កម្ពុជា​ឈប់​លក់​ខ្សាច់​ឲ្យ​ប្រទេស​សិង្ហបុរី

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ប្រកាស​​​ថា កម្ពុជា​ឈប់​លក់​ខ្សាច់​ឲ្យ​ប្រទេស​សិង្ហបុរី​ទៀត​ហើយ ដោយសារ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សិង្ហបុរី មាន​ការ​​កើន​ឡើង។
ដោយ យន់ សាមៀន
2010.07.29
បូម​ខ្សាច់​កណ្ដាល​៣០៥ ៦-មិថុនា-២០១០: សកម្មភាព​សាឡង់​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​មេគង្គ ស្ថិត​នៅ​មុខ​ភូមិ​ចុងកោះ ឃុំ​កោះឧកញ៉ាតី ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។
RFA/Sek Bandith

ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា​ថា កម្ពុជា​នឹង​មិន​លក់​ខ្សាច់​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី​ទៀត​ទេ ដោយសារ​ពាណិជ្ជកម្ម​កម្ពុជា និង​សិង្ហបុរី បាន​កើន​ឡើង​ទៅ​ដល់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង ៦​ខែ​ដើម​ឆ្នាំ​២០១០។

អង្គការ​ការពារ​បរិស្ថាន និង​គណបក្ស​ប្រឆាំង បាន​ស្វាគមន៍​ចំពោះ​ការ​បញ្ឈប់​លក់​ខ្សាច់​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី ពីព្រោះ​កន្លង​មក​ឧស្សាហកម្ម​បូម​ខ្សាច់​ទៅ​លក់​ឲ្យ​ប្រទេស​នេះ បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ផ្នែក​បរិស្ថាន​ឆ្នេរ​ខ្សាច់ និង​ការ​គំរាម​កំហែង​មច្ឆា​ជាតិ និង​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ត្រូវការ​រក​ថវិកា​តាម​រយៈ​នៃ​ការ​លក់​ខ្សាច់​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី​ទេ ពីព្រោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កើន​ឡើង​ជា​លំដាប់។

លោក ហោ ណាំហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​យល់​ឃើញ​ថា មិន​ចាំបាច់​នាំ​ខ្សាច់​ទៅ​សិង្ហបុរី​ទេ (ព្រោះ) ពាណិជ្ជកម្ម​យើង​បាន​កើន​ឡើង​ជា ១​ពាន​លាន​ដុល្លារ ហើយ​ខ្ញុំ​សង្ឃឹម​ថា ទៅ​ថ្ងៃ​មុខ​នឹង​កើន​ឡើង​ទៀត ដោយ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម...»

អង្គការ​គ្លបលវីនេស (Global Witness) កាល​ពី​ខែ​ឧសភា បាន​ផ្សាយ​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា តម្រូវ​ការ​ខ្សាច់​របស់​ប្រទេស​សិង្ហបុរី​ពី​កម្ពុជា បាន​គំរាម​កំហែង​ប្រព័ន្ធ​ជីវៈ​ចម្រុះ និង​ការ​ធ្វើ​ឲ្យ​ខូច​ខាត​អភិបាលកិច្ច​ល្អ។ របាយការណ៍​នេះ បាន​បង្ហាញ​ពី​ឧស្សាហកម្ម​បូម​ខ្សាច់​ដែល​គ្មាន​របៀប​រៀប​រយ​នៅ​កម្ពុជា ដោយសារ​តម្រូវការ​ខ្ពស់​របស់​ប្រទេស​សិង្ហបុរី។ ការ​បូម​ខ្សាច់​នៅ​តែ​បន្ត​បើ​ទោះ​បី​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ក៏ដោយ។

អង្គការ​គ្លបលវីនេស បាន​រក​ឃើញ​ថា ឧស្សាហកម្ម​បូម​ខ្សាច់​នេះ​ត្រូវ​បាន​ត្រួតត្រា​ដោយ​ព្រឹទ្ធ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ម៉ុង ឫទ្ធី និង​លោក លី យ៉ុងផាត់ ដែល​ធ្វើ​ឲ្យ​មាន​សំណួរ​លើក​ឡើង​អំពី​អំពើ​ពុករលួយ​ខ្ពស់។ សមាជិក​ទាំង​ពីរ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​គ្លបលវីនេស។

មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ​គ្លបលវីនេស លោក ចច បូដិន (George Boden) បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ពុធ ទី​២៨ កក្កដា​ថា លោក​ស្វាគមន៍​ចំពោះ​ការ​បញ្ឈប់​លក់​ខ្សាច់​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី ពីព្រោះ​កន្លង​មក​មាន​អ្នក​នេសាទ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ខ្សត់​ត្រី។ លោក​ថា ការ​បញ្ឈប់​នេះ​អាច​មាន​លក្ខណៈ​ពីរ​យ៉ាង មួយ​គឺ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ចោទ​ប្រកាន់ ហើយ​មួយ​ទៀត គឺ​ប្រទេស​សិង្ហបុរី យល់​ដឹង​ពី​ការ​បំផ្លាញ​បរិស្ថាន។

លោក ចច បូដិន មាន​ប្រសាសន៍​ដូច្នេះ ៖ “ការ​កាត់​បន្ថយ​ពាណិជ្ជកម្ម​ខ្សាច់​ដែល​អាច​ក្លាយ​ជា​ការ​បំផ្លាញ។ វា​ជា​ការ​បង្ហាញ​ថា កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កង្វល់​ផ្នែក​បរិស្ថាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មិន​បាន​ផ្លាស់​ប្ដូរ​ការ​ពិត​ចំពោះ​ឧស្សាហកម្ម​នៅ​កម្ពុជា​ទេ។ អ្វី​ដែល​យើង​កំពុង​មើល​ឃើញ គឺ​ការ​ខ្វះ​តម្លាភាព​ក្នុង​ការ​បែង​ចែក​សម្បទាន​ពាណិជ្ជកម្ម​ក្នុង​វិស័យ​រុក​រក​រ៉ែ ដី​ចម្ការ និង​ការ​បូម​ខ្សាច់។ យើង​មិន​ឃើញ​មាន​តម្លាភាព​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងយល់​ចំពោះ​ថវិកា​ដែល​បាន​មក​ពី​ឧស្សាហកម្ម​ទាំង​នោះ​ចូល​ក្នុង​ថវិកា​ជាតិ​ទេ។ នេះ​គឺ​ជា​អ្វី​ដែល​យើង​នៅ​មាន​កង្វល់"

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​កក្កដា​ថា ប្រទេស​កម្ពុជា ត្រូវ​តែ​បញ្ឈប់​ការ​បូម​ខ្សាច់ ដោយ​មិន​ត្រូវ​ចាំ​ទាល់​តែ​មាន​ពាណិជ្ជកម្ម​ទេ។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង (ការ​បូម​ខ្សាច់) វា​ប៉ះពាល់​ទៅ​ដល់​បរិស្ថាន ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ណាស់ ជាពិសេស​គឺ​បរិស្ថាន​ហ្នឹង​តែម្ដង ហើយ​បើ​សិន​ជា​យើង​នៅ​តែ​បន្ត​ត​ទៅ​ទៀត វា​នឹង​អាច​គ្រោះ​ថ្នាក់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​យក​ខ្សាច់ ឬ​ជុំវិញ​តំបន់​យក​ខ្សាច់​ហ្នឹង»

ប្រទេស​សិង្ហបុរី បាន​បង្កើន​ផ្ទៃ​ដី​របស់​ខ្លួន​ចំនួន ២២% តាំង​ពី​ទសវត្សរ៍​១៩៦០ ហើយ​នៅ​ឆ្នាំ​២០០៨ ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ធំ​ជាង​គេ​ក្នុង​ការ​នាំ​ចូល​ខ្សាច់។ ប្រទេស​សិង្ហបុរី​ទទូច​ថា ការ​នាំ​ចូល​ខ្សាច់​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ហើយ​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំ​ខ្សាច់​គោរព​ច្បាប់​របស់​ប្រទេស​នោះ។ ប៉ុន្តែ​អង្គការ​គ្លបលវីនេស បាន​បង្ហាញ​ថា ការ​ត្រួត​ពិនិត្យ​ការ​គោរព​ច្បាប់​របស់​ក្រុមហ៊ុន​ទាំង​នោះ មិន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ ពិសេស​ជាង​នេះ​ទៅ​ទៀត ធនធាន​ធម្មជាតិ​របស់​កម្ពុជា មិន​ត្រូវ​បាន​គ្រប់គ្រង​ត្រឹមត្រូវ ហើយ​ធនធាន​ទាំង​នោះ​គ្រប់គ្រង​ដោយ​អ្នក​នយោបាយ​សំខាន់ៗ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 28, 2010 06:18 PM

Yes, Hun Sen now recognize Global Witness'report!