កម្ពុជា​ចង់​ក្លាយ​​ជា​ប្រទេស​នាំ​អង្ករ​ចេញ​សម្រាប់​ទីផ្សារ​អន្តរជាតិ

រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គោល​នយោបាយ​ជំរុញ​ការ​នាំ​ស្រូវ និង​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ បន្ទាប់​ពី​គុណភាព​អង្ករ​កម្ពុជា​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​ទទួល​ស្គាល់​ បន្តិចៗ​ម្ដង។
ដោយ យន់ សាមៀន
2010-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ប្រមូល​ផល​ស្រូវ​នៅ​ស្រុក​ពញាឮ ខែត្រ​កណ្ដាល តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥។
កសិករ​ប្រមូល​ផល​ស្រូវ​នៅ​ស្រុក​ពញាឮ ខែត្រ​កណ្ដាល តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥។
RFA Photo/Mean Riddh

គណៈរដ្ឋមន្ត្រី​កម្ពុជា ​បាន​អនុម័ត​ឯកសារ​គោល​នយោបាយ ស្ដីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ដោយ​ចង់​ឲ្យ​កម្ពុជា​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ដែល​ជា​មាស​ស​នេះ​ទៅ​ទីផ្សារ​អន្តរជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​មិថុនា​នេះ បាន​ឲ្យ​ដឹង​ថា ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​រៀបចំ​សេចក្ដី​ព្រាង​ឯកសារ​គោល​នយោបាយ ស្ដីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ក្នុង​គោល​បំណង​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​សន្ទុះ និង​ទំហំ​ថ្មី ដើម្បី​ពង្រីក និង​ពង្រឹង​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ផង ព្រម​ទាំង​បង្កើន​ល្បឿន​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​តម្កើង​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ផង​។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក លឹម សូគុណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មិថុនា​នេះ​ថា ឯកសារ​គោល​នយោបាយ​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បង្ក​បង្កើន​ផល​កាន់​តែ​ច្រើន​នៅ​ក្នុង​ស្រុក និង​ជំរុញ​ឲ្យ​មាន​ការ​នាំ​អង្ករ​ចេញ​ជា​ជាង​ស្រូវ។

កសិករ​នៅ​ខែត្រ​ព្រៃវែង​ប្រមូល​ផលស្រូវ ។
កសិករ​នៅ​ខែត្រ​ព្រៃវែង​ប្រមូល​ផលស្រូវ ។ RFA File Photo

លោក​ថា​ការ​នាំ​ចេញ​អង្ករ​វា​នឹង​មិន​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ស្បៀង​អាហារ​ទេ។ រដ្ឋាភិបាល​នឹង​គិត​គូរ​ដល់​សុវត្ថិភាព​អង្ករ​នៅ​កម្ពុជា។

លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ប្រកប​ដោយ​មហិច្ឆតា​ចង់​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ ឯកសារ​គោល​នយោបាយ​ស្ដីពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​អង្ករ​ចេញ​របស់​រាជ​រដ្ឋាភិបាល កំណត់​យុទ្ធសាស្ត្រ​ចម្បង​មាន​ចំនួន​បី គឺ​ការ​បង្កើន​ផលិតភាព ការ​ប្រែ​ក្លាយ​កសិកម្ម​ចិញ្ចឹម​ឆ្នាំង ឲ្យ​ទៅ​ជា​ការ​កសិកម្ម​សម្រាប់​លក់​ដូរ។ តាម​រយៈ​អនុវត្ត​នូវ​វិធានការ​មួយ​ចំនួន​រួមមាន ការ​កសាង និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ​ថ្នល់ ធារាសាស្ត្រ ថាមពល​អគ្គិសនី និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន។ ការ​ផ្ដល់​សេវា​បច្ចេកទេស និង​ការ​កែ​លម្អ​ធាតុ​ចូល​កសិកម្ម កំណែ​ទម្រង់​ការ​គ្រប់គ្រង​ដីធ្លី និង​ការ​រក​ទីផ្សារ។

ប្រធាន​សមាគម​​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​ប្រធាន​ក្រុមហ៊ុន​បៃតង លោក ផួ ពុយ កាល​ពី​ថ្ងៃ​សៅរ៍ បាន​សំដែង​ការ​គាំទ្រ​នយោបាយ​នាំ​ស្រូវ​ចេញ​របស់​រដ្ឋាភិបាល​។ លោក​ថា កន្លង​មក​ក្រុមហ៊ុន​របស់​លោក​ នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​បារាំង អូស្ត្រាលី និង​សិង្ហបុរី ប្រហែល​ជា ១០០​តោន ទៅ​២០០​តោន ក្នុង​មួយ​លើក។ គោល​នយោបាយ​របស់​រដ្ឋាភិបាល​នឹង​បង្រួញ​ការិយាធិបតេយ្យ ក្នុង​ការ​រត់​ឯកសារ​ដើម្បី​នាំ​ស្រូវ​ចេញ។

មន្ត្រី​គាំទ្រ​ជំនួញ​សហគមន៍​​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា លោក ឆុង សុផល មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ​ដែរ​ថា ឯកសារ​គោល​នយោបាយ​របស់​រដ្ឋាភិបាល មិន​ទាន់​ផ្ដល់​ផល​ប្រយោជន៍​ដក់​កសិករ អ្នក​ផលិត​ស្រូវ​ទេ។ ឯកសារ​គោល​នយោបាយ​នេះ មាន​ផ្ដល់​ប្រយោជន៍​ដល់​ឈ្មួញ​កណ្ដាល ពី​ព្រោះ​ឈ្មួញ​​​កណ្ដាល​​នេះ​ត្រូវ​គ្នា ហើយ​ទិញ​ស្រូវ​ក្នុង​តម្លៃ​ទាប​ពី​កសិករ។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់​ផែនការ​អនុវត្ត​​តម្លៃ​ទិញ​ស្រូវ​សម​ស្រប​មួយ ដើម្បី​ជួយ​ប្រជា​កសិករ។

របាយការណ៍​របស់​ក្រសួង​កសិកម្ម​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០០៩ កន្លង​ទៅ សរុប​ទាំង​រដូវ​វស្សា និង​រដូវ​ប្រាំង អនុវត្ត​បាន​លើ​ផ្ទៃ​ដី​សរុប​ជាង ​២៧១​លាន​ហិកតារ ទទួល​បាន​បរិមាណ​ផល​សរុប​ប្រមាណ ៧៥៨​លាន​តោន​ស្រូវ និង​ទិន្នផល​មធ្យម​ប្រចាំ​ឆ្នាំ ២,៨៣​តោន​ក្នុង​ ១​ហិកតារ កើន​លើស​ពី​ឆ្នាំ​មុន​បាន ២,៧៤​តោន​ក្នុង ១​ហិកតា។ តុល្យភាព​ស្បៀង​យើង​នៅ​សល់​ជាង ២,២៤​លាន​តោន​អង្ករ គិត​ជា​ស្រូវ​ជាង ៣,៥០​លាន​តោន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល