កម្ពុជា​នឹង​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ

ប្រទេស​កម្ពុជា​គ្រោង​នឹង​លើក​យក​ករណី​តំបន់​ប្រាសាទ​ព្រះវិហារ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​និង​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ បន្ទាប់​ពី​ការ​ចរចា​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ​មិន​បាន​ជោគជ័យ។
ដោយ ឡេង ម៉ាលី
2010-02-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។
RFA Photo/Keo Nimol

គម្រោង​នេះ​ត្រូវ​បាន​ថ្លែង​ឲ្យ​ដឹង​ជា​សារធារណៈ​ដោយ​នាយករដ្ឋមន្រ្តី​ប្រទេស​កម្ពុជា គឺ​លោក ហ៊ុន សែន នៅ​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​នា​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ កុម្ភៈ ឆ្នាំ​២០១០។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ភាគី​ថៃ​ប្រគល់​វត្ថុ​បុរាណ​ដែល​ថៃ​មិន​ទាន់​បាន​ប្រគល់​មក​កម្ពុជា​វិញ​នៅ​ឡើយ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​និយាយ​ពី​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ គឺ​មិន​មែន​ទៅ​ឲ្យ​កាត់​សេចក្តី​ឡើង​វិញទេ​លើ​បញ្ហា​ព្រះវិហារ។ គោល​ដៅ​របស់​យើង បើ​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ គឺ​សំដៅ​ការ​ដោះស្រាយ ទី​១។ ទី​២ ជំរុញ​ឲ្យ​អនុវត្ត​សាលក្រម​ពេញលេញ ព្រោះ​អា​ចំណុច​ទី​៣ ស្តី​ពី​ការ​ប្រគល់​វត្ថុ​បុរាណ​ដែល​ថៃ​យក​ទៅ​នោះ​អត់​ទាន់​បាន​ប្រគល់​ទេ អ៊ីចឹង​តុលាការ​ត្រូវ​មាន​សិទ្ធិ​ដើម្បី​ធ្វើ​រឿង​នេះ​ឲ្យ​យើង។ យើង​ទៅ​ឲ្យ​គេ​បក​ស្រាយ»

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​នឹង​លើក​ករណី​ព្រះវិហារ​នេះ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ជា​មុន ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​នេះ​សួរ​យោបល់​ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ឲ្យ​បក​ស្រាយ​អំពី​អ្វី​ដែល​ហៅ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ដោយ​ផ្អែក​លើ​ផែនទី​បារាំង-​សៀម​បន្សល់​ទុក។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ៖ «គេ​មិន​អាច​កំណត់​បាន​ថា នែ! ចង្កេះ​ភ្នំ​នេះ កំពូល​ភ្នំ​ទ្រព្យ ឬ​ក៏​វត្ត​កែវសិក្ខាគិរីស្វារៈ គេ​អត់​កំណត់​អ៊ីចឹង​បាន​ទេ គេ​ផ្អែក​លើ​ផែនទី​ដែល​បន្សល់​ទុក​ដោយ​បារាំង-​សៀម ហើយ​ដែល​អម​ជាមួយ​នឹង​អាហ្នឹង...»

គ្រូ​បង្រៀន​នៅ​ខេត្ត​ព្រះវិហារ​មួយ​រូប​ឈ្មោះ បេ នាង ថ្លែង​ថា លោក​មាន​ភាព​កក់​ក្តៅ​ច្រើន​ចំពោះ​គោល​បំណង​របស់​ប្រទេស​កម្ពុជា ដែល​លើក​យក​បញ្ហា​ព្រះវិហារ​ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ដោះស្រាយ។

លោក បេ នាង ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​គាំទ្រ​ហើយ​គំនិត​ដែល​ថា ទៅ​ដោះស្រាយ​នៅ​តុលាការ​អន្តរជាតិ។ បើ​សិន​ជា​យើង​ដោះស្រាយ​តាម​ផ្លូវ​នីតិ​វិធី​តុលាការ​អន្តរជាតិ អាហ្នឹង​វា​ល្អ​សម្រាប់​ភាគី​ខាង​យើង ព្រោះ​កាល​ពី​ជំនាន់​ឆ្នាំ​៦២ ដែល​សម្តេច សីហនុ តវ៉ា​កាល​ពី​ជំនាន់​នោះ យើង​ដាក់​ចូល​ក្នុង​ទីក្រុង​ឡាអេ។ អ៊ីចឹង​លទ្ធផល​កាល​ពី​មួយ​សា​នោះ យើង​បាន​ទទួល​ជោគជ័យ បើ​សិន​ជា​យើង​ដាក់​ចូល​ទីក្រុង​ឡាអេ​ដដែល ប្រាកដជា​យើង​ទទួល​បាន​ជោគជ័យ​ដូច​មុន​អ៊ីចឹង​ដែរ»

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា ខាង​ផ្លូវ​ច្បាប់​ភាគី​កម្ពុជា​មាន​ប្រៀប​ជាង​ភាគី​ថៃ ហើយ​ថា ប្រទេស​កម្ពុជា​ចង់​ចរចា​ដោយ​សន្តិ​វិធី​ទ្វេ​ភាគី ក៏​ប៉ុន្តែ​តែ​ឥឡូវ​នេះ ការ​ចរចា​ទ្វេ​ភាគី​នេះ​ទៅ​មុខ​លែង​រួច​ហើយ បន្ទាប់​ពី​បាន​ប្រជុំ​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​បី​ដង​រួច​មក៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I think the govt should not ask the ICJ to interpret the judgment but should request UNSC to enforce the judgment.

Feb 25, 2010 06:08 AM

គេហទំព័រ​ទាំងមូល