាក់គ្នាក្នុងរឿងជម្លោះព្រំដែន លើខ្នងភ្នំចាក់ច្រែង និងតំបន់បង្គោល៨ ដោយកងទាហានវិស្វកម្មថៃបានជញ្ជូនគ្រឿងចក្រមកបម្រុងធ្វើផ្លូវនៅតំបន់ចាក់ច្រែង។
មេបញ្ជាការយោធាខ្មែរមួយរូបនៃកងពលតូចថ្មើរជើងលេខ៤៣ កំពុងគ្រប់គ្រងតំបន់ចាក់ច្រែង ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទាហានខ្មែរបានឲ្យទាហានថៃផ្អាកធ្វើផ្លូវនៅតំបន់ខ្នងភ្នំចាក់ច្រែងនោះ ហើយទាហានថៃជាង ១០០នាក់បានមកដាក់កម្លាំងបិទផ្លូវដែលទាហានខ្មែរធ្លាប់ដើរធ្វើការពីរបីថ្ងៃមកហើយ។
មេបញ្ជាការដដែលបានបញ្ជាក់ថា ៖ «វាមកបិទតាមផ្លូវដែលយើងដើរធ្វើការពីរបីថ្ងៃហើយ។ កម្លាំងវាម្ដុំនោះប្រហែលជា ១០០ ទៅជាង១០០នាក់ វានៅជាន់លើគំនូសតែម្ដង។ វាធ្វើផ្លូវ ប៉ុន្តែយើងកាក់ វាផ្អាកធ្វើ ចាំមានការជួបថ្នាក់លើយើងដោះស្រាយ ព្រោះដីហ្នឹងភាគច្រើនយើងណា៎!»។
ទាហានខ្មែរមួយរូបប្រចាំនៅតំបន់ខ្នងភ្នំចាក់ច្រែងបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ថៃបានបញ្ជូនទាហានរបស់គេចូលមកតំបន់ខ្សែព្រំដែនមិនទាន់ដាច់ស្រេច ដែលធ្លាប់តែដើរល្បាតរួមគ្នាកន្លងមកនៅលើខ្នងភ្នំចាក់ច្រែង និងនៅបង្គោល៨ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីខ្នងភ្នំចាក់ច្រែង៕