CCHR ចេញ​របាយការណ៍​ពី​ការ​ធ្វើ​អាជីវកម្ម​និង​ការ​គោរព​សិទ្ធិ​មនុស្ស

នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ជិត ១០០​ទំព័រ ទាក់ទង​ជាមួយ​ការ​ធ្វើ​អាជីវកម្ម និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។
ដោយ កែវ និមល
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចេញ​ផ្សាយ​របាយការណ៍​អាជីវកម្ម និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដើម្បី​បង្ហាញ​ថា មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​នៅ​កម្ពុជា មិន​រក​ស៊ី​មាន​លក្ខណៈ​ត្រឹមត្រូវ​ទេ គឺ​មាន​ការ​រក​ស៊ី​ដោយ​មាន​សកម្មភាព​ខ្លះ​មាន​ទាក់ទង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

របាយការណ៍​ទាក់ទង​ការ​ធ្វើ​អាជីវកម្ម និង​សិទ្ធិ​មនុស្ស បាន​ផ្តោត​ការ​ពិនិត្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តួនាទី​របស់​រដ្ឋ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ ការ​គោរព​របស់​ក្រុមហ៊ុន​អាជីវកម្ម​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ និង​យន្តការ​ដោះស្រាយ និង​សង​សំណង​ផ្សេងៗ។

របាយការណ៍​បាន​សរសេរ​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា មាន​ការ​រំលោភ​ដីធ្លី​បាន​កើត​មាន​ជា​ច្រើន​ដោយ​ក្រុមហ៊ុន ហើយ​ជន​រង​គ្រោះ​មិន​បាន​ដឹង​អំពី​គម្រោង​បណ្ដេញ​ចេញ និង​រង​ការ​បំភិតបំភ័យ មិន​អាច​តវ៉ា​បាន។ ចំពោះ​អ្នក​ធ្វើ​ការ​នៅ​តាម​រោងចក្រ​នានា​វិញ មាន​ការ​រើស​អើង​យេនឌ័រ ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង ការ​គាប​សង្កត់​ដោយ​ប្រើ​កុងត្រា​ការងារ​រយៈពេល​ខ្លី និង​ការ​មាន​ប្រាក់​ឈ្នួល​ទាប​មិន​អាច​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ជា​ដើម។ ចំពោះ​យន្តការ​ដោះស្រាយ និង​សង​សំណង​ផ្សេងៗ​វិញ មាន​ការ​លំបាក ដោយ​តុលាការ​មិន​ឯករាជ្យ ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​ក្រៅ​តុលាការ​មិន​មាន​តម្លាភាព ពុករលួយ ។ល។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ប្រើ​សិទ្ធិ​ក្នុង​ការ​ទិញ​ទំនិញ​របស់​ប្រជាពលរដ្ឋ អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នានា មាន​ការ​ដូរ​ទិស​ងាក​មក​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ។

សេចក្តី​សន្និដ្ឋាន​របស់​របាយការណ៍​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ទទួល​ជោគជ័យ​ឡើយ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​ទល់​នឹង​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​ក្រុម​អាជីវកម្ម។ ក្រុម​អាជីវកម្ម​មួយ​ចំនួន​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ចំហ ហើយ​យន្តការ​ដោះស្រាយ​សំណង​ខ្លះ​បង្កើត​ឡើង​ដោយ​មិន​អាច​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នោះ ជា​ការ​យល់​ឃើញ​របស់​អង្គការ​មួយ ឬ​របស់​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន ដែល​ធ្វើ​សកម្មភាព​ខាង​ការពារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល