ក្រសួង​ការ​បរទេស​ខ្មែរ​៖ ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​មាន​ចេតនា​បង្ក​រឿង

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​១៧ កក្កដា​នេះ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថ្មី​មួយ​ទៀត ដែល​កាសែត​ថៃ​ឈ្មោះ The Nation បាន​ចុះ​ផ្សាយ​ថា មេ​ដឹកនាំ​ភេរវករ​ថៃ​អាវ​ក្រហម​កំពុង​តែ​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​មន្ត្រី​កម្ពុជា​រូប​នោះ​បាន​ហៅ​ការ​ចុះ​ផ្សាយ​នេះ​ថា​ជា​ការ​មិន​ពិត និង​មាន​ចេតនា​បង្ក​រឿង។
ដោយ សុខ សេរី
2010-07-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១០-មេសា-២០១០: ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុករ អំឡុង​ពេល​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ។
១០-មេសា-២០១០: ក្រុម​បាតុករ​អាវ​ក្រហម​ដែល​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុករ អំឡុង​ពេល​បន្ត​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ។
AFP/ROSLAN RAHMAN

មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ជា​អនុ​រដ្ឋលេខាធិការ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​នេះ ថា ៖ «សូម្បីតែ​ស្រមោល​របស់​លោក អារីស្មាន់ ផងរ៉ុងរ៉ង ក៏​មិន​មាន​នៅ​ក្នុង​កម្ពុជា​ផង​ដែរ។ ជា​ពិសេស​នៅ​តាម​ច្រក​ចេញ​ចូល​អន្តរជាតិ កម្ពុជា​ថៃ ក៏​មិន​មាន​ឈ្មោះ អារីស្មាន់ ផងរ៉ុងរ៉ង ឆ្លង​កាត់​ដែរ រហូត​មក​ដល់​ពេល​នេះ!»

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នេះ គឺ​ក្រោយ​ពេល​ដែល​កាសែត​ថៃ​ឈ្មោះ The Nation បាន​ចុះ​ផ្សាយ​កាល​ពី​ថៃ្ង​១៦ ខែ​កក្កដា​ថ្មី​ៗ​នេះ បង្ហាញ​ថា មេ​ដឹកនាំ​បាតុករ​ថៃ​អាវ​ក្រហម​សង្ស័យ​ថា​ជា​មេ​ភេរវករ​ឈ្មោះ អារីស្មាន់ ផងរ៉ុងរ៉ង កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក កុយ គួង អនុ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា។
លោក កុយ គួង អនុ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា។ Photo supplied

ការ​ចុះ​ផ្សាយ​នេះ​គឺ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​មេ​ដឹកនាំ​បាតុករ​អាវ​ក្រហម​ថៃ​ម្នាក់ ឈ្មោះ ស៊ូឆៃ រ៉ងភាវ៉ារ័ត្ន ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្រោម​បទ​សង្ស័យ​ថា​ជា​មេ​ភេរវករ​បោក​គ្រាប់​បែក​នៅ​ក្នុង​ប្រទេស​ថៃ​កន្លង​មក។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ដែល​បាន​រៀបចំ​បាតុកម្ម​មិន​បាន​សម្រេច​ក្នុង​ការ​ប្រារព្ធ​ទិវា​ចង​កំហឹង និង​បញ្ចេញ​ឆន្ទៈ​ស្នេហា​ជាតិ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ​គម្រប់ ២​ឆ្នាំ​ថ្មី​ៗ​នេះ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចោទ​ប្រកាន់​នានា​របស់​ថៃ។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «ការ​ដែល​លើក​ឡើង​របស់​ភាគី​សៀម វា​គ្រាន់​តែ​ជា​លក្ខណៈ​បង្ក​ឲ្យ​ស្ថានភាព​ហ្នឹង​កាន់​តែ​ខ្លាំង​ទៅ​ៗ ហើយ​យើង​ឃើញ​គោល​បំណង​សៀម មិន​ដែល​ថា លះបង់​ពី​មហិច្ឆតា​មក​លើ​កម្ពុជា​ទេ»

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា​ថ្មី​ៗ​នេះ អាជ្ញាធរ​នគរបាល​កម្ពុជា​បាន​ចាប់​បញ្ជូន​ជនជាតិ​ថៃ ២​នាក់​ប្តី​ប្រពន្ធ​ទៅ​កាន់​ប្រទេស​ថៃ​វិញ នៅ​គ្រា​ដែល​អាជ្ញាធរ​ថៃ​កំពុង​តែ​ស្វែងរក​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​បោក​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង​បាងកក​កន្លង​មក។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ពណ៌នា​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល