មេ​ទ័ព​ខ្មែរ​៖ កម្ពុជា​ត្រៀម​កម្លាំង​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​នឹង​ថៃ

មេ​ទ័ព​ខ្មែរ​ព្រមាន​ឆ្លើយ​តប​ចំពោះ​ការ​ចូល​ឈ្លានពាន ឬ​ការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ណា​មួយ​ពី​សំណាក់​កងទ័ព​ថៃ​មក​លើ​​បូរណភាព​ទឹក​ដី​កម្ពុជា។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​ត្រៀម​កង​ទ័ព ប្រសិន​ជម្លោះ​ព្រំដែន​មិន​ទាន់​ស្ងប់ស្ងាត់​នោះ។
ដោយ ដែន អយុធ្យា
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ឧត្តមសេនីយ៍ ស្រី ឌឹក (រូប​ខាង​មុខ) ដឹកនាំ​ឧត្ដមសេនីយ៍​និង​មេបញ្ជាការ​ខ្មែរ​ថៃ​ទៅ​កាន់​វត្ត​មួយ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០០៨។
លោក​ឧត្តមសេនីយ៍ ស្រី ឌឹក (រូប​ខាង​មុខ) ដឹកនាំ​ឧត្ដមសេនីយ៍​និង​មេបញ្ជាការ​ខ្មែរ​ថៃ​ទៅ​កាន់​វត្ត​មួយ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៦ តុលា ២០០៨។
AFP Photo

លោក​ឧត្ដម​សេនីយ៍​ឯក ឈុំ សុជាត រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា មាន​ប្រសាសន៍​ខ្លី​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ មន្ត្រី​យោធា​កម្ពុជា​បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់​មួយ ដើម្បី​​​ឆ្លើយ​តប​ចំពោះ​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ថា កង​ទ័ព​ថៃ​បាន​ត្រៀម​ការពារ​អធិបតេយ្យ​ខ្លួន ប្រសិន​វិវាទ​ព្រំដែន​មិន​ទាន់​ស្ងប់ស្ងាត់។

មេ​បញ្ជាការ​កង​ទ័ព​កម្ពុជា​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដម​សេនីយ៍ ស្រី ឌឹក មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ ថា កង​ទ័ព​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​​​តាម​គ្រប់រូប​ភាព ចំពោះ​ការ​ទន្ទ្រាន​ឈ្លានពាន​ពី​សត្រូវ​ណា​មួយ រំលោភ​មក​លើ​ទឹក​ដី​កម្ពុជា​ពី​​ប្រទេស​ជិត​ខាង។ លោក​ឧត្ដម​សេនីយ៍​អះអាង​ដូច្នេះ បន្ទាប់​ពី​មាន​ដំណឹង​មក​ថា ប្រទេស​ថៃ​បាន​ត្រៀម​ខ្លួន​ការពារ​ព្រំដែន​របស់​គេ បើ​សិន​ជា​វិវាទ​ព្រំដែន​មិន​ស្ងប់ស្ងាត់​នោះ។

លោក​ឧត្ដម​សេនីយ៍ ស្រី ឌឹក មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យល់​ថា ការ​ប្រកាស​របស់​ថៃ​ជា​រឿង​របស់​គេ​ទៅ! ខ្ញុំ​មិន​ឈឺ​ក្បាល​ទេ! ខ្ញុំ​ដឹង​ថា តែ​ចូល ខ្ញុំ​វ៉ៃ​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​បទបញ្ជា​មាន​រួច​អស់​ហើយ...»

ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ដក​ស្រង់​សម្ដី​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) មក​ចុះ​ផ្សាយ​ថា កង​ទ័ព​ជើង​គោក​ថៃ​បាន​ត្រៀម​ការពារ​អធិបតេយ្យ​ខ្លួន បើ​សិន​មាន​គេ​បំពាន បន្ទាប់​ពី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស ប្រាវិទ វង្សសុវណ្ណ រួច​មក។

ទោះ​យ៉ាង​នេះ​ក្តី លោក​ឧត្ដម​សេនីយ៍ ស្រី ឌឹក បាន​សង្កត់​ធ្ងន់​ថា កង​ទ័ព​កម្ពុជា​មាន​កម្លាំង​គ្រប់គ្រាន់​ឆ្លើយ​តប​ការ​ឈ្លានពាន​របស់​សត្រូវ​ចូល​រំលោភ​មក​លើ​ទឹក​ដី​នៃ​អធិបតេយ្យ​ប្រទេស​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ថៃ ជុំវិញ​សង្គ្រាម​ពាក្យ​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ទៅ​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១០ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយក​រដ្ឋមន្ត្រី​ថៃ បាន​ប្ដេជ្ញា​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ថៃ នៅ​គ្រា​កម្ពុជា​ត្រៀម​ប្រគល់​ផែនការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ និង​តំបន់​ជុំ​វិញ​ទៅ​កាន់​អង្គ​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​ប្រេស៊ីល។

បន្ទាប់​មក​លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ព្រមាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ថា ប្រទេស​ថៃ​នឹង​ពិនិត្យ​សើរើ​សមាជិក​ភាព​របស់​ខ្លួន ដែល​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ ប្រសិន​គណៈកម្មាធិការ​នេះ​សម្រេច​ដាក់​បញ្ចូល​គម្រោង​គ្រប់គ្រង​ថែ​រក្សា និង​អភិរក្ស​តំបន់​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​នោះ។

ប្រតិកម្ម​តប​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រមុខ​ការទូត​កម្ពុជា​បាន​ចាត់​ទុក​ការ​ប្រឆាំង​របស់​ថៃ​ថា​ជា​រឿង​ហួស​សម័យ និង​ជា​ការ​អត់​ប្រយោជន៍។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ប្រឆាំង​ណា​មួយ​ពី​រដ្ឋាភិបាល​ថៃ​ចំពោះ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺ​ជា​រឿង​អត់​ប្រយោជន៍ ទោះ​ចង់​ថៃ​ធ្វើ​ការ​តវ៉ា​យ៉ាង​ម៉េច​ក៏​មិន​អាច​កែប្រែ​បាន​ដែរ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​តវ៉ា​នេះ​វា​ហួស​សម័យ​ហើយ! ការ​បញ្ចូល​ប្រាសាទ​​ព្រះវិហារ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បាន​ទៅ​មុខ​ហើយ វា​រួច​ស្រេច​ហើយ។ ចង់​ថៃ​ធ្វើ​យ៉ាង​ម៉េច ក៏​មិន​អាច​កែប្រែ​បាន​ដែរ»

កង​ទ័ព​ថៃ​បាន​ចូល​ឈ្លានពាន​តំបន់​មួយ​ចំនួន​ក្នុង​ទឹក​ដី​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ រំលង ១​សប្ដាហ៍​បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​​កក្កដា ឆ្នាំ​២០០៨។ ការ​ឈ្លានពាន​បាន​បណ្ដាល​ឲ្យ​កង​ទ័ព​ទាំង​ពីរ​ប្រទេស​ពើប​ប្រយុទ្ធ​គ្នា ដោយ​អាវុធ​ជា​ច្រើន​លើក។ ក្នុង​សិទ្ធិ​ស្វ័យ​ការពារ​បូរណភាព​ទឹក​ដី កង​ទ័ព​កម្ពុជា​បាន​ឆ្លើយ​តប​ធ្វើ​ឲ្យ​ទាហាន​ថៃ​ស្លាប់ និង​របួស ព្រមទាំង​បរាជ័យ​គ្រប់​សមរភូមិ។

គួរ​រំឭក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​​​មួយ​ក្រុម​ទៅ​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ប្រទេស​ប្រេស៊ីល ពី​ថ្ងៃ​ទី​២៥ កក្កដា ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១០។ ជាមួយ​គ្នា​នេះ​កម្ពុជា​មាន​គម្រោង​​​ដាក់​របាយ​ការណ៍​​​​​​អភិវឌ្ឍន៍​​​តំបន់​រណប​ជុំវិញ​ប្រាសាទ​ព្រះវិហារ ជូន​គណៈកម្មាធិការ​យូណេស្កូ​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

i hope that Cambodia will follow everything already say not lose 1mm for Cambodia

Jul 29, 2010 03:04 AM

គេហទំព័រ​ទាំងមូល