កម្ពុជាមិនខ្វល់នឹងការសន្យាផ្ដល់ប្រាក់កម្ចីរបស់ថៃ
2010.08.28
លោក កុយ គួង អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី២៨ ខែសីហាថា កម្ពុជាមិនបានចាប់អារម្មណ៍ចំពោះការសន្យារបស់ប្រទេសថៃ ដែលថា នឹងបន្តប្រាក់កម្ចីរបស់ខ្លួនដើម្បីកសាងផ្លូវរបស់កម្ពុជានោះទេ ពីព្រោះថៃ បានផ្អាកប្រាក់កម្ចីនេះដោយខ្លួនឯងកាលពី ៩ខែមុន ក្រោយពេលដែលកម្ពុជា បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ខ្លួន។
លោក កុយ គួង បន្ថែមថា បញ្ហាចំពោះមុខដែលប្រទេសថៃ និងកម្ពុជាត្រូវដោះស្រាយ គឺការបញ្ចប់វិបត្តិជម្លោះព្រំដែន។
លោកឧបនាយករដ្ឋមន្ត្រីថៃ ស៊ូថេប ថងស៊ុបាន (Suthep Thaugsuban) កាលពីថ្ងៃទី២៧ ខែសីហា បានសន្យាថា ថៃនឹងបន្តប្រាក់កម្ចីរបស់ខ្លួនដែលមានទឹកប្រាក់ប្រមាណ ៤២លានដុល្លារ ដើម្បីធ្វើការជួសជុលផ្លូវលេខ៦៨ ក្នុងខេត្តឧត្តរមានជ័យ។
លោក កុយ គួង បន្ថែមថា លោកមិនគិតថា ការសន្យាផ្ដល់កម្ចីរបស់ថៃ នឹងអាចធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ មានទំនាក់ទំនងធម្មតាវិញនោះទេ ហើយកម្ពុជានឹងមិនស្វាគមន៍ចំពោះជំនួយណាដែលមានលក្ខខណ្ឌភ្ជាប់ទៅនឹងជំនួយនោះទេ។
លោក កុយ គួង មានប្រសាសន៍ថា ៖ «បញ្ហាសំខាន់ដែលកម្ពុជាកំពុងតែផ្ដោតហ្នឹង គឺបញ្ហាព្រំដែនហ្នឹង គឺថា ធ្វើយ៉ាងណាកុំពន្យារពេលបន្តទៀត ព្រោះកម្ពុជារង់ចាំទ្វេភាគីហ្នឹងយូរល្មមហើយ។ បញ្ហាជំនួយសាងសង់អភិវឌ្ឍតាមព្រំដែនអី គឺថា មុននឹងអភិវឌ្ឍត្រូវតែឲ្យមានសុខសន្តិភាពសិន»។
លោក កុយ គួង បន្តទៀតថា ប្រសិនបើថៃចង់ឲ្យទំនាក់ទំនងកម្ពុជា និងថៃធម្មតាវិញនោះ ថៃត្រូវបញ្ចប់ការឈ្លានពានរបស់ខ្លួនក្នុងទឹកដីកម្ពុជា និងដកកងទ័ពរបស់ខ្លួនចំនួន ១០នាក់ ដែលកំពុងស្នាក់នៅក្នុងវត្តរបស់ខ្មែរ គឺវត្តកែវសិក្ខាគិរីស្វារៈ ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រប៉ុណ្ណោះពីប្រាសាទព្រះវិហារ។
ទំនាក់ទំនងការទូតរបស់កម្ពុជា និងថៃ ត្រូវធ្វើឲ្យប្រសើរឡើងវិញកាលទីថ្ងៃទី២៥ ខែសីហា ក្រោយពេលដែលកម្ពុជា និងថៃ បានបញ្ជូនឯកអគ្គរាជទូតរៀងៗខ្លួន ទៅប្រទេសនីមួយៗទៅវិញទៅមក។ ថៃបានលើកឡើងថា ការធ្វើឲ្យធម្មតាឡើងវិញនូវទំនាក់ទំនងការទូតនេះ ដោយសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបញ្ចប់តួនាទីរបស់ខ្លួននៅកម្ពុជា។
កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) បានដកស្រង់សម្ដី ស៊ូថេប ថងស៊ុប៉ាន កាលទីថ្ងៃទី២៧ ខែសីហា បានឲ្យដឹងថា ជំនួយប្រាក់កម្ចីរបស់ថៃ នឹងត្រូវចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ហើយជំនួយនេះនឹងធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរនេះ មានទំនាក់ទំនងឡើងវិញផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគទុន។
កាសែតបាងកក ប៉ុស្តិ៍ ក៏បានដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajeva) ដែលបានមានប្រសាសន៍កាលពីថ្ងៃទី២៥ ខែសីហាថា លោកសង្ឃឹមថា ដោយសារគ្មានវត្តមានរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅកម្ពុជា ការដោះស្រាយភាពផ្សេងៗគ្នារវាងប្រទេសទាំងពីរនេះនឹងមានភាពងាយស្រួលជាងមុន។ លោកបន្ថែមថា រដ្ឋាភិបាលថៃ កំពុងធ្វើការស្ដារឡើងវិញនូវទំនាក់ទំនងកម្ពុជា និងថៃ ដើម្បីដោះស្រាយវិបត្តិព្រំដែន៕