រដ្ឋាភិបាល​កម្ពុជា​បដិសេធ​អំពី​ចារបុរស​កម្ពុជា​៣​នាក់​ដែល​ថៃ​ចោទ

ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី ១០ មិថុនា​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ បដិសេធ​ពី​ការ​ចោទ​ប្រកាន់​របស់​ថៃ ដែល​ថា​ថៃ​បាន​ចាប់​ខ្លួន បុរស​បី​នាក់​ពី​បទ​ចារកម្ម នៅ​តាម​ព្រំដែន​ថៃ​កម្ពុជា ដែល​ជា​ជនជាតិ​កម្ពុជា​នោះ។
ដោយ ផន រីណា
2011-06-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា នេះ​ជា​ការ​ប្រឌិត​ដោយ​ទុច្ចរិត​របស់​អាជ្ញាធរ​ថៃ និង​នាយក​រដ្ឋមន្ត្រី​ថៃ ដើម្បី​បំភ័ន្ត​មតិ​សាធារណៈ និង​ចោទ​ប្រកាន់​កម្ពុជា​ដោយ​គ្មាន​ការ​ពិត។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ១០ មិថុនា​ថា តាម​របាយការណ៍​របស់​ថៃ ក៏​បាន​បញ្ជាក់​ថា អ្នក​ទាំង​បី​នាក់​នោះ ថៃ​ចាប់​បាន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​រួម​មាន​កាន់​តាម​ខ្លួន​នូវ​លិខិត​ឆ្លងដែន និង​ផែនទី​ជា​អក្សរ​ខ្មែរ​មួយ និង​ជា​ភាសា​អង់គ្លេស​មួយ​ច្បាប់​នឹង​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​ផង។ អ្នក​ទាំង​បី ជិះ​នៅ​លើ​រថយន្ត​ទេសចរណ៍​មួយ​គ្រឿង។

លោក ផៃ ស៊ីផាន ៖ «ផែនទី​នៅ​ក្នុង​រថយន្ត​ទេសចរណ៍​របស់​ថៃ ហើយ​ជនជាតិ​ថៃ​ជា​អ្នក​បើក​ឡាន​ហ្នឹង។ ធម្មតា​ទេ អ្នក​ទេសចរណ៍​ថៃ​គេ​មាន​ផែនទី។ អ្នក​ទេសចរណ៍ ហើយ​និង​ជនជាតិ​កម្ពុជា​គេ​មាន​ផែនទី។ ក្នុង​ឡាន​ជា​ភស្តុតាង ដែល​យើង​ដឹង​តាម​របាយការណ៍ គឺ​មាន​ឈើ​ក្រញូង ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ហាមឃាត់​មិន​ឱ្យ​មាន​ការ​កាប់ ហើយ​កំពុង​តាម​ចាប់។ ចំណុច​ទី​ពីរ គឺ​មាន​គ្រឿង​ញៀន។ បើ​តាម​បច្ចេកទេស កម្ពុជា​យើង​ដែល​បញ្ជូន​អ្នក​ឈ្លប​យក​ការណ៍ ឬ​ចារកម្ម​ណា​ទៅ​ធ្វើ​ការងារ​ដូច​អ៊ីចឹង​ទេ។ គឺ​ថា​បើ​ចារកម្ម​មិន​មែន​កាន់​លិខិត​ឆ្លង​ដែន​ទៅ​ជាមួយ ហើយ​ចារកម្ម​មិន​មែន​ជិះ​ឡាន​ទេសចរណ៍​អ៊ីចឹង​ទេ។ នេះ​ជា​រឿង​ប្រឌិត​មួយ ដែល​យើង​ច្រាន​ចោល»។

យោង​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន អេភី ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១០មិថុនា បាន​ឲ្យ​ដឹង ដែរ​ថា ថៃ​បាន​ចាប់​ខ្លួន​អ្នក​ទាំង​បី នៅ​ក្នុង​ខេត្ត​ស៊ីសាកេត ហើយ​បច្ចុប្បន្ន​កំពុង​​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ថៃ។

ចំណែក​លោក ផៃ ស៊ីផាន ក៏​បាន​អះអាង​ដែរ​ថា បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កម្ពុជា​បាន​តាម​ស៊ើប​សូរ​រក​ពលរដ្ឋ​ខ្មែរ​តាម ដែល​បាន​ចោទ​ប្រកាន់​នោះ​ហើយ តែ​រហូត​មក​ទល់​នឹង​ពេល​នេះ ពុំ​បាន​ទទួល​ការ​ពិត​ណា​មួយ​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន ៖ «យើង​បាន​ទៅ​ស៊ើបសួរ។ ក៏​ប៉ុន្តែ កាល​ពី​ម៉ោង ៤ ខាង​កម្ពុជា​នៅ​មិន​ទាន​ទៅ​ដល់​កន្លែង​កើត​ហេតុ។ ប៉ុន្តែ យើង​មាន​គណៈកម្មការ​ទំនាក់ទំនង​ព្រំដែន ស៊ើបសួរ​អត់ ធ្វើ​របាយការណ៍។ នៅ​ក្នុង​ចំណុច​នេះ គេ​បាន​បង្កើត​ចំណុច​មួយ ប្រឌិត​រឿង​មួយ​ថា យើង​សុំ​ឱ្យ​បញ្ជូន​អ្នក​ដែល​គេ​ចោទ​ប្រកាន់​នោះ​ត្រឡប់​វិញ»។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា ការ​ប្រឌិត​របស់​ថៃ​នេះ គ្រាន់​តែ​ជា​លេស ដើម្បី​បង្ក​ហេតុ​សម្រាប់​ធ្វើ​ការ​ឈ្លានពាន​កម្ពុជា​នៅ​ថ្ងៃ​អនាគត​តែ​ប៉ុណ្ណោះ ហើយ​ថា កម្ពុជា​មាន​ការ​សោក​ស្ដាយ​ណាស់ ដែល​នាយក​រដ្ឋមន្ត្រី​ថៃ​ប្រើ​មធ្យោបាយ​កុហក​ជា​នយោបាយ​ការ​បរទេស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល