អនុប្រធានមន្ទីរបសុពេទ្យខេត្តស្វាយរៀង លោក ប៉ែន ចាន់ឌី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែធ្នូថា យ៉ាងហោចណាស់មានគោក្របីអ្នកស្រុកប្រហែល ៣០០ក្បាល ទៅ ៥០០ក្បាលក្នុងមួយឃុំៗបានទទួលរងនូវជំងឺនេះ ប៉ុន្តែគេនៅមិនទាន់បានដឹងសរុបចំនួនគោក្របីដែលបានស្លាប់នោះនៅឡើយ។
លោក ប៉ែន ចាន់ឌី បានបន្ថែមទៀតថា ក្រុមបសុពេទ្យកំពុងចុះយុទ្ធនាការហាមឃាត់ការដឹកជញ្ជូន និងផ្សព្វផ្សាយការការពារ និងថែរក្សាសត្វ ៖ «ឥឡូវខាងខ្ញុំកំពុងចុះយុទ្ធនាការចែកមេតាឡែន ហើយនិងវិធីសាស្ត្រសម្រាប់ការពារ ហើយនិងឲ្យពួកគាត់យកជាតិចត់ ហើយនិងជាតិជូរលាប ដោយសារកសិករមួយចំនួនគាត់មិនទាន់ដឹងយល់ ហើយមួយទៀត គាត់ច្រើនច្រក ហាមមិនឲ្យគាត់ច្រកទ ដូចជារបស់ក្តៅៗ ធ្វើឲ្យសត្វងាប់»។
នៅក្នុងស្រុកស្វាយជ្រំ ស្រុករមាសហែក និងស្រុកស្វាយទាប មានគោក្របីស្លាប់ និងឈឺច្រើនជាងគេក្នុងបណ្ដាស្រុកឯទៀតៗនៃខេត្តស្វាយរៀង។
ស្ត្រីកសិករឈ្មោះ វិន សុណ្ណនី រស់នៅភូមិអង្គកប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ បានអះអាងថា យ៉ាងហោចណាស់មានគោក្របីស្លាប់ចំនួន ២០ក្បាលយ៉ាងតិច ត្រូវបានគេដឹកជញ្ជូនកាត់មុខផ្ទះអ្នកស្រីជារៀងរាល់ថ្ងៃ ៖ «ខាងភូមិខ្ញុំងាប់ដឹកចេញរាល់ថ្ងៃ។ ខ្ញុំមិនដឹងចេញប៉ុន្មានក្បាលទេ ផ្ទះខ្ញុំនៅមាត់ផ្លូវ ខ្ញុំឃើញដឹករាល់ថ្ងៃ តិចណាស់ ២០ក្បាល គោងាប់ដឹកតាមផ្លូវ រលួយមាត់អ៊ីចឹង ដឹកតាមផ្លូវ ជំងឺអុតក្ដាម។ គោខ្ញុំមិនទាន់ងាប់ទេ តែគោបងស្រីខ្ញុំល្ងាចមិញងាប់មួយ។ កសិករនៅស្រុកស្រែបើគោងាប់ហើយ មានកម្លាំងឯណាដើម្បីអូសទាញ»។
ស្ត្រីកសិករម្នាក់ទៀតឈ្មោះ ឡុង ស៊ីនឿន នៅក្នុងឃុំអង្គតាសូ ស្រុកស្វាយជ្រំដដែលបន្ថែម ៖ «ចង់ឲ្យក្រុមការងារចុះជួយ វាកំពុងតែឈឺគ្រប់ៗគ្នា ម្នាក់ភ័យរកព្រះអាយូស ហើយគោវានៅរស់មែន ប៉ុន្តែវានៅតែស្បែក ហើយឆ្អឹង»។
មកដល់ពេលនព ប្រភពពីអ្នកភូមិអះអាងថា គេនៅមិនទាន់ឃើញមានក្រុមបសុពេទ្យមកដល់ភូមិរបស់ពួកគេនៅឡើយទេ នៅក្នុងឃុំគោកព្រីង ឃុំកណ្ដាល និងនៅក្នុងឃុំអង្គតាសូ បើទោះបីជាមានការអះអាងអំពីការចុះយុទ្ធនាការចែកថ្នាំដល់អ្នកភូមិក៏ដោយ។
មេភូមិគោកព្រីង ថ្លែងថា ប្រជាជនកំពុងស្ថិតនៅក្នុងស្ថានភាពព្រួយបារម្ភខ្លាំង នៅគ្រាដែលគោក្របីដែលជាទ្រព្យសម្បត្តិមានតម្លៃបំផុតប្រចាំគ្រួសារកសិករ បានស្លាប់ជាបន្តបន្ទាប់ដូច្នេះ ដោយមិនទាន់មានជំនួយ ៖ «គាត់កំពុងតែពិបាកចិត្ត សង្ឃឹមគោ ហើយគោខូចខាតមួយចំនួនទៅហើយ»។
ជំងឺសាទឹក និងជំងឺអុតក្ដាម គឺជាជំងឺឆ្លងនៅលើសត្វគោ។ គោក្របីដែលមានជំងឺនេះ មានអាការៈដំបៅមាត់ ដំបៅក្រចក មិនស៊ីស្មៅ មិនផឹកទឹក និងហៀរទឹកមាត់។ មន្ត្រីបសុពេទ្យបានអំពាវនាវកុំឲ្យប្រជាជនចិញ្ចឹមគោលែងចោល និងថែរក្សាអនាម័យគោឲ្យបានជាប្រចាំ ដើម្បីជៀសវាងជំងឺនេះ៕