ជន​រង​គ្រោះ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​បាត់ដំបង

អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន ទោះ​បី​ជា​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ការ​អះអាង ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​អង្គការ​ដៃ​គូ​ថា បាន​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​ក៏​ដោយ។
2010-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
Photo: RFA

ក្មេង​ស្រី​អនីតិជន​ម្នាក់ បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​បាន​គេ​ជួញ​ដូរ​ផ្លូវ​ភេទ ដោយ​បាន​នាំ​ទៅ​ឲ្យ​ដេក​ជា​មួយ​ពួក​បុរសៗ ជា​អ្នក​មាន​លុយ​កាក់ និង​មាន​អំណាច ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ។

កុមារី​រង​គ្រោះ ជា​អនីតិជន​ខាង​លើ​នេះ​បាន​ថ្លែង​ថា រូប​នាង​ត្រូវ​បាន​ស្ត្រី​ម្នាក់ ឈ្មោះ ថា ជា​អតីត​មេការ​នៅ​ហាង​ការ៉ា​អូខេ​មួយ ឈ្មោះ ប៉ាស៊ីហ្វិក ណៃ ក្នុង​ខេត្ត​បាត់ដំបង បាន​នាំ​រូប​នាង ពី​ទីក្រុង​ភ្នំពេញ មក​ឲ្យ​ដេក​ជា​មួយ​បុរស​មាន​លុយ​កាក់​ជា​ច្រើន​ដង ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ។

នាង​បន្ត​ថា ស្ត្រី​ឈ្មោះ ថា ធ្លាប់​ធ្វើ​មេការ​នៅ​ហាង​ការ៉ា​អូខេ ប៉ាស៊ីហ្វិក ណៃ ប៉ុន្តែ​បច្ចុប្បន្ន ឈប់​ធ្វើ​ការ​នៅ​ហាង​ការ៉ា​អូខេ​នោះ​ទៀត​ហើយ ដោយ​ស្ត្រី​រូប​នោះ​បាន​មក​ចាប់​យក​មុខ​របរ​ដើរ​យក​ស្រី​ទៅ​ឲ្យ​ដេក​ជា​មួយ​ពួក​បុរស​ៗ ជា​អ្នក​មាន​លុយ​កាក់។

កុមារី ជា​អនីតិជន ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ខណៈ​ដែល​នាង​ត្រូវ​មេ​ខ្យល់​នាំ​មក​ពី​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា មក​ដេក​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​មួយ មាន​យីហោ​ឈ្មោះ ស៊ិន ហ៊ួរ ក្នុង​ក្រុង​បាត់ដំបង។

នាយ​ការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក ព្រហ្ម ធៀន បាន​មាន​ប្រសាសន៍​ថា ដំបូង​ឡើយ ប៉ូលិស​ឃាត់​ខ្លួន​ក្មេង​ស្រី​រង​គ្រោះ​ខាង​លើ​នេះ ទាក់​ទិន​ទៅ​នឹង​ករណី​ចោរកម្ម​ទេ ប៉ុន្តែ​ក្រោយ​ពី​ធ្វើ​ការ​សាក​សួរ ក៏​ធ្លាយ​រឿង​ថា នាង​ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​ជួញ​ដូរ​ផ្លូវ​ភេទ ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ។

លោក ព្រហ្ម ធៀន បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​ថា ៖ «ព្រោះ​នារី​ស្គាល់​ឈ្មោះ ថា ជាង​១​ខែ​មក​ហើយ ខ្ញុំ​គ្រាន់​សួរ​សាច់​រឿង ដែល​ព្រះ​រាជ​អាជ្ញាធរ​ឲ្យ​ខ្ញុំ​សួរ ព្រោះ​ខ្ញុំ​ធ្វើ​រឿង​ទូរស័ព្ទ​ទេ បើ​យើង​ធ្វើ​រឿង​ហ្នឹង វា​មាន​ការិយាល័យ​ជួញ​ដូរ​មួយ​ដោយ​ឡែក​ទៀត គឺ​នារី​ទៅ​ប៉ោយប៉ែត គេង​ជា​មួយ​ភ្ញៀវ​ម្នាក់ បាន​២០០០​បាត ហើយ​២០០០​បាត​ហ្នឹង នារី​ឈ្មោះ ថា បាន​យក ៥​ម៉ឺន​រៀល ហើយ​ថ្ងៃ​១៧ មក​ស្នាក់​នៅ​បាត់ដំបង អា​ហ្នឹង​យប់​ថ្ងៃ​ទី​១៦ ចាំ​មើល​ខ្ញុំ​ធ្វើ​របាយការណ៍​ហ្នឹង​ទៅ​ព្រះ​រាជ​អាជ្ញា»

ទាក់​ទិន​ករណី​អនីតិជន​ខាង​លើ​នេះ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក៏​បាន​បញ្ជូន​កុមារី​អនីតិជន​ឲ្យ​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដើម្បី​ធ្វើ​ការ​សាក​សួរ។

នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ និង​ការពារ​អនីតិជន នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក កុយ ហៀង បាន​មាន​ប្រសាសន៍​នៅ​ក្រោយ​ការ​សាក​សួរ​កុមារី​រង​គ្រោះ​ខាង​លើ​នេះ​ថា ៖ «រឿង​នេះ​ជា​រឿង​ព្រហ្មទណ្ឌ​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​គេ​ឲ្យ​ខ្ញុំ​សាក​សួរ​បន្តិច​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​សាក​សួរ​ទៅ​វា អត់​មាន​តម្រុយ​ណា​មួយ សង្កត់​ទៅ​អ្នក​ណា​ទាំង​អស់ ដល់​អ៊ីចឹង ខ្ញុំ​មិន​ទាន់​ចូល​កន្លែង​ចូល ខ្ញុំ​វេរ​ទៅ​ឲ្យ​ព្រហ្មទណ្ឌ​វិញ ហើយ​ព្រោះ​បើ​កាល​ណា​យើង​មិន​សង្កត់​បាន​អ្នក​ណា​ច្បាស់​លាស់​អ៊ីចឹង យើង​មិន​អាច​ធ្វើ​ប្រថុយ​ប្រថាន​បាន​ទេ»

ព្រះ​រាជ​អាជ្ញា​សាលាដំបូង​ខេត្ត​បាត់ដំបង លោក នួន សាន បាន​មាន​ប្រសាសន៍​ថា តុលាការ​នឹង​ធ្វើការ​សាក​សួរ​ទៅ​លើ​កុមារី​រង​គ្រោះ ដើម្បី​ឈាន​ទៅ​រក​ការ​ស៊ើប​អង្កេត ទាក់​ទិន​ករណី​ជួញ​ដូរ​មនុស្ស ៖ «មុន​ដំបូង​យើង​ចាប់​ពាក់ព័ន្ធ​ចោរកម្ម​ទូរស័ព្ទ​មួយ​៧ ទៅ​៨​ដុល្លារ ហើយ​យើង​គិត​មើល​ទៅ ហើយ​ក្មេង​វា​ដល់​ច្រក​អស់​ជម្រើស អ៊ីចឹង​ទៅ ក្រោយ​ពី​យើង​ពិនិត្យ​អា​ហ្នឹង​ទៅ យើង​គិត​ពី​រឿង​មួយ​ទៀត អ៊ីចឹង​បាន​ជា​ខ្ញុំ​ឲ្យ​ពិនិត្យ​មើល​ច្រក​ហ្នឹង​មួយ​ទៀត»

រហូត​មក​ទល់​ពេល​នេះ តុលាការ​មិន​ទាន់​ធ្វើ​សេចក្តី​សំរេច​យ៉ាង​ណា​ទេ ទាក់​ទិន​ករណី​កុមារី​អនីតិជន​ខាង​លើ​នេះ។

ប្រធាន​អង្គការ​បន្ទាយ​ស្រី ក្នុង​ខេត្ត​បាត់ដំបង លោក​ស្រី ជឹម ប៊ុន ចិន្តា បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​ស្រី ក៏​មាន​កម្មវិធី​ទាក់​ទិន​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​ផ្លូវ​ភេទ​ដែរ ប៉ុន្តែ​ជា​រៀង​រាល់​ឆ្នាំ អង្គការ​បន្ទាយ​ស្រី ទទួល​តួ​លេខ​តិច​តូច​បំផុត ទាក់​ទិន​ករណី​ជួញ​ដូរ​ផ្លូវ​ភេទ​ក្នុង​ខេត្ត​បាត់ដំបង។

លោក​ស្រី​បន្ត​ថា នៅ​ខេត្ត​បាត់​ដំបង គឺ​ជា​តំបន់​ឆ្លង​កាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ជាក់​ស្ដែង​ដូច​ជា​តួលេខ កាល​ពី​ឆ្នាំ​២០០៩ កន្លង​មក និង​ដើម​ឆ្នាំ​២០១០ នេះ ៖ «២០០៩ យើង​មាន​ពីរ​ករណី ឆ្នាំ​ចាស់​តែ​មក​ចូល​ឆ្នាំ​ថ្មី មាន​តែ​មួយ​ករណី​ទេ។ រឿង​ករណី​ជួញ​ដូរ​ច្រើន​តែ​គេ​បញ្ជូន​ផុត​ពី​ដៃ​យើង​ទៅ សំខាន់​ជួញ​ដូរ​ភាគ​ច្រើន​សមត្ថកិច្ច​គាត់​ធ្វើ​ការ​អ៊ីចឹង​ទៅ ភាគ​ច្រើន​អត់​បញ្ជូន​មក​ខាង​ផ្ទះ​សុវត្ថិភាព​ទេ លើ​សមត្ថកិច្ច​គាត់​ចាត់​ចែង​ការ​ងារ និង​អ៊ីចឹង​គាត់​ទៅ​ខាង​គាត់​ទៅ យើង​អត់​បាន​តួលេខ យើង​ក៏​មិន​បាន​ទៅ​សួរ​តួលេខ​ពី​គាត់​អី​ដែរ សំខាន់​យើង​គិត​ទៅ​លើ​អតិថិជន​ណា ដែល​បាន​មក​ដល់​ផ្ទះ​សុវត្ថិភាព​ទី​កន្លែង​របស់​យើង​ផ្ទាល់​ប៉ុណ្ណឹង​ឯង»

ប្រធាន​អង្គការ​បន្ទាយ​ស្រី លោក​ស្រី ជឹមប៊ុន ចិន្តា បាន​មាន​ប្រសាសន៍​ថា តាម​ទស្សនៈ​លោក​ស្រី ដើម្បី​ទប់​ស្កាត់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ អាជ្ញាធរ​គួរ​តែ​ពង្រីក​ការ​ប្រើ​សេវា​ទូរស័ព្ទ ដូច​ជា​ការ​ដាក់​លេខ​ទូរស័ព្ទ​តាម​ផ្ទាំង​ប៉ាណូ ដែល​អាច​ទំនាក់​ទំនង​បាន​ងាយ​បំផុត ដោយ​បាន​ច្រើន​កន្លែង ដើម្បី​ផ្ដល់​ភាព​ងាយ​ដល់​មហា​ជន ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ទាក់​ទិន​ករណី​ជួញ​ដូរ និង​ការ​លើក​ទឹក​ចិត្ត​ផ្ដល់​ជា​រង្វាន់ ចំពោះ​ជន​ណា​ដែល​បាន​រាយការណ៍​ពី​ករណី​ជួញ​ដូរ។

ករណី​ជួញ​ដូរ​ផ្លូវ​ភេទ ក្នុង​ខេត្ត​បាត់​ដំបង ជា​រឿយៗ​តែង​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១០ មាន​សិស្ស​សាលា​នៅ​វិទ្យាល័យ​សម្ដេច​ឪ ក្នុង​ក្រុង​បាត់ដំបង​ជា​ច្រើន​នាក់ ត្រូវ​បាន​មេ​អណ្ដើក នាំ​ទៅ​ជួញ​ដូរ​ផ្លូវ​ភេទ ដេក​តាម​ផ្ទះ​សំណាក់ សណ្ឋាគារ​ជា​មួយ​ពួក​បុរស​មាន​លុយ​កាក់​ក្នុង​ខេត្ត​បាត់ដំបង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល