កម្ពុជា​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​ឥត​សំណង​ពី​ជប៉ុន​សម្រាប់​គម្រោង​៤

ប្រទេស​កម្ពុជា​និង​ជប៉ុន​នៅ​១៨ មីនា បាន​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​ដើម្បី​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ប្រទេស​ជប៉ុន ៣១,៨​លាន​ដុល្លារ​អាមេរិក ដើម្បី​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​សំខាន់ៗ​ចំនួន​៤ រាប់​ទាំង​គម្រោង​ការ​សាងសង់​ស្ពាន​អ្នកលឿង នៅ​ក្នុង​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ផង​ដែរ។
ដោយ សុខ សេរី
2010.03.19
កម្ពុជា​ជប៉ុន​៣០៥ ១៨-មីនា-២០១០: ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង (ស្ដាំ) និង​ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន លោក ម៉ាសាហ្វូមី គូរូគី ក្នុង​អំឡុង​ពេល​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ជប៉ុន ក្នុង​ការ​ផ្ដល់​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​៤ នៅ​ក្រសួង​ការបរទេស ក្នុង​រាជ​ធានី​ភ្នំពេញ។
RFA/Sok Serey

ពិធី​ចុះ​ហត្ថលេខា​ទ្វេ​ភាគី​បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា រវាង​លោក ហោ ណាំហុង ជា​ឧប​នាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជាមួយ​នឹង​លោក ម៉ាសាហ្វូមី គូរូគី ជា​ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​មាន​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​មន្ត្រី​ស្ថានទូត​ជប៉ុន​មួយ​ចំនួន​បាន​ចូល​រួម​ផង។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជា​ឧប​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​នោះ​ថា ៖ «គម្រោង​ទី​១ គេ​សិក្សា​លម្អិត​បញ្ចប់​ការ​សាងសង់​ស្ពាន​អ្នក​លឿង។ ការ​សិក្សា​បញ្ចប់​នេះ គឺ​ប្រហែល​ក្នុង​រយៈ​ពេល​៣-​៤​ខែ គឺ​ការ​សាងសង់​ស្ពាន​អ្នក​លឿង​នឹង​ចាប់​ផ្ដើម គឺ​សម្រាប់​ផ្លូវ​ជាតិ​លេខ​១ ពី​ភ្នំពេញ​ទៅ​វៀតណាម ហាយវ៉េ​របស់​អាស៊ី (Asia high way)។ ស្ពាន​អ្នក​លឿង​នឹង​បម្រើ​ឲ្យ​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​រវាង​ថៃ​និង​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន សម្រួល​ការ​ដឹក​ជញ្ជូន។ គម្រោង​ទី​២ គឺ​សម្រាប់​ប្រើ​ថាមពល​ព្រះអាទិត្យ សម្រាប់​រោងចក្រ​ទឹក​ស្អាត គម្រោង​ទី​៣ សម្រាប់​ជួយ​ខាង​គ្រោះថ្នាក់​ធម្មជាតិ​ដែល​បណ្ដាល​មក​ពី​ការ​ផ្លាស់​ប្ដូរ​ធាតុអាកាស និង​គម្រោង​ទី​៤​ក៏​អ៊ីចឹង​ដែរ គឺ​សម្រាប់​ការ​ការពារ​ព្រៃ​ឈើ»

ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ម៉ាសាហ្វូមី គូរូគី បាន​មាន​ប្រសាសន៍​ថា  ជំនួយ​នេះ​មាន​សារប្រយោជន៍​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។

លោក​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ជប៉ុន រំពឹង​ទុក​ថា ជំនួយ​នេះ​បាន​រួម​ចំណែក​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​គម្រោង​ការ​សាងសង់​ស្ពាន​អ្នកលឿង​ខាង​មុខ​នេះ នឹង​រួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​ការ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​នានា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​តាម​ដង​ទន្លេ​មេគង្គ។

លោក អេង ឆៃអ៊ាង តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​អាត្ថាធិប្បាយ​ថា ៖ «ខ្ញុំ​មាន​ជំនឿ​ថា រដ្ឋាភិបាល​ជប៉ុន​ដែល​ជួយ​ដល់​ប្រទេស​កម្ពុជា ក៏​គិត​គូរ​ការ​អភិវឌ្ឍ​ពិត​ប្រាកដ មិន​ឲ្យ​មាន​ការ​អភិវឌ្ឍ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​ទេ ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ស្ពាន​អ្នក​លឿង​នេះ»

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​នានា​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​គម្រោង​ការ​សាងសង់​ស្ពាន​អ្នក​លឿង​ក្នុង​ពេល​ខាង​មុខ ៖ «ទី​១ គឺ​កាត់​បន្ថយ​ការ​ចំណាយ និង​មធ្យោបាយ​តាម​ឡាន​តាម​ម៉ូតូ គឺ​មាន​ភាព​ងាយ​ស្រួល ដូចជា​អ្នក​ជំងឺ​នៅ​អ្នកលឿង​មើល​អត់​កើត​ត្រូវ​យក​ទៅ​ភ្នំពេញ គឺ​ងាយ​ស្រួល ដូចជា​ស្ត្រី​ឆ្លង​ទន្លេ​មាន​ផ្ទៃ​ពោះ​ជាដើម ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ...»

ប្រទេស​កម្ពុជា​មាន​ស្ពាន​សំខាន់ៗ​ចំនួន​២​ហើយ ក្រោម​ជំនួយ​សាងសង់​ដោយ​ប្រទេស​ជប៉ុន ឆ្លង​កាត់​ទន្លេ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា រាប់​ទាំង​ស្ពាន គីស្សូណា នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ស្ពាន​ជ្រោយ​ចង្វារ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​បាន​ចំណាយ​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។