គោ​ក្របី​រាប់​រយ​ក្បាល​ឈឺ​ងាប់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង

ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​គោ​ក្របី​របស់​ពួក​គាត់​រាប់​រយ​ក្បាល​ងាប់​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​ជំងឺ។
ដោយ គង់ យុទ្ធនា
2010.06.26

ចំណែក​ឯ​ក្រុម​មន្ត្រី​ពេទ្យ​សត្វ​ខេត្ត​វិញ​កំពុង​ចុះ​ចាត់​វិធានការ​ជួយ​សង្គ្រោះ​ដល់​កន្លែង​ដែល​កំពុង​ផ្ទុះ​ជំងឺ​ទាំង​នោះ​ហើយ ដោយ​សង្ឃឹម​ថា កិច្ច​ប្រឹងប្រែង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ធូរ​ស្រាល​ពី​ជំងឺ​ដែល​កំពុង​រីក​រាលដាល។

មន្ត្រី​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ អ្នក​ស្រី សម្បត្តិ រចនា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មិថុនា ថា នៅ​ក្នុង​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​យាយី​គោ​ក្របី ក្នុង​នោះ​ឃុំ​ខ្លះ​មាន​ក្របី​ងាប់​រហូត​ដល់​ទៅ​ជាង ៣០០​ក្បាល នៅ​ក្នុង​ខែ​ឧសភា និង​ខែ​មិថុនា​នេះ ហើយ​ឃុំ​ខ្លះ​កំពុង​បន្ត​កើត​មាន​ជំងឺ​បណ្ដាល​ឲ្យ​ក្របី​ងាប់​កាន់តែ​ច្រើន​ក្បាល​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។

អ្នក​ស្រី​បាន​បន្ត​ថា ខាង​សាលា​ស្រុក​មិន​ទាន់​បាន​បូក​សរុប​នូវ​តួលេខ​បញ្ចប់​តាម​ឃុំ​នីមួយ​ៗ អំពី​ចំនួន​គោ​ក្របី​ងាប់​នៅ​ឡើយ​ទេ ដោយសារ​នៅ​ពេល​នេះ​គេ​កំពុង​ចាត់​វិធានការ​សង្គ្រោះ​ព្យាបាល​ទៅ​លើ​សត្វ​ដែល​កំពុង​ឈឺ​ទាំង​នោះ​នៅ​ចំពោះ​មុខ។

អ្នក​ស្រី សម្បត្តិ រចនា បាន​មាន​ប្រសាសន៍​ថា ៖ «ឃុំ​ព្រះរំកិល តាម​ខ្ញុំ​សួរ​លោក​មេ​ឃុំ​នោះ ក្នុង​ឃុំ​គាត់​គឺ​មាន​ក្របី​ងាប់​ចំនួន ៣១៨​ក្បាល។ ប្រភេទ​ជំងឺ​ហ្នឹង​គឺ​ឈាម​ចេញ​តាម​មាត់​បណ្ដោយ ព្រោះ​វា​ខែ​រាំង​ហ្នឹង​វា​ពីរ​ខែ​ដែរ។ អ៊ីចឹង​រាំង​វា​ក្ដៅ​ពេក វា​ទៅ​ផឹក​ទឹក​ផឹក​អី​ទៅ កើត​ជំងឺ​ទៅ​ណា៎! ខែ​៥ ខែ​៦​ហ្នឹង​រាំង​មក​រហូត»

នៅ​ឯ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ក៏​មាន​សេចក្ដី​រាយការណ៍​ថា ប្រជា​ពលរដ្ឋ​កំពុង​តែ​មាន​បញ្ហា​ងាប់​ក្របី​ជា​ច្រើន​ដូច​គ្នា​ដែរ។

មេ​ឃុំ​ក្បាលរមាស លោក ឡា បឿ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៥ មិថុនា​ដែរ​ថា នៅ​ភូមិ​ស្រែ​ស្រណុក ក្នុង​ឃុំ​ក្បាលរមាស មាន​ក្របី​ជាង ២០​ក្បាល​ហើយ​បាន​ងាប់ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ នេះ​មិន​រាប់​ចំពោះ​ភូមិ​ខ្លះ​ដែល​មាន​ងាប់​រាយប៉ាយ ២​ក្បាល ៣​ក្បាល​នោះ​ឡើយ។

លោក ឡា បឿ បាន​បញ្ជាក់​ថា ៖ «ខាង​ស្រែ​ស្រណុក​សត្វ​ឈឺ​ងាប់​អស់​ច្រើន​មែនទែន​ហ្នឹង​ហើយ។ រយៈ​កន្លង​មក ថ្ងៃ​ហ្នឹង​ជួប​មេ​ភូមិ​គេ​ថា អស់ ២០​ក្បាល​ហើយ​ទាំង​គោ ទាំង​ក្របី ក្រៅ​ពី​ហ្នឹង​ក្បាលរមាស​ក៏​មាន​ងាប់​ដែរ»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូរ សំអុល បាន​បញ្ជាក់​ថា អង្គការ​អាដហុក​បាន​កត់​សម្គាល់​ឃើញ​ប្រជា​ពលរដ្ឋ​កំពុង​មាន​កង្វល់​អំពី​កង្វះ​ខាត​មធ្យោបាយ​អូសទាញ​បម្រើ​ការងារ​កសិកម្ម ហើយ​រយៈកាល​កន្លង​មក​មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ពេទ្យ​សត្វ​យឺត​យ៉ាវ​ទើប​បណ្ដាល​ឲ្យ​គោ​ក្របី​ពួក​គាត់​មាន​បញ្ហា​ឈឺ និង​ងាប់។

លោក ហូរ សំអុល បាន​ឲ្យ​ដឹង​ថា ៖ «ការ​រាលដាល​រោគ​រាតត្បាត​ទៅ​លើ​ក្របី​ហ្នឹង វា​កាន់តែ​រាលដាល​ទៅ​កាន់​ឃុំ​ផ្សេង​ៗ​ទៀត ជា​ពិសេស​គឺ​ឃុំ អូរស្វាយ​ដែល​នៅ​ជិត​ព្រះរំកិល​ហ្នឹង​ណា៎! ពី​ម្សិល​ខ្ញុំ​ជួប​ខាង​មន្ត្រី​គាត់​ថា សប្ដាហ៍​ចុង​ក្រោយ​នេះ​ងាប់​អស់​ជាង ១០០​ក្បាល​ទៀត​ហើយ នៅ​ឃុំ​ខាង​ក្រោម​ព្រះរំកិល​ហ្នឹង។ វា​ដូច​ថា វា​នៅ​កៀន​ៗ​គ្នា​​ហ្នឹង ជា​ពិសេស​វា​បន្ត​ទៅ​ឃុំ​អូរស្វាយ។ អ៊ីចឹង​វា​អាច​ជា​ជំងឺ​ហ្នឹង​វា​គំហុក​ខ្លាំង អ៊ីចឹង​ខាង​ពេទ្យ​សត្វ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន បើ​អ៊ីចឹង​បណ្ដោយ​ងាប់​អស់​ហើយ!»

ក្នុង​ពេល​ដែល​មាន​ការ​អះអាង​ថា គោ​ក្របី ពិសេស​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ឈឺ​ងាប់​ច្រើន​ជាង​គេ​នោះ អនុ​ប្រធាន​ការិយាល័យ​បសុ​ព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង លោក ម៉ៃ រតនា បាន​ថ្លែង​ថា ក្រុម​ពេទ្យ​សត្វ​របស់​លោក​កំពុង​តែ​ចុះ​ទៅ​កាន់​ឃុំ​ស្រុក​នានា ដែល​កំពុង​កើត​មាន​ជំងឺ​គោ​ក្របី​ទាំង​នោះ​ហើយ​ដើម្បី​ជួយ​ព្យាបាល។

លោក ម៉ៃ រតនា បាន​អះអាង​ថា ៖ «ឥឡូវ​ការិយាល័យ​ហ្នឹង​កំពុង​តែ​ចាត់​វិធានការ​ចុះ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់ ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​សត្វ​ជូន​ប្រជា​ពលរដ្ឋ​ហ្នឹង។ យើង​ចុះ​រាល់​ថ្ងៃ សព្វ​ថ្ងៃ កំពុង​តែ​ចុះ​ហើយ​នេះ ខ្ញុំ​កំពុង​តែ​នៅ​អូរស្វាយ​ហើយ​នេះ។ តំបន់​នោះ​ធ្លាប់​កើត​ជំងឺ​សារ​ទឹក​ណា៎! រោគ​សញ្ញា​វា​នោះ​ហើម​ពោះ​ហើម​ក ហៀរ​សំបោរ ហៀរ​អី​អ៊ីចឹង​ទៅ! ហើយ​បណ្ដាល​ឲ្យ​សត្វ​ងាប់»

លោក​អនុ​ប្រធាន​ការិយាល័យ​បសុ​ព្យាបាល​បាន​អំពាវនាវ​សូម​ឲ្យ​មាន​ការ​ចូលរួម​ជា​ទូទៅ​ពី​ប្រជាពលរដ្ឋ​ទាំង​អស់ ប្រមូល​គោ​ក្របី​មក​ឲ្យ​ពេទ្យ​សត្វ​ចាក់​វ៉ាក់សាំង នៅ​រាល់​ពេល​ដែល​ពេទ្យ​សត្វ​ទៅ​ដល់ ព្រោះ​កន្លង​មក​ប្រជា​ពលរដ្ឋ​មិន​បាន​សហការ​ល្អ​ប្រមូល​គោ​ក្របី​មក​ឲ្យ​ចាក់​ថ្នាំ​បាន​ត្រឹមត្រូវ​គ្រប់​គ្នា​ទេ ជាក់ស្ដែង​ខ្លះ​ចាក់ ១​ឆ្នាំ​បាន​ម្ដង ខ្លះ ២​ឆ្នាំ​បាន​ម្ដង​នោះ វា​ងាយ​នឹង​ធ្វើ​ឲ្យ​គោ​ក្របី​ពួក​គាត់​ឈឺ​ងាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។