យុទ្ធនាការ​ស្ដី​ពី​សុវត្ថិភាព​សាច់​ជ្រូក​នៅ​ខេត្ត​ស្វាយរៀង

មន្ត្រី​កសិកម្ម​សហគមន៍​ចិញ្ចឹម​ជ្រូក​ខេត្ត​ស្វាយរៀង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើការ​អភិវឌ្ឍន៍​លើ​អាជីវកម្ម​ក្នុង​ស្រុក បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្ដីពី​សុវត្ថិភាព​សាច់​ជ្រូក នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​កញ្ញា បន្ទាប់​ពី​មាន​ផ្ទុះ​ជំងឺ​ជ្រូក​កន្លង​មក។
ដោយ សេក បណ្ឌិត
2010.09.11
ជ្រូក ៣០៥ ក្រុម​ឈ្មួញ​ដឹក​សត្វ​ជ្រូក​តាម​កំពង់​ចម្លង​អ្នកលឿង ឆ្លង​ចូល​មក​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០។
RFA/Sek Bandith

មន្ត្រី​គម្រោង​ពង្រឹង​សហ​គ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា ហៅ​ថា USAD MSME លោក ជេត ភិរម្យ បាន​ឲ្យ​ដឹង​ថា ការ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ គឺ​ចង់​បញ្ជាក់​ថា គុណភាព​សាច់​ ជ្រូក​ក្នុង​ស្រុក​បច្ចុប្បន្ន មិន​មាន​មេរោគ​ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស ដែល​ទទួល​ទាន​សាច់​ជ្រូក​នោះ​ឡើយ។

លោក ជេត ភិរម្យ មាន​ប្រសាសន៍​ដូច្នេះ ៖ «តាំង​ពី​កើត​ជំងឺ​នោះ​ឡើង តម្រូវការ​សាច់​ជ្រូក​ថយ​ចុះ​ច្រើន ដោយ​ងាក​មក​ប្រើ​មាន់ សាច់​ត្រី ជំនួស​ជ្រូក​វិញ ជា​ពិសេស​បារម្ភ​រឿង​សុខភាព។ មនុស្ស​អត់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ហូប​សាច់​ជ្រូក ជា​ពិសេស​ធ្វើ​នេះ ធ្វើ​មុន​ភ្ជុំ ធ្វើ​ម៉េច​ឲ្យ​ដល់​ភ្ជុំ មាន​ការ​យល់​ដឹង​ក្នុង​ការ​ប្រើ​សាច់​ជ្រូក​ឲ្យ​បាន​ច្រើន ព្រោះ​ឥឡូវ​កសិករ​មាន​ត្រៀម​ជ្រូក​មួយ​ចំនួន​ដើម្បី​លក់​នៅ​ពេល​ភ្ជុំ»

លោក​បន្ត​ថា យុទ្ធនាការ​ខាង​លើ​នេះ គឺ​ជា​លើក​ទី​មួយ​ហើយ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ជំងឺ​ត្រចៀក​ខៀវ និង​ជំងឺ​ប៉េស្ត​ជ្រូក កាល​ពី​ពេល​ថ្មីៗ​នេះ។
បច្ចុប្បន្ន​បើ​ទោះ​បី​ជំងឺ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ​ក្តី ក៏​នៅ​មាន​ការ​ខ្លាច​រអា​ពី​អ្នក​បរិភោគ​មួយ​ចំនួន​មិន​ហាន​ទទួល​ទាន់​សាច់​ជ្រូក​ដូច​មុន​នៅ​ឡើយ ហើយ​ធ្វើ​ឲ្យ​ការ​លក់​សាច់​ជ្រូក​ក្នុង​ស្រុក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​ការ​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​បើ​ប្រៀប​ពេល​មុន​មាន​ជំងឺ​ឆ្លង​ជ្រូក។

ប្រធាន​សហគមន៍​ចិញ្ចឹម​ជ្រូក​ខេត្ត​ស្វាយរៀង លោក នាង ចាន់ថា ក្នុង​យុទ្ធនាការ​នោះ បាន​សូម​ឲ្យ​អតិថិជន​ងាក​មក​គាំទ្រ​សាច់​ជ្រូក​ក្នុង​ស្រុក​ឡើង​វិញ ជា​ពិសេស​នៅ​មុន​ពេល​រដូវ​ភ្ជុំ​បិណ្ឌ ដែល​ជិត​ចូល​មក​ដល់​នៅ​ចុង​ខែ​កញ្ញា ខាង​មុខ​នេះ។

លោក នាង ចាន់ថា ឲ្យ​ដឹង​ថា ៖ «ជ្រូក​គេ​នាំ​ចូល​មែន តែ​តម្លៃ​នៅ​លក់​បាន ៨.០០០​ជាង ដល់​ពេល​ដែល​មាន​ជំងឺ​ជ្រូក យើង​លក់​បាន​តែ ៦.០០០​រៀល ហើយ​អាច​ថា គាត់​អត់​យក​ទៀត»

ទោះ​បី​យ៉ាង​ណា គេ​នៅ​មិន​ទាន់​ឃើញ​របាយការណ៍​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​លើ​អាជីវកម្ម​ជ្រូក​ថា មាន​ចំនួន​ប៉ុន្មាន​ច្បាស់​លាស់​នោះ​ទេ​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​សម្រាប់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ស្វាយរៀង លោក នាង ចាន់ថា ប្រធាន​សហគមន៍​ចិញ្ចឹម​ជ្រូក ដែល​ជា​អ្នក​ផ្គត់ផ្គង់​ធំ​ជាង​គេ បាន​វាយ​តម្លៃ​ថា នៅ​មុន​ការ​ផ្ទុះ​ជំងឺ​កាល​ពី​ដើម​ខែ​សីហា ចំនួន​ជ្រូក​នៅ​ខេត្ត​ស្វាយរៀង​ទាំង​មូល មាន​ជាង ៣​ម៉ឺន​ក្បាល បច្ចុប្បន្ន​វា​បាន​បាត់បង់​ប្រហែល ៣០%។ ដោយ​ឡែក​សម្រាប់​តម្រូវការ​សាច់​ជ្រូក​នៅ​កាស៊ីណូ​ទាំង ១២​កន្លែង នៅ​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម ពី​មុន​ត្រូវការ​សាច់​ជ្រូក​ផ្គត់ផ្គង់​មួយ​ថ្ងៃ​ប្រហែល ២​តោន ឥឡូវ​បាន​ថយ​ចុះ​ប្រហែល ៦០%។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង លោក ថាច់ រតនា ពុំ​អាច​សុំ​ការ​ពន្យល់​បាន​ទេ ជុំវិញ​យុទ្ធនា​ការ​ខាង​លើ​នេះ ដោយ​លោក​ថា ជាប់​រវល់​ប្រជុំ។

មន្ត្រី​ជំនាញ​ផ្នែក​ជំងឺ​សត្វ លោក​វេជ្ជបណ្ឌិត ត្រៃ ប៊ុនឡុង បាន​ឲ្យ​ដឹង​ថា សាច់​ជ្រូក​ឈឺ​កើត​ពី​ជំងឺ​ត្រចៀក​ខៀវ និង​ជំងឺ​ប៉េស្ត​នេះ អាច​ទទួល​ទាន​បាន ឲ្យ​តែ​ការ​ចម្អិន​បាន​ឆ្អិន​ល្អ ព្រោះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ និង​ជំងឺ​ប៉េស្ត​ជ្រូក​នេះ មិន​មាន​លក្ខណៈ​ចម្លង​ពី​សត្វ​មក​មនុស្ស​បាន​ទេ។

នាយក​រដ្ឋមន្ត្រី​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក៏​បាន​ប្រកាស​ជា​សាធារណៈ​សូម​ឲ្យ​ប្រជាជន​នាំ​គ្នា​ទទួល​ទាន​សាច់​ជ្រូក​ដូច​ធម្មតា​ឡើង​វិញ ពីព្រោះ​សាច់​ជ្រូក​ឆ្អិន​មិន​នាំ​ឲ្យ​កើត​រោគ​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។