សរសៃ​សូត្រ​ខ្មែរ​ពណ៌​មាស មាន​តម្លៃ​ខ្ពស់​ជាង​សូត្រ​នាំ​ចូល​ពី​បរទេស

ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា សរសៃ​សូត្រ​ខ្មែរ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​តំបន់​អឺរ៉ុប​ថា ជា​សរសៃ​សូត្រ​មាស ផលិត​ចេញ​ពី​ធម្មជាតិ​ពិតៗ។ ប៉ុន្តែ សូត្រ​ក្នុង​ប្រទេស​ខ្មែរ ផលិត​ពី​ធម្មជាតិ​សុទ្ធ បាន​តែ​ចំនួន ៤ តោន​ទេ​ក្នុង ១ ឆ្នាំៗ។
ដោយ អ៊ុក សាវ​បូរី
2011.07.15
silk_305 ១៤-កក្កដា-២០១១ ៖ ផលិតផល​សូត្រ​ខ្មែរ ដែល​សមាគម ភូមិ​សូត្រ​ខ្មែរ ដាក់​បង្ហាញ​នៅ​រាជ​ធានី​ភ្នំ​ពេញ។
RFA/Ouk Savborey

ដើម្បី​ពង្រីក និង​ពង្រឹង​ការ​ផលិត​សូត្រ​ខ្មែរ​ឲ្យ​បាន​ទូលាយ​ជាង​សព្វ​ថ្ងៃ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ម្ចាស់​ជំនួយ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ រួម​ទាំង​តំណាង​សមាគម បាន​ជួប​ប្រជុំ​គ្នា​មួយ រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​វិស័យ​សូត្រ​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើង។

លេខាធិការ​គណៈកម្មការ​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​វិស័យ​សូត្រ​នៅ​កម្ពុជា អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ភានុរ័ត្ន មាន​បន្ទូល​ថា សូត្រ​ក្នុង​ប្រទេស​កម្ពុជា ជា​សរសៃ​ពណ៌​មាស មាន​តម្លៃ​ខ្ពស់​ជាង​គេ ព្រោះ​ជា​សូត្រ​ផលិត​ពី​ធម្មជាតិ​ពិតៗ។

សូត្រ​នាំ​ចូល​ពី​បរទេស​មិនមែន​ផលិត​ពី​ធម្មជាតិ និង​ផលិត​ដោយ​ដៃ​ដូច​សូត្រ​ខ្មែរ​ទេ។ ហេតុនេះ​វា​មាន​បញ្ហា​គុណភាព​នៅ​ពេល​យក​ផលិតផល​សិប្បកម្ម​សូត្រ​ខ្មែរ​នោះ ទៅ​លក់​នៅ​បរទេស។ កម្ពុជា​ មិន​អាច​អះអាង​ថា ជា​សូត្រ​ធម្មជាតិ​បាន​ទេ។ ដូច្នេះ​ហើយ ទើប​កិច្ច​ប្រជុំ​មួយ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ស្វែង​រក​ការ​ជួយ​គាំទ្រ និង​ជំរុញ​វិស័យ​សូត្រ​ខ្មែរ បំណង​កាត់​បន្ថយ​ការ​នាំ​ចូល​សូត្រ។

អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ភានុរ័ត្ន  ៖ «ការ​នាំ​ចូល​ក្នុង​ស្រុក នាំ​ចូល​ពី​យៀកណាម​ភាគ​ច្រើន។ បច្ចុប្បន្ន យើង​នាំ​ចូល​ពី​ប្រទេស​ចិន​ដែរ។ ប៉ុន្តែ នៅ​តែ​តិច​ជាង​នាំ​ចូល​ពី​យៀកណាម​អ៊ីចឹង។ យើង​នាំ​ចូល​ប្រហែល​ជា ៤០០ តោន​ក្នុង ១ ឆ្នាំ ជា​តម្រូវ​ការ​ក្នុង​ស្រុក។ តែ​តាំង​ពី ២០០៥ រហូត​មក វា​មាន​ការ​ប្រែប្រួល ក៏​ប្រែប្រួល​មិន​ច្រើន​ដែរ ដោយសារ​វា​មាន​វិបត្តិ​ពិភពលោក។ តាម​មើល​ថ្លឹងថ្លែង​ទៅ វា​នៅ ៤០០ ឬ ៤០០ តិចតួច​នឹង​ចុះ​ឡើង»។

លោក អាធួរ ឌៃលម៉ាន (Atur Dillmann) មក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ( Int'l Trade Center) ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​អត់​បាន​គិត​ពី​គុណភាព​សូត្រ ឬ​ខិតខំ​ផលិត​ឲ្យ​បាន​សរសៃ​សូត្រ​ពណ៌​មាស ដែល​គេ​ឲ្យ​តម្លៃ​ខ្ពស់​នោះ ឲ្យ​បាន​ច្រើន​ឡើង​នោះ​ទេ។ គេ​គិត​តែ​ពី​ត្បាញ កែ​ច្នៃ​តែ​មួយ​មុខ​គត់ ដែល​វា​មិន​អាច​ធានា​ការ​នាំ​ចេញ​សិប្បកម្ម​សូត្រ យក​ទៅ​លក់​នៅ​បរទេស​បាន​យូរ​អង្វែង។

លោក​ថា កម្ពុជា​បាន​នាំ​ចូល​សូត្រ​ពី​បរទេស​ដល់​ទៅ ៤០០ តោន​ក្នុង​មួយ​ឆ្នាំ។ ឯ​ការ​ផលិត​សរសៃ​សូត្រ​ពណ៌​​មាស​ក្នុង​ស្រុក បាន​តែ ៤ តោន ស្មើ​នឹង ១% គត់ នៃ​ការ​នាំ​ចូល​សូត្រ​មក​កម្ពុជា ដើម្បី​ផលិត​សិប្បកម្ម​សូត្រ។ ហេតុ​នេះ គម្រោង​វិស័យ​សូត្រ​កម្ពុជា ត្រូវ​ពង្រឹង និង​ពង្រីក​ការ​ផលិត​សូត្រ​ពណ៌​មាស​ខ្មែរ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

បទ​បង្ហាញ​ដោយ​អ្នកស្រី ហេង សុលា មន្ត្រី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ពី​លទ្ធផល​គម្រោង​វិស័យ​សូត្រ​កម្ពុជា ក្រោម​ជំនួយ​ពី​ភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​នូវែលហ្សេឡង់ (New Zealand's Int'l Aid & Development Agency) ដើម្បី​បណ្ដុះបណ្ដាល​ក្រុម​អ្នក​ចេះ​ត្បាញ ចំនួន ៣៩ ក្រុម នៅ​ខេត្ត​តាកែវ កណ្ដាល និង​ខេត្ត​កំពង់ចាម ឲ្យ​ចេះ​ត្បាញ​តាម​សេចក្ដី​ត្រូវ​ការ​ទី​ផ្សារ។ ក្នុង​នោះ អ្នក​ជំនាញ​ត្បាញ ២៩ ក្រុម បាន​បង្រៀន​ឲ្យ​ចេះ​រចនា​ម៉ូត ស្រប​ទៅ​តាម​ទី​ផ្សារ និង​ចង​ក្រង​ក្រុម​ថ្មី ចំនួន ១០  ឲ្យ​មាន​ជំនាញ​បច្ចេកទេស​បន្ថែម។

ជា​មួយ​គ្នា​នេះ អ្នក​ដែល​ចេះ​ត្បាញ​ស្ទាត់​ជំនាញ​ខ្ពស់ ត្រូវ​បាន​រើស​ចេញ​ពី​ក្រុម​តម្បាញ​ខេត្ត​កណ្ដាល តាកែវ និង​ខេត្ត​ព្រៃវែង ឲ្យ​ត្បាញ​ពិសេស​សម្រាប់​នាំ​ចេញ​ទៅ​បរទេស «ហើយ​ចំណុច​មួយ​ទៀត​ដែរ​នោះ គឺ​អ្នក​ត្បាញ​ទាំង​អស់ បាន​ធ្វើ​ការ​ចូលរួម​ពិព័រណ៍​នៅ​ភ្នំពេញ និង​ពិព័រណ៍​ខេត្ត​មួយ ផលិតផល​មួយ និង​ពិព័រណ៍​សិប្បកម្ម​អង្គរ ដែល​នៅ​ខេត្ត​សៀមរាប ដើម្បី​ឲ្យ​គាត់​បាន​ដឹង​ពី​តម្រូវ​ការ​ក្នុង​ស្រុក និង​តម្រូវ​ការ​ទី​ផ្សារ​នៅ​បរទេស។ ហើយ​ពួក​គាត់ ក៏​បាន​ផ្ដល់​នូវ​ការ​បណ្ដុះបណ្ដាល​អំពី​ការ​នាំ​ចេញ​ការ​ធ្វើ​ការ​គិតគូរ​ពី​ថ្លៃ​ដើម ពី​មូលដ្ឋាន​គ្រឹះ​នៃ​ទី​ផ្សារ និង​ការ​ទំនាក់ទំនង​នៅ​ក្នុង​មុខ​ជំនួញ​របស់​ពួក​គាត់​ផង​ដែរ»។

អគ្គលេខាធិការ​រង​នៃ​សមាគម ភូមិ​សូត្រ​ខ្មែរ លោក កែវ មុន្នី បាន​ឲ្យ​ដឹង​ថា សូត្រ​ខ្មែរ គឺ​ជា​សូត្រ​សរសៃ​ពណ៌​មាស។ ចំណែក​សូត្រ​នាំ​ចូល​មាន​សរសៃ​ពណ៌​ស។ លោក​បន្ត​ថា ក្រុម​អ្នក​ផលិត​សរសៃ​សូត្រ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា មាន​តែ ៤០០ គ្រួសារ​ប៉ុណ្ណោះ គឺ​នៅ​ស្រុក​ភ្នំ​ស្រុក​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​សៀមរាប ស្រុក​ស្រីស្នំ។ ពលរដ្ឋ ២ ស្រុក​នោះ គេ​ដាំ​ដើម​មន​ជា​ចំណី​ដង្កូវ​នាង​ជា​លក្ខណៈ​គ្រួសារ លើ​ផ្ទៃ​ដី​សរុប​ប្រមាណ ៥០ ហិកតារ។

លោក​បន្ត​ថា ស្លឹក​មន ដែល​គេ​ដាំ​បាន​នោះ គេ​បេះ​យក​មក​ចិញ្ចឹម​ដង្កូវ​នាង រួច​ផលិត​បាន​សរសៃ​សូត្រ​មាស។ ប៉ុន្តែ ចំនួន​ផលិត​នោះ​បាន​តែ ៤ តោន​ទេ ក្នុង ១ ឆ្នាំ។ បច្ចុប្បន្ន តម្លៃ​លក់​សូត្រ​ធម្មជាតិ​ផលិត​ក្នុង​ស្រុក ថ្លៃ ៦៥ ទៅ ៧០ ដុល្លារ​ក្នុង ១ គីឡូ​ក្រាម។ ឯ​សូត្រ​នាំ​ចូល​តម្លៃ ៥៣ ដុល្លារក្នុង១គីឡូក្រាម។

លោក កែវ មុន្នី ៖ «មក​ពី​គេ​ទទួល​ស្គាល់​ថា ពូជ​របស់​ខ្មែរ​យើង អា​សូត្រ​មាស​នឹង គឺ​វា​មាន​គុណភាព​ខ្ពស់​ជាង​អា​សូត្រ​នាំ​ចូល។ ទី​ពីរ​ទៀត អា​សូត្រ​យើង​ផលិត គឺ​ដោយ​ដៃ​សុទ្ធ អត់​មាន​របៀប​ជា​ម៉ាស៊ីន​របៀប​ជា​ឧស្សាហកម្ម​ទេ»។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែង​ថា វិស័យ​សូត្រ​នៅ​កម្ពុជា ជា​គន្លឹះ​របស់​គោលនយោបាយ​កម្ពុជា។ នៅ​សប្ដាហ៍​ក្រោយ នឹង​មាន​ការ​ប្រជុំ​សកល​នៅ​ទី​ក្រុង​ហ្សឺណែវ​ស្តី​ពី​ជំនួយ ដើម្បី​ពិនិត្យ​មើល​ជំនួញ​សកល​លោក ហើយ​ប្រទេស​កម្ពុជា​នឹង​លើក​យក​ពិសោធន៍​ល្អៗ ក្នុង​គម្រោង​វិស័យ​សូត្រ​ទៅ​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។

លោក ប៉ាន សូរ​ស័ក្តិ ៖ «វិស័យ​សូត្រ​ជា​ការ​ផ្ដោត​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​គូ​ភាគី​មួយ​ចំនួន។  ខ្ញុំ​យល់​ថា យើង​ត្រូវ​តែ​ពង្រីក និង​ពង្រឹង ហើយ​រក​ថវិកា​បន្ថែម​ទៀត ដើម្បី​ឲ្យ​មាន​ពី​ពិត​ភាព (ភាព​ពិត) នៃ​គម្រោង​យើង​នេះ»។

ដើម្បី​ធានា​ការពារ​សូត្រ​ក្នុង​ប្រទេស​កម្ពុជា ដែល​បរទេស​ទទួល​ស្គាល់​ថា ជា​សូត្រ​ធម្មជាតិ​ពិត​នោះ រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ បាន​បង្កើត​គម្រោង​វិស័យ​សូត្រ​កម្ពុជា​មួយ ដោយ​មាន​ការ​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ កាល​ពី​ ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០០៧ ហើយ​បាន​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី ២១ ខែ​តុលា ឆ្នាំ ២០០៧។

គម្រោង​វិស័យ​សូត្រ​កម្ពុជា មាន​តួនាទី​ក្នុង​ការ​ដឹក​នាំ​សម្របសម្រួល និង​ប្រឹក្សា​លើ​វិស័យ​សូត្រ​នៅ​កម្ពុជា​ទាំង​មូល តាម​រយៈ​ជំនួយ​បច្ចេកទេស លើ​ផ្នែក​បច្ចេកទេស​តម្បាញ ផ្នែក​បច្ចេកទេស​កែ​ច្នៃ​ម៉ូត ផលិតផល​សូត្រ​ឲ្យ​តម្រូវ​តាម​ទីផ្សារ និង​បច្ចេកទេស​ទីផ្សារ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 15, 2011 04:04 PM

Congratulation of Khmer's silk.People should make more silk none stop.