កាស៊ីណូ​ធំ​មួយ​នៅ​បាវិត​បិទ​ទ្វារ​ឈប់​ដំណើរការ​ដោយសារ​ក្ស័យធន

បុគ្គលិក​កម្មករ​ចំនួន​ប្រហែល ៥០០​នាក់​របស់​កាស៊ីណូ​ដ៏​ធំ​មួយ​ឈ្មោះ Win Resort (វីន រីស្សត) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម បាន​បាត់​បង់​ការងារ ក្រោយ​ពី​អ្នក​គ្រប់គ្រង​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ឈប់​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ត​ទៅ ដោយសារ​តែ​ក្រុមហ៊ុន​នេះ​កំពុង​តែ​ក្ស័យធន។
ដោយ សុខ សេរី
2010-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​បញ្ឈប់​បុគ្គលិក​ចំនួន​ជាង ៥០០​នាក់​នោះ មិន​បាន​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ​ទេ គឺ​គ្រាន់​តែ​បាន​កោះ​ប្រជុំ ហើយ​ប្រាប់​ថា ក្រុមហ៊ុន​សម្រេច​បិទ​ទ្វារ​ហើយ។ បុគ្គលិក​ជា​ច្រើន​រយ​នាក់​កំពុង​តែ​រង់ចាំ​បើក​ប្រាក់​ខែ​ដំណាច់​ចេញ​ពី​ការងារ គឺ​ក្នុង​ម្នាក់ៗ​រវាង​ពី ៦០​ដុល្លារ​អាមេរិក ទៅ ១០០​ដុល្លារ​អាមេរិក។

បុគ្គលិក​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ នៅ​ក្នុង​ចំណោម​បុគ្គលិក​ជា​ច្រើន​រយ​នាក់ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ផង​ដែរ​នោះ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ពី​ខេត្ត​ស្វាយរៀង មក​ថា ការ​បញ្ឈប់​ពី​ការងារ​នេះ បាន​ធ្វើ​ឡើង​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន ៖ «យើង​មុន​នឹង​បញ្ឈប់​គេ យើង​ជូន​រយៈពេល​យ៉ាង​តិច ១​ខែ​ដែរ ដើម្បី​ឲ្យ​គេ​រក​ការងារ​ថ្មី​ធ្វើ។ ប៉ុន្តែ​នេះ​គាត់​មាន​ធ្វើ​អ៊ីចឹង​ទេ។ ដូច​យប់​មិញ​អ៊ីចឹង ប្រហែល​ជា​ម៉ោង ១២​យប់ គាត់​បាន​បិទ​កាស៊ីណូ ហើយ​គាត់​បាន​ដេញ​បុគ្គលិក​ចេញ​ពី​កាស៊ីណូ​តែម្ដង»

បុគ្គលិក​ម្នាក់​ទៀត​បាន​ថ្លែង​ថា លោក​នឹង​រក​ការងារ​ថ្មី ឬ​វិល​ទៅ​រក​ការងារ​ស្រែ​ចម្ការ​វិញ​នៅ​ពេល​ឆាប់ៗ​នេះ ៖ «អត់​ការងារ​ធ្វើ​មាន​តែ​ទៅ​ផ្ទះ​សិន។ ធម្មតា​យើង​មាន​គ្រួសារ យើង​ចេះ​តែ​បារម្ភ​ដែរ»

កាស៊ីណូ​ឈ្មោះ វីន រីស្សត ប្រភព​បាន​ឲ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ដំណើរការ​តាំង​ពី​ឆ្នាំ​២០០៨​មក គ្រប់គ្រង​ដោយ​ថៅកែ​ជន​ជាតិ​វៀតណាម ដែល​មាន​សញ្ជាតិ​កាណាដា ដោយ​មាន​បុគ្គលិក​សរុប​ចំនួន​ជាង ៧០០​នាក់ ប៉ុន្តែ​កាស៊ីណូ​នេះ​បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ជា​បន្ត​បន្ទាប់ នៅ​គ្រា​ដែល​មិន​សូវ​មាន​ភ្ញៀវ​មក​លេង​ល្បែង និង​មាន​កាស៊ីណូ​សរុប​ចំនួន ១២​កន្លែង​ទៀត នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយ​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​នៅ​គ្រា​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​មាន​ផល​ប៉ះពាល់។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​កាស៊ីណូ​វីន រីស្សត គឺ​លោក ថៃ វុទ្ធី បាន​មាន​ប្រសាសន៍​ថា ៖ «បញ្ហា​ខាត​បង់ អ៊ីចឹង​រហូត​ដល់​ថ្ងៃ​ហ្នឹង​គឺ​គេ​ផ្អាក​ដំណើរ​ការ​តែម្ដង។ គេ​ផ្អាក​បុគ្គលិក​ទាំង​អស់​តែម្ដង»

បុគ្គលិក​ជា​ច្រើន​រយ​នាក់​នោះ​កំពុង​តែ​រង់ចាំ​បើក​ប្រាក់ខែ និង​ប្រាក់​បំណាច់​ពី​ការងារ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល