កម្ពុជា​មិន​ខ្វល់​​នឹង​ការ​​សន្យា​​​​ផ្ដល់​ប្រាក់​កម្ចី​របស់​ថៃ

មន្ត្រី​ថៃ​បាន​ប្រកាស​ថា នឹង​បន្ត​ផ្ដល់​ប្រាក់​កម្ចី​​របស់​ខ្លួន​ចំនួន​ជាង ៤០​លាន​ដុល្លារ​ដល់​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​​បាន​ផ្អាក​កាល​ពី ៩​ខែ​មុន ប៉ុន្តែ​មន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​សន្យា​របស់​ថៃ​នេះ​ទេ បញ្ហា​សំខាន់​​ដែល​កម្ពុជា និង​ថៃ​ត្រូវ​ធ្វើ គឺ​បញ្ចប់​វិបត្តិ​ព្រំដែន។
ដោយ យន់ សាមៀន
2010-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
ទាហាន​ខ្មែរ (ខាងស្ដាំ) អង្គុយ​ជាមួយ​ទាហាន​ថៃ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
RFA Photo/Savyouth

លោក កុយ គួង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​សីហា​ថា កម្ពុជា​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​សន្យា​របស់​ប្រទេស​ថៃ ដែល​ថា នឹង​បន្ត​​ប្រាក់​កម្ចី​របស់​ខ្លួន​ដើម្បី​កសាង​ផ្លូវ​របស់​កម្ពុជា​នោះ​ទេ ពីព្រោះ​ថៃ បាន​ផ្អាក​ប្រាក់​កម្ចី​នេះ​ដោយ​ខ្លួន​ឯង​កាល​ពី ៩​ខែ​មុន ក្រោយ​ពេល​ដែល​កម្ពុជា បាន​តែងតាំង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក កុយ គួង បន្ថែម​ថា បញ្ហា​ចំពោះ​មុខ​ដែល​ប្រទេស​ថៃ និង​កម្ពុជា​ត្រូវ​ដោះស្រាយ គឺ​ការ​បញ្ចប់​វិបត្តិ​ជម្លោះ​ព្រំដែន។

លោក​ឧប​នាយករដ្ឋមន្ត្រី​ថៃ ស៊ូថេប ថងស៊ុបាន (Suthep Thaugsuban) កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា បាន​សន្យា​ថា ថៃ​នឹង​បន្ត​ប្រាក់​កម្ចី​របស់​ខ្លួន​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៤២​លាន​ដុល្លារ ដើម្បី​ធ្វើការ​ជួសជុល​ផ្លូវ​លេខ​៦៨ ក្នុង​ខេត្ត​ឧត្តរមានជ័យ។

លោក កុយ គួង បន្ថែម​ថា លោក​មិន​គិត​ថា ការ​សន្យា​ផ្ដល់​កម្ចី​របស់​ថៃ នឹង​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ថៃ មាន​ទំនាក់​ទំនង​ធម្មតា​វិញ​នោះ​ទេ ហើយ​កម្ពុជា​នឹង​មិន​ស្វាគមន៍​ចំពោះ​ជំនួយ​ណា​ដែល​មាន​លក្ខខណ្ឌ​ភ្ជាប់​ទៅ​នឹង​ជំនួយ​នោះ​ទេ។

លោក កុយ គួង មាន​ប្រសាសន៍​ថា ៖ «បញ្ហា​សំខាន់​ដែល​កម្ពុជា​កំពុង​តែ​ផ្ដោត​ហ្នឹង គឺ​បញ្ហា​ព្រំដែន​ហ្នឹង គឺ​ថា ធ្វើ​យ៉ាង​ណា​កុំ​ពន្យារ​ពេល​បន្ត​ទៀត ព្រោះ​កម្ពុជា​រង់ចាំ​ទ្វេ​ភាគី​ហ្នឹង​យូរ​ល្មម​ហើយ។ បញ្ហា​ជំនួយ​សាងសង់​អភិវឌ្ឍ​តាម​ព្រំដែន​អី គឺ​ថា មុន​នឹង​អភិវឌ្ឍ​ត្រូវ​តែ​ឲ្យ​មាន​សុខ​សន្តិភាព​សិន»

លោក កុយ គួង បន្ត​ទៀត​ថា ប្រសិន​បើ​ថៃ​ចង់​ឲ្យ​ទំនាក់​ទំនង​កម្ពុជា និង​ថៃ​ធម្មតា​វិញ​នោះ ថៃ​ត្រូវ​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​ខ្លួន​ក្នុង​ទឹក​ដី​កម្ពុជា និង​ដក​កងទ័ព​របស់​ខ្លួន​ចំនួន ១០​នាក់​ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត​របស់​ខ្មែរ គឺ​វត្ត​កែវ​សិក្ខាគិរីស្វារៈ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ប្រាសាទ​ព្រះវិហារ។

ទំនាក់​ទំនង​ការទូត​របស់​កម្ពុជា និង​ថៃ ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​កាល​ទី​ថ្ងៃ​ទី​២៥ ខែ​សីហា ក្រោយ​ពេល​ដែល​កម្ពុជា និង​ថៃ បាន​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​រៀង​ៗ​ខ្លួន ទៅ​ប្រទេស​នីមួយៗ​ទៅ​វិញ​ទៅមក។ ថៃ​បាន​លើក​ឡើង​ថា ការ​ធ្វើ​ឲ្យ​ធម្មតា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការទូត​នេះ ដោយសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បាន​បញ្ចប់​តួនាទី​របស់​ខ្លួន​នៅ​កម្ពុជា។

កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) បាន​ដក​ស្រង់​សម្ដី ស៊ូថេប ថងស៊ុប៉ាន កាល​ទី​ថ្ងៃ​ទី​២៧ ខែ​សីហា បាន​ឲ្យ​ដឹង​ថា ជំនួយ​ប្រាក់​កម្ចី​របស់​ថៃ នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ជំនួយ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នេះ មាន​ទំនាក់ទំនង​ឡើង​វិញ​ផ្នែក​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគទុន។

កាសែត​បាងកក ប៉ុស្តិ៍ ក៏​បាន​ដក​ស្រង់​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajeva) ដែល​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​ថា លោក​សង្ឃឹម​ថា ដោយសារ​គ្មាន​វត្តមាន​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅ​កម្ពុជា ការ​ដោះស្រាយ​ភាព​ផ្សេង​ៗ​​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ​នឹង​មាន​ភាព​ងាយស្រួល​ជាង​មុន។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ថៃ កំពុង​ធ្វើ​ការ​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​កម្ពុជា និង​ថៃ ដើម្បី​ដោះស្រាយ​វិបត្តិ​ព្រំដែន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល