សង្គម​ស៊ីវិល​ខ្មែរ-​ថៃ​ស្ដារ​ភាព​ជិតស្និទ្ធ​នៅ​តាម​ព្រំដែន​ឡើង​វិញ

បន្ទាប់​ពី​កើត​មាន​ជម្លោះ​រវាង​រដ្ឋាភិបាល​ខ្មែរ និង​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​កន្លង​មក សង្គម​ស៊ីវិល​ខ្មែរ និង​ថៃ ដែល​ជា​បណ្ដាញ​ពុទ្ធ​សាសនិកជន បាន​នាំ​គ្នា​ព្យាយាម​រិះរក​មធ្យោបាយ​ផ្សេងៗ ដើម្បី​កសាង​សន្តិភាព និង​ស្ដារ​ឲ្យ​មាន​ភាព​ជិតដិត​ឡើង​វិញ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​តាម​ព្រំដែន។
ដោយ ឡេង ម៉ាលី
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អង្គការ​មិន​មែន​រដ្ឋាភិបាល​ថៃ និង​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្ដារ​ឲ្យ​មាន​ភាព​ជិតស្និទ្ធ​របស់​ប្រជាជន​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ បន្ទាប់​ពី​បាន​ជួប​ប្រជុំ​គ្នា​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​មក។

ប្រធាន​បណ្ដាញ​ពុទ្ធសាសនិក និង​សង្គម​ខ្មែរ លោក រស់ សុដ្ឋា ថ្លែង​បញ្ជាក់​តាម​ទូរស័ព្ទ​ពី​ខេត្ត​កោះកុង មក​ថា ការ​ជួប​គ្នា​នោះ គឺ​ជា​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​របស់​គណៈកម្មការ​ចម្រុះ​ខ្មែរ និង​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ការ​អភិវឌ្ឍ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

លោក រស់ សុដ្ឋា មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ជា​ការ​ជួប​លើក​ទី​ពីរ បន្ទាប់​ពី​បាន​ធ្វើ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ គណៈកម្មការ​ចម្រុះ​ហ្នឹង​ជា​មូលដ្ឋាន គឺ​យើង​មាន​គ្នា ៧​នាក់។ ខ្មែរ​យើង ៧ (នាក់) ថៃ ៧ (នាក់) ហើយ​មាន​គណៈកម្មការ​សម្រាប់​ជំនួស​បន្ថែម​ទៀត នៅ​ពេល​គណៈកម្មការ​អចិន្ត្រៃយ៍​អវត្តមាន»

លោក រស់ សុដ្ឋា ថ្លែង​ថា កិច្ចប្រជុំ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​កោះកុង រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ លោក​បញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Khmer-Thai people Reconciliation។ គណៈកម្មការ​ចម្រុះ​នេះ​ជា​គណៈកម្មការ​ក្រៅ​ផ្លូវការ​រវាង​ប្រជាជន​ខ្មែរ និង​ថៃ ដែល​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ជា​សមាជិក។

នាយក​អង្គការ​សាមគ្គីធម៌​នៅ​ខេត្ត​បាត់ដំបង ដែល​ជា​សមាជិក​នៃ​ពុទ្ធសាសនិក និង​សង្គម​ខ្មែរ គឺ​លោក ស៊ុន សន បាន​កត់​សម្គាល់​ថា កិច្ចប្រជុំ​នោះ​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​ភាព​សុខដុមរមនា រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការ​កើត​មាន​ជម្លោះ​រវាង​រដ្ឋាភិបាល​ខ្មែរ និង​ថៃ លើ​តំបន់​ប្រាសាទ​ព្រះវិហារ​កន្លង​មក។ ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ ភាគី​ទាំង​ពីរ​បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ក្នុង​ការ​ស្ដារ​ភាព​ជិតស្និទ្ធ​របស់​ប្រជាជន​នៅ​តាម​ព្រំដែន។

លោក ស៊ុន សែន មាន​ប្រសាសន៍​បន្ត ៖ «កិច្ចព្រមព្រៀង​ហ្នឹង គឺ​ចង់​ឱ្យ​ក្រុម​យើង និង​ក្រុម​ថៃ ធ្វើ​ការ​រួម​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ជា​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ-​ថៃ ព្រះសង្ឃ និង​មន្ត្រី​រាជការ​ខ្មែរ-​ថៃ ជា​ពិសេស​បង​ប្អូន​ខ្មែរ និង​បង​ប្អូន​ថៃ ដែល​រស់​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ ដើម្បី​កសាង​សន្តិភាព​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ គឺ​ខ្មែរ-​ថៃ ដើម្បី​រស់​នៅ​សុខសាន្ត​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ»

លោក រស់ សុដ្ឋា ថ្លែង​ថា ក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ គណៈកម្មការ​ចម្រុះ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ប្រជាជន​ខ្មែរ និង​ប្រជាជន​ថៃ បាន​សម្រេច​ដាក់​ចេញ​ផែនការ​យុទ្ធសាស្រ្ត ៣​ឆ្នាំ សម្រាប់​សកម្មភាព​សំខាន់ៗ​របស់​ខ្លួន​មួយ​ចំនួន​ធំ ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​ភាគី​ទាំង​ពីរ។

លោក រស់ សុត្ថា បញ្ជាក់​អំពី​សកម្មភាព​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​ដំបូង​ដូច្នេះ ៖ «ទី​១ គឺ​ការ​ចូល​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​បណ្ដោយ​ព្រំដែន តាម​រយៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ជា​សមាជិក។ ទី​២ រួម​ចំណែក​បង្កើន​ទំនាក់​ទំនង​រវាង​ប្រជាជន​ទាំង​ពីរ ដូចជា Concert (ការ​ប្រគំតន្ត្រី) ការ​បោះ​ជំរំ​យុវជន ការ​រៀន​អំពី​សន្តិភាព ឬ​ការ​ដោះស្រាយ​ទំនាស់​ជាមួយ​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន ហើយ​និង​មាន​ការ​អប់រំ​ការ​ពិត និង​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ពីរ»

លោក រស់ សុដ្ឋា បញ្ជាក់​ឱ្យ​ដឹង​ថា គណៈកម្មការ​ចម្រុះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រជាជន​ខ្មែរ និង​ប្រជាជន​ថៃ ត្រូវ​បាន​បណ្ដាញ​ពុទ្ធសាសនិក​នៃ​ប្រទេស​ទាំង​ពីរ​ជួប​ប្រជុំ និង​ព្រមព្រៀង​គ្នា​បង្កើត​ឡើង​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១០៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល