ពលរដ្ឋ​ខ្មែរ-ថៃ បួងសួង​សុំ​សន្តិភាព​នៅ​សៀមរាប

ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​មក។ ភាព​តានតឹង​នេះ នាំ​ឱ្យ​មាន​ការ​បួងសួង​រួម​គ្នា​មួយ​រវាង​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ កាល​ពី​ព្រលប់​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មេសា ឆ្នាំ​២០១០។
ដោយ ឡេង ម៉ាលី
2010-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អង្គការ​ខ្មែរ-ថៃ​​បាន​នាំ​គ្នា​ដើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​វត្ត​រាជបូព៌ ចម្ងាយ​ប្រហែល ២​គីឡូ​ម៉ែត្រ​ឆ្ពោះ​មក​​​កន្លែង​សក្ការ​ព្រះ​អង្គចេក​ព្រះអង្គចម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មេសា។
ក្រុម​អង្គការ​ខ្មែរ-ថៃ​​បាន​នាំ​គ្នា​ដើរ​ដោយ​ថ្មើរ​ជើង​ចេញ​ពី​វត្ត​រាជបូព៌ ចម្ងាយ​ប្រហែល ២​គីឡូ​ម៉ែត្រ​ឆ្ពោះ​មក​​​កន្លែង​សក្ការ​ព្រះ​អង្គចេក​ព្រះអង្គចម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មេសា។
RFA/Hang Sobratsavyouth

មាន​ព្រះសង្ឃ ភិក្ខុ​នី និង​ពលរដ្ឋ​ក្នុង​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​និយម​សន្តិភាព​ចំនួន​ប្រមាណ​ជាង ៦០​នាក់ បាន​រួម​គ្នា​បួងសួង​ដល់​បារមី​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម នៅ​ខេត្ត​សៀម​រាប សុំ​ឱ្យ​មាន​សន្តិភាព​ដល់​ប្រទេស​ទាំង​ពីរ ដែល​កំពុង​មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា។

ការ​រួម​គ្នា​បួងសួង​សុំ​សន្តិភាព ដែល​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​សៀម​រាប នៅ​វេលា​ព្រលប់ ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មេសា ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​គ្នា​មួយ រវាង​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា និង​ថៃ រយៈ​ពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​សៅរ៍ ទី​២៤ ដល់​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មេសា ឆ្នាំ​២០១០។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​មួយ គឺ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) លោក ជាង សុខា ដែល​ជា​អ្នក​សហការ​រៀបចំ​ការ​ជួប​គ្នា​នេះ ថ្លែង​ថា ជា​ការ​ជួប​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ក្នុង​ការ​កសាង​សន្តិភាព ៖ «ការ​រៀបចំ​នេះ ជា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុម​ការងារ​កសាង​សន្តិភាព​ពីរ​ក្រុម ពង្រឹង​ចំណង​សាមគ្គី​ភាព​នៃ​ប្រទេស​ទាំង​ពីរ»

អ្នក​ចូល​រួម​រៀបចំ​ពី​ភាគី​សង្គម​ស៊ីវិល​ថៃ ប្រធាន​មូលនិធិ​អ្នក​ស្ម័គ្រ​ចិត្ត​ថៃ គឺ​អ្នក​ស្រី Supawadee Petrat បាន​ថ្លែង​ពី​គោល​បំណង​នៃ​ការ​ជួប​ជុំ​គ្នា​ថា ជា​ការ​រឹត​ចំណង​សាមគ្គី​ភាព​នៃ​ប្រជាជាតិ​ទាំង​ពីរ​ឡើង​វិញ ដែល​ធ្លាប់​មាន​ជា​យូរ​មក​ហើយ។

អ្នក​ស្រី​បន្ត​ថា ៖ «ប្រជា​ពលរដ្ឋ​ថៃ ដែល​មក​នេះ មាន​ចំនួន ៣០​នាក់ មក​ពី​គ្រប់​ទិសទី ដែល​មាន​អ្នក​បួស អ្នក​ជំនាញ....»

អ្នក​ចូល​រួម​ការ​ជួប​ជុំ​មួយ​រូប​ទៀត អ្នក​ស្រី ឧត្ដម វណ្ណស៊ីវន ថ្លែង​ឱ្យ​ដឹង​ដែរ​ថា ការ​ជួប​ជុំ​គ្នា​នេះ គឺ​ដើម្បី​ស្វែង​រក​ការ​យោគ​យល់​គ្នា ហើយ​អ្នក​ស្រី​ថ្លែង​បន្ត​ថា ៖ «គេ​សុំ​បទ​ពិសោធន៍​កសាង​សន្តិភាព​ពី​យើង»។

លោក ជាង សុខា នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា YRDP ថ្លែង​ថា ក្រៅ​ពី​ការ​ស្វែង​រក​ការ​យោគយល់​គ្នា ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ ក្នុង​ការ​កសាង​សន្តិភាព ភាគី​ទាំង​ពីរ ក៏​បាន​ស្វែង​យល់​ពី​គ្នា លើ​ការ​បណ្ដុះ​បណ្ដាល​ស្មារតី​សន្តិភាព ដល់​ពលរដ្ឋ និង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

ក្រោយ​ពេល​បញ្ចប់​កិច្ច​ពិភាក្សា​គ្នា ភាគី​សង្គម​ស៊ីវិល​ទាំង​ពីរ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដែល​មាន ៧​ចំណុច ក្នុង​នោះ ចំណុច​មួយ​នៃ​សេចក្ដី​ថ្លែងការណ៍ បាន​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ថៃ​យក​ការ​ដោះស្រាយ​ភាព​តានតឹង​អំពី​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី​ជា​អាទិភាព ព្រោះ​គេ​ព្រួយ​បារម្ភ​អំពី​ការ​ប៉ះពាល់​ដល់​ជីវភាព និង​សុខុមាល​ភាព​របស់​ពលរដ្ឋ រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​នោះ។

នៅ​ក្នុង​ឆ្នាំ​២០១០ និង​២០១១ នេះ ភាគី​សង្គម​ស៊ីវិល​ទាំង​ពីរ គ្រោង​នឹង​ធ្វើ​ធម្ម​យាត្រា​សន្តិភាព​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែរ។ ប្រទេស​កម្ពុជា និង​ថៃ បាន​កើត​មាន​ជម្លោះ​ព្រំដែន​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ មក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល