សុខ អាន ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ប្រេស៊ីល

លោក សុខ អាន ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូល​រួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ យូណេស្កូ នៅ​ប្រទេស​ប្រេស៊ីល ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១០។
ដោយ ដែន អយុធ្យា
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៥-វិច្ឆិកា-០៩: លោក​ឧបនាយករដ្ឋមន្រ្តី សុខ អាន (រូប​កណ្ដាល) ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជុំវិញ​ការ​ប្រកាស​ហៅ​មន្រ្តី​ទូត​ខ្មែរ​​ឲ្យ​ចេញ​ពី​ប្រទេស​ថៃ នៅ​ទី​ស្ដីការ​គណៈរដ្ឋមន្រ្តី​ ក្នុង​រាជធានី​ភ្នំពេញ។
៥-វិច្ឆិកា-០៩: លោក​ឧបនាយករដ្ឋមន្រ្តី សុខ អាន (រូប​កណ្ដាល) ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជុំវិញ​ការ​ប្រកាស​ហៅ​មន្រ្តី​ទូត​ខ្មែរ​​ឲ្យ​ចេញ​ពី​ប្រទេស​ថៃ នៅ​ទី​ស្ដីការ​គណៈរដ្ឋមន្រ្តី​ ក្នុង​រាជធានី​ភ្នំពេញ។
RFA/Ayuthyea

លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កក្កដា​ថា បើ​សិន​ជា​ថៃ ហ៊ាន​លើក​យក​​បញ្ហា​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បេតិកភណ្ឌ​ពិភពលោក ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​មែន​នោះ កម្ពុជា​នឹង​ធ្វើការ​ឆ្លើយ​តប​វិញ និង​បាន​ត្រៀម​ឯកសារ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ដើម្បី​ទប់ទល់​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ និង​បាន​ឈ្នះ​ក្ដី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទី​ក្រុង​ឡាអេ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។

នៅ​មុន​កិច្ចប្រជុំ​នេះ​កើត​ឡើង ​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នាយក​រដ្ឋមន្ត្រី​ថៃ នៅ​ពេល​ថ្មីៗ​នេះ មាន​គម្រោង​បញ្ជូន​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន របស់​ខ្លួន​ឲ្យ​​ទៅ​ធ្វើ​ការ​ជំទាស់​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការ​បេតិកភណ្ឌ​ពិភព​លោក ​នៅ​ប្រទេស​ប្រេស៊ីល នៅ​ចុង​ខែ​កក្កដា និង​ដើម​ខែ​សីហា ឆ្នាំ​២០១០​នេះ ដោយសារ​ភាគី​ថៃ ​អះអាង​ថា កម្ពុជា​ និង​ថៃ ពុំ​ទាន់​បាន​ដោះស្រាយ​ព្រំដែន​ជាមួយ​គ្នា​បាន​ដាច់​ស្រេច​​​នៅ​ឡើយ។

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ទិត សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចាត់​ទុក​​ការ​ប៉ុនប៉ង​របស់​លោក អាភីស៊ិត ដែល​គ្រោង​ប្រើ​រដ្ឋមន្ត្រី​របស់​ខ្លួន​ទៅ​ជំទាស់​​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៤ នៅ​​ប្រទេស​ប្រេស៊ីល​ថា ជា​កំហុស​​ឆ្គង​យ៉ាង​ធ្ងន់ធ្ងរ​ ព្រោះ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ មាន​របៀប​វារៈ​ពិភាក្សា​តែ​លើ​កិច្ចការ​ការពារ​ថែ​ទាំ​ពី​វប្បធម៌​ ដោយ​ពុំ​មាន​ការ​ពិភាក្សា​លើ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ​នោះ​ទេ។

លោកបន្តថា ការប៉ុនប៉ង​ របស់​ថៃ​ ជំទាស់​នៅ​ក្នុង​កិច្ចប្រជុំ ​គឺបាន​បង្ហាញ​ឲ្យ​​​មតិ​អន្តរជាតិ ឃើញ​កាន់តែច្បាស់​ថា លោក​អាប់​ភី​ស៊ីត មិន​បាន​យល់​ពី​កិច្ច​អ្វី​ទាំងអស់។

លោក សុខ អាន ឲ្យ​ដឹង​ថា រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​បាន​ដាក់​បញ្ចូល​ក្នុង​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ រួម​មក កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ជា​ច្រើន ដូចជា​ការ​ស្ដារ​ប្រឡាយ​ទឹក សាងសង់​សារមន្ទីរ​វប្បធម៌ ភូមិ​ធម្មជាតិ​សម្តេច​តេជោ និង​ការ​កសាង​ផ្លូវ​ត​ភ្ជាប់​ជា​ច្រើន​ខ្សែ​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ​ជាដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល