ទិសដៅ​និង​សកម្មភាព​របស់​ចលនា​ស្ត្រី​ខ្មែរ

បន្ទាប់​ពី​តុលាការ​កាត់​ទោស​ឲ្យ​លោកស្រី មូរ សុខហួរ ចាញ់​ក្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួច​មក បាន​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​រួម​គ្នា​បង្កើត​ជា​ចលនា​មួយ​ឈ្មោះ​ថា "ក្រុម​ចលនា​ស្ត្រី​ខ្មែរ" ដែល​មាន​សមាស​ភាព​ជា​ស្ត្រី​ភេទ មាន​ការងារ និង​វ័យ​ខុស​គ្នា តែ​មាន​គោល​បំណង​តែមួយ។
ដោយ កែវ និមល
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្រ្តី​ខ្មែរ​មាន​ចំនួន​ប្រមាណ ៧០​នាក់ ដែល​តំណាង​ឲ្យ​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់ បាន​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រកាស​ជា​សាធារណៈ​ឲ្យ​ដឹង​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ និង​ការ​គោរព​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា។

នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​នោះ ក្រុម​ចលនា​ស្ត្រី​ខ្មែរ​បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ ដែល​មាន​ខ្លឹម​សារ​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើក​កម្ពស់​តួនាទី​ស្ត្រី និង​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ លើក​កម្ពស់​សិទ្ធិ​ស្ត្រី លើក​កម្ពស់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​លើក​កម្ពស់​ប្រព័ន្ធ​តុលាការ​មួយ​ដែល​យុត្តិធម៌។

ក្រុម​ចលនា​ស្ត្រី​ខ្មែរ បាន​អះអាង​ថា ពួកគេ​មាន​បណ្ដាញ​ទំនាក់​ទំនង​ការងារ និង​មាន​សមាជិក​ចលនា​ជា​កម្មករ កម្មការិនី អ្នក​ប្រកប​របរ​ផ្លូវ​ភេទ ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ សមាជិក​សហគមន៍ អ្នក​រត់​ម៉ូតូ​ឌុប អាជីវករ សិស្ស និស្សិត អ្នក​ដឹក​នាំ​ចលនា​សហជីព គ្រូ​បង្រៀន មន្ត្រី​រាជការ បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល។

កញ្ញា ច្រឹក សុភា ជា​សកម្មជន​មួយ​រូប​របស់​ចលនា​ស្ត្រី​ខ្មែរ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ កក្កដា ឲ្យ​ដឹង​ថា ចលនា​នេះ​មាន​សកម្មភាព​តាម​ទម្រង់​ស្ម័គ្រ​ចិត្ត និង​មិន​ទាន់​មាន​រចនា​សម្ព័ន្ធ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

កញ្ញា ច្រឹក សុភា បាន​រៀបរាប់​ឲ្យ​ដឹង​អំពី​គោលដៅ​នៃ​ចលនា​ស្ត្រី​ខ្មែរ​នេះ​ថា ៖ «នឹង​ប្រកាស​ឲ្យ​គេ​ដឹង​ថា បណ្ដាញ​ចលនា​ស្ត្រី​ខ្មែរ​ហ្នឹង​គឺ​បង្កើត​ហើយ ហើយ​យើង​នឹង​ធ្វើ​ការ​បន្ត​ទៅ​ទៀត ជុំវិញ​បញ្ហា​អយុត្តិធម៌ ជា​ពិសេស​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ទទួល​បាន​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ។ ការ​ដែល​យើង​ធ្វើ​នេះ​មិន​មែន​គាំទ្រ​តែ​លោកស្រី មូរ សុខហួរ ទេ ប៉ុន្តែ​យើង​ចង់​បង្ហាញ​ថា យើង​គាំទ្រ​ស្ត្រី​ផ្សេង​ទៀត​ដែល​គាត់​មាន​បញ្ហា ហើយ​គាត់​ហ៊ាន​និយាយ​ចេញ​ដូច​ជា​លោកស្រី មូរ សុខហួរ»

ជាមួយ​នោះ​ដែរ កញ្ញា ច្រឹក សុភា បាន​រៀបរាប់​អំពី​របៀប​របប​ការងារ​របស់​ចលនា​ស្រ្តី​កម្ពុជា ក្នុង​ការ​ប្រមូល​ផ្តុំ និង​ជួប​ជុំ​គ្នា​ថា ៖ «តាម​ពិត​នៅ​ស្រុក​យើង​អ៊ីចឹង គឺ​ជា​ទូទៅ​ធ្វើ​អ្វី​បាន​ទាល់​តែ​មាន​អ្នក​រៀបចំ ហើយ​ភាគ​ច្រើន​គេ​សួរ​រហូត​ដល់​ថា ធ្វើ​អី​បាន​ទាល់​តែ​មាន​លុយ។ ខ្ញុំ​គិត​ថា ត្រូវ ប៉ុន្តែ​ការ​ធ្វើ​របស់​យើង​នេះ​យើង​មាន​មែន ប៉ុន្តែ​មិន​មែន​ម្នាក់ៗ​ទេ ក្រុម​ស្នួល​ហ្នឹង​មាន​ប្រហែល​ជា ១០​នាក់ ដែល​មាន​បទពិសោធន៍​ផ្សេងៗ​គ្នា ស្ថានភាព​ផ្សេងៗ​គ្នា...»

ស្ត្រី​មួយ​រូប​ទៀត ឈ្មោះ នាង សុវ៉ាតនា ដែល​ជា​សកម្មជន​របស់​ចលនា​ស្ត្រី​ខ្មែរ និង​ជា​និស្សិត បាន​រៀបរាប់​អំពី​សកម្មភាព​របស់​ចលនា​ថា ៖ «ដើម​កំណើត​ក្រុម​ចលនា​ស្ត្រី​ហ្នឹង គឺ​យើង​ជួប​គ្នា​ក្នុង​នាម​មិត្ត​ភក្ដិ ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ជា​សង្គម​ស៊ីវិល​ផង ដែល​ជា​ស្ត្រី​ហ្នឹង យើង​ជួប​ជជែក​គ្នា​ទៅ យើង​មើល​ឃើញ​ថា យើង​ដូច​ជា​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ យើង​ក៏​ចាប់​ផ្ដើម ប៉ុន្តែ​យើង​អត់​មាន​បាន​រៀបចំ​ជា​រចនាសម្ព័ន្ធ​អី​ទេ គឺ​ដោយសារ​តែ​យើង​មាន​ពេល​តិច។ យើង​ធ្វើ​ការ​ផ្សេងៗ​គ្នា​ផង យើង​រៀន​ខ្លួន​យើង​ផង...»

នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា កន្លង​ទៅ​នេះ​ដែរ ចលនា​ស្រ្តី​ខ្មែរ​បាន​ប្រកាស​ថា បាន​រៃ​អង្គាស​ប្រាក់​ពី​សមាជិក និង​អ្នក​គាំទ្រ​ចលនា​បាន​ប្រាក់​ចំនួន ១៣​លាន​៨​សែន​រៀល ដើម្បី​ជូន​លោកស្រី មូរ សុខហួរ សម្រាប់​បង់​តាម​ការ​ពិន័យ​របស់​តុលាការ សម្រេច​ចូល​ក្នុង​ថវិកា​ជាតិ និង​បង់​ជំងឺ​ចិត្ត​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

កញ្ញា នាង សុវ៉ាតនា បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ការ​រៃ​អង្គាស​ប្រាក់​ជូន​លោកស្រី មូរ សុខហួរ នោះ​មិន​មាន​ន័យ​ថា ចលនា​ស្ត្រី​ខ្មែរ​នេះ​គាំទ្រ​គណបក្ស សម រង្ស៊ី នោះ​ទេ។

កញ្ញា នាង សុវ៉ាតនា ឲ្យ​ដឹង​ដូច្នេះ ៖ «និយាយ​ទៅ​ ពួក​ខ្ញុំ​ខ្លាច​ការ​អនុវត្ត​ច្បាប់​ជាក់​ស្ដែង ប៉ុន្តែ​ដោយសារ​តែ​យើង​ជា​និស្សិត​មហាវិទ្យាល័យ យើង​បាន​អាន​នូវ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យើង យើង​បាន​មើល​កម្រិត​ថា យើង​ធ្វើ​បាន​ប៉ុណ្ណា។ ខ្ញុំ​ខ្លួន​ឯង​ជា​និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ ហើយ​ខ្ញុំ​បាន​រៀន​មេរៀន​ពី​លទ្ធិ​ប្រជាធិបតេយ្យ ខ្ញុំ​បាន​អាន​រដ្ឋធម្មនុញ្ញ​របស់​យើង អ៊ីចឹង​ខ្ញុំ​ឃើញ​ថា មាត្រា​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​សកម្មភាព​ដែល​យើង​អាច​ធ្វើ​បាន...។ ពួក​យើង​មិន​បាន​រំលោភ​សិទ្ធិ​អ្នក​ដទៃ​ទេ យើង​មិន​បាន​បង្ខំ​គេ ឬ​មាន​ការ​បង្គាប់​បញ្ជា​ពី​គណបក្ស​នយោបាយ​ណា​មួយ​ទេ...»

លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ចលនា​នេះ​មាន​លក្ខណៈ​នយោបាយ និង​មិន​តំណាង​ឲ្យ​ស្ត្រី​នៅ​ទូទាំង​ប្រទេស​ឡើយ។

លោក ទិត សុធា មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​តាម​ការ​ប្រកាស​របស់​លោកជំទាវ មូរ សុខហួរ គឺ​មាន​លក្ខណៈ​ជា​នយោបាយ ពីព្រោះ​បង្កើត​ឡើង​ក្រោយ​ពេល​ដែល​លោកជំទាវ មូរ សុខហួរ ចាញ់​ក្ដី​សម្ដេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បរិហារ​កេរ្តិ៍»

អ្នក​សម្រប​សម្រួល​ចលនា​ស្ត្រី​ខ្មែរ បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ ចលនា​ស្ត្រី​ខ្មែរ​ធ្លាប់​បាន​ប្រជុំ​គ្នា និង​បាន​ចេញ​ផ្សាយ​របាយការណ៍​ជា​ផ្លូវការ​ចំនួន ៣​ដង​ហើយ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I appreciate with this work of Khmer women and the speech of Ms Sovatna. May I know her email address?

Jul 29, 2010 12:09 PM

គេហទំព័រ​ទាំងមូល