កម្ពុជា​ព្រួយ​បារម្ភ​ពី​ភាព​ចលាចល​នៅ​ប្រទេស​ថៃ

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​១៧ ឧសភា​នេះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត​ពី​ស្ថានការណ៍​ចលាចល និង​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​កំពុង​តែ​តានតឹង​ឡើង​ៗ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៤០​នាក់​នៅ​ក្នុង​អំពើ​ហិង្សា​ថ្មី​ៗ​នេះ។
ដោយ សុខ សេរី
2010-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បាតុករ​រុញ​កង់​ឡាន​ឆេះ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​១៥ ឧសភា ២០១០។
បាតុករ​រុញ​កង់​ឡាន​ឆេះ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​១៥ ឧសភា ២០១០។
AFP Photo

ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺ​នៅ​ស្រប​ពេល​ដែល​អគ្គលេខាធិការ​របស់​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន (Ban Kymoon) បាន​អំពាវនាវ​កាល​ពី​សប្ដាហ៍​ថ្មី​ៗ​នេះ​ឲ្យ​រដ្ឋាភិបាល​ថៃ​បញ្ឈប់​នូវ​អំពើ​ហិង្សា និង​ឲ្យ​ភាគី​ជម្លោះ​នានា​ដោះស្រាយ​ដោយ​សន្តិវិធី។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​អន្តរជាតិ ដូច​ជា ទូរទស្សន៍ BBC របស់​អង់គ្លេស, CNN របស់​អាមេរិក និង​ទូរទស្សន៍ Channel News Asia របស់​ប្រទេស​សិង្ហបុរី បាន​រាយការណ៍​អំពី​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ស្ទើរ​តែ​រៀងរាល់​ថ្ងៃ។ គេ​បាន​ពណ៌នា​ថា វា​មិន​មែន​ជា​ជម្លោះ​នយោបាយ​តែ​ប៉ុណ្ណោះ​ទេ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​វា​ជា​សង្គ្រាម​បែងចែក​វណ្ណៈ​ផង​ដែរ។

មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​អនុ​រដ្ឋលេខាធិការ លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ទី​មួយ ប្រទេស​ទាំង​ពីរ​ជា​ប្រទេស​ជិត​ខាង​គ្នា ហើយ​ជា​រដ្ឋ​អាស៊ាន​ដូច​គ្នា ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​អំពើ​ហិង្សា​ដែល​កំពុង​តែ​កើត​មាន​ឡើង​ស្រួចស្រាល់​ឡើង​ៗ នៅ​ក្នុង​ប្រទេស​ថៃ​នេះ ហើយ​ទី​២ រាជ​រដ្ឋាភិបាល​កម្ពុជា​គឺ​សុំ​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​នៅ​ប្រទេស​ថៃ ឲ្យ​ចាប់ផ្ដើម​ពិភាក្សា​គ្នា​ដោយ​សន្តិវិធី​ឡើង​វិញ រក​ដំណោះស្រាយ​បញ្ហា​នេះ។ ទី​៣ គឺ​ថា ប្រជាជន​កម្ពុជា​យើង​មាន​ប្រាថ្នា​តែ​មួយ​គត់ គឺ​ចង់​ឲ្យ​ប្រជាជន​ថៃ​ជា​មិត្ត រស់​នៅ​ក្នុង​សុខ សន្តិភាព​តែ​ប៉ុណ្ណោះ​ឯង!»

លោក​បាន​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ពុំ​មាន​កិច្ចការ​ចាំបាច់​ទៅ​កាន់​ប្រទេស​ថៃ​ទេ ក្រសួង​ការ​បរទេស​សុំ​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ចៀសវាង​នូវ​អំពើ​ហិង្សា​ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​នោះ។

សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​និយាយ​ថា កម្ពុជា​ជា​ប្រទេស​ជិត​ខាង និង​ជា​រដ្ឋ​សមាជិក​នៃ​សមាគម​អាស៊ាន មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃ ដែល​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​មុខ​មាត់​នៃ​អាស៊ាន​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​ស្ថានទូត​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សុំ​សេចក្ដី​ប្រតិកម្ម​នៅ​ជុំវិញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ប៉ុន្តែ​គ្មាន​មន្ត្រី​ស្ថានទូត​ថៃ​ណា​ម្នាក់​លើក​ទូរស័ព្ទ​ឆ្លើយ​ទេ។

លោក យឹម សុវណ្ណ មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ជា​ការ​ពិត វា​ប៉ះ​ពាល់​ដល់​ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ។ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​ថៃ​ទេ គឺ​ប៉ះ​ពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ»

សេចក្ដី​រាយ​ការណ៍​នានា​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​ឧសភា​នេះ បាន​ឲ្យ​ដឹង​ថា មនុស្ស​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​បាន​កើន​ឡើង​ដល់ ៣៥​នាក់​ហើយ​នៅ​ក្នុង​ទីក្រុង​បាងកក​នោះ។ រដ្ឋាភិបាល​ថៃ​កំពុង​តែ​មាន​ផែនការ​បោស​សំអាត​ក្រុម​បាតុករ​ថៃ​អាវ​ក្រហម ដែល​ទាមទារ​ឲ្យ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ចុះ​ចេញ​ពី​តំណែង រំលាយ​សភា និង​បោះ​ឆ្នោត​ជា​ថ្មី។ រដ្ឋាភិបាល​ថៃ​កំពុង​តែ​ដាក់​បម្រាម​គោចរ​នៅ​ក្នុង​ទីក្រុង​បាងកក។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា​កន្លង​ទៅ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ស្នើ​ទៅ​ប្រទេស​វៀតណាម​ឲ្យ​កោះ​ហៅ​ឲ្យ​មាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស​មួយ​ជា​បន្ទាន់ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ចលាចល និង​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ខណៈ​ប្រទេស​វៀតណាម​ជា​វេន​ប្រធាន​អាស៊ាន។ ប៉ុន្តែ​ភាគី​ថៃ​បាន​បដិសេធ​មក​កម្ពុជា​វិញ​ភ្លាម​ៗ​តាម​រយៈ​លោក​ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម លោក ផាម យ៉ាឃីម នៅ​ពេល​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល