កម្ពុជា​​នឹង​​ដោះ​ស្រាយ​ជម្លោះ​នៅ​តុលាការឡាអេ​ក្រោយ​បរាជ័យ​នៅ​អាស៊ាន

បញ្ហា​ជម្លោះ​រវាង​ខ្មែរ និង​ថៃ ត្រូវ​បាន​អ្នក​ឃ្លាំមើល​ស្ថានការណ៍​លើក​ឡើង​ថា ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​មិន​អាច​ជួយ​ដោះស្រាយ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​បាន​ឡើយ​។
ដោយ ទីន ហ្សាការីយ៉ា
2011-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​ខ្មែរ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា​ថា កម្ពុជា​ត្រៀម​ខ្លួន​បន្ត​នីតិវិធី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​ថៃ នៅ​តុលាការ​អន្តរជាតិ​ ទីក្រុង ឡាអេ នៅ​ថ្ងៃ​ទី ៣០ និង ៣១ ឧសភា​ខាង​មុខ។

ការ​លើក​ឡើង​នេះ គឺ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (Asean) នៅ​ទីក្រុង​ហ្សាការតា(Jakarta) លើក​ទី ១៨ ដែល​គេ​បាន​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ​មក​ពិភាក្សា ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។ ក៏ប៉ុន្តែ កិច្ច​ប្រឹងប្រែង​នេះ​ត្រូវ​បរាជ័យ​ទៅ​វិញ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ខ្មែរ​មាន​ប្រសាសន៍​ថា មក​ទល់​ល្ងាច​ថ្ងៃ​ទី ៩ ឧសភា កម្ពុជា​មិន​ទាន់​ទទួល​ដំណឹង​អំពី​ការ​ពន្យារ​ពេល​របស់​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក កាស៊ិត ភិរម្យ (Kasit Phiromya) ដែល​មាន​ឥណ្ឌូណេស៊ី ដឹក​នាំ​កិច្ច​ប្រជុំ​អំពី​ការ​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី ក្នុង​គោល​បំណង​ឲ្យ​មាន​បទ​ឈប់​បាញ់​ ជា​អចិន្ត្រៃយ៍​នោះ​នៅ​ឡើយ​ទេ។

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី កម្ពុជា​មាន​នីតិវិធី​ជា​ច្រើន​ទៀត ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ គឺ​កម្ពុជា​បាន​ស្នើ​ទៅ​តុលាការ​ក្រុងឡាអេ ដើម្បី​សុំ​ឲ្យ​បក​ស្រាយ​សាលក្រម​ឆ្នាំ ១៩៦២ ឡើង​វិញ ហើយ​កម្ពុជា ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​នេះ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍។

លោក កុយ គួង ៖ «យើង​បាន​បោះ​ជំហាន​ទៅ​តុលាការ ហើយ​ក៏​បាន​បោះ​ជំហាន​ទៅ​អង្គការ​សហប្រជាជាតិ ដោយ​អង្គការ​សហប្រជាជាតិ​បាន​ផ្ដល់​អាណត្តិ​ទៅ​ឲ្យ​ឥណ្ឌូណេស៊ី ហើយ​យើង​នៅ​តែ​គោរព​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន»។

ស្រប​ពេល​នេះ​ដែរ នៅ​ថ្ងៃ​ចន្ទ​ទី ៩ ឧសភា ប្រទេស​ម៉ាឡេស៊ី​​បាន​ស្ដី​បន្ទោស​មេ​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ថា ថៃ​បាន​ធ្វើ​ឲ្យ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត នៅ​លើក​ចុង​ក្រោយ​នេះ ដោយ​សារ​ភាគី​មិន​ព្រម​គោរព​កិច្ច​ព្រមព្រៀង​ទទួល​យក​ក្រុម​អ្នក​សង្កេតការណ៍​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​នៅ​តាម​ព្រំដែន។

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ៩ ឧសភា ដោយ​ស្រង់​សម្ដី​លោក រិឈើត រ៉ោត ជែម (Richard Riot Jaem) ថា ប្រទេស​ថៃ​ច្រាន​ចោល​កិច្ច​ព្រមព្រៀង។ ដូច្នេះ​ហើយ​បាន​ជា​ការ​វាយ​ប្រយុទ្ធ​គ្នា កើត​ឡើង​ម្ដង​ទៀត។ ត្រង់​ន័យ​នេះ លោក រិឈើត រ៉ោត ជែម ចង់​សំដៅ​ទៅ​លើ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​ខ្មែរ-ថៃ ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ ២២ មេសា កន្លង​ទៅ​នេះ។

លោក​បន្ត​ថា «​ខ្ញុំ​សុំ​បញ្ជាក់​ថា ប្រទេស​ទាំង ១០ រួម​ទាំង​ប្រទេស​ថៃ និង​កម្ពុជា បាន​យល់​ព្រម​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ហើយ។ តែ​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ក្នុង​ការ​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​ធាក់​ថយ​ក្រោយ ដោយសារ​តែ​ប្រទេស​ទាំង​ពីរ។ ប្រទេស​កម្ពុជា យល់​ព្រម​ទទួល តែ​ថៃ​មិន​ទ​ទួល»។

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភិស៊ិត វេចាជីវ៉ាក់ (Abhisit Vejjajiva) ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៨ ឧសភា​ថា ភាគី​ថៃ​មិន​ចង់​បង្ក​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ លោក​ទាមទារ​ឲ្យ​កម្ពុជា​ថៃ បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​មុន​ជញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ទៅ​កាន់​តំបន់​ជម្លោះ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​ទី ៨ ឧសភា ដោយ​លោក​បាន​បញ្ជាក់ ដូច្នេះ ៖ «ឯកឧត្ដម ហោ ណាំហុង ត្រៀម​នឹង​ពិភាក្សា​ជាមួយ​សមភាគី​ថៃ និង​សមភាគី​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​យើង​អាច​នឹង​អាច​ធ្វើ​សេចក្ដី​ប្រកាស​នៅ​ពេល​ណា​ថៃ​ចុះ​ហត្ថលេខា​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​យើង​នឹង​អាច​បើក​កិច្ច​ចរចា GBC មួយ​ថ្ងៃ​ក្រោយ ឬ​មួយ​ម៉ោង​ក្រោយ​ក៏​បាន»។

កាល​ពី​ថ្ងៃ​ទី ២២ កុម្ភៈ​កន្លង​ទៅ​ថៃ​ធ្លាប់​យល់​ព្រម​នឹង​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​សមាគម​អាស៊ាន​ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​មក​កាន់​តំបន់​ជម្លោះ ដើម្បី​ពិនិត្យ​មើល​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ប៉ុន្តែ ក្រោយ​មក​ភាគី​ថៃ​បាន​បដិសេធ​មិន​ព្រម​ទទួល​អ្នក​សង្កេតការណ៍​វិញ។

ទោះ​ជា​បី​ជា​បញ្ហា​ជម្លោះ​ខ្មែរ​ថៃ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ទទួល​ផល​ជា​វិជ្ជមាន​ក្ដី ប៉ុន្តែ​ក្រុម​អ្នក​តាម​ដាន​ឃ្លាំមើល​ស្ថានការណ៍​ជម្លោះ​ខ្មែរ​ថៃ បញ្ជាក់​ថា ថៃ​បាន​ទទួល​នូវ​ភាព​អាម៉ាស់​មួយ ដែល​ខ្លួន​មាន​ចេតនា​ចង់​អូស​បន្លាយ​ជម្លោះ​នេះ​បន្ត​ទៀត ក្នុង​គោល​បំណង​ចង់​ចំណេញ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Cambodia cannot comply to Thailand outragouse demand. Who would be in the right to withdraw it troops for it own land?

May 09, 2011 02:11 PM

គេហទំព័រ​ទាំងមូល