CDRI ស្នើ​ឲ្យ​កម្ពុជា​លើក​កម្ពស់​សេវា​សុខាភិបាល

វិទ្យាស្ថាន CDRI នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​លើក​កម្ពស់​សេវា​សុខាភិបាល​សាធារណ​ឲ្យ​បាន​ ល្អ​ប្រសើរ​ជាង​មុន។
ដោយ សុខ សេរី
2010-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិទ្យាស្ថាន CDRI និង​ក្រសួង​សុខាភិបាល​កម្ពុជា រៀបចំ​សន្និសីទ​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១០ ដើម្បី​រិះរក​មធ្យោបាយ​បង្កើន​គុណភាព​សេវា​សុខាភិបាល​សាធារណៈ។
វិទ្យាស្ថាន CDRI និង​ក្រសួង​សុខាភិបាល​កម្ពុជា រៀបចំ​សន្និសីទ​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១០ ដើម្បី​រិះរក​មធ្យោបាយ​បង្កើន​គុណភាព​សេវា​សុខាភិបាល​សាធារណៈ។
RFA/Sok Serey

វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង​ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ​ទី​ឆែប២ ខែ​មេសា បាន​បើក​សន្និសីទ​អន្តរជាតិ ជា​លើក​ដំបូង​រួម​គ្នា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​រិះរក​មធ្យោបាយ​បង្កើន​គុណភាព​សេវា​សុខាភិបាល​សាធារណ នៅ​ក្នុង​ប្រទេស​កម្ពុជា ដល់​ប្រជា​ពលរដ្ឋ និង​សាធារណជន​តាម​រយៈ​ស្ថាប័ន​សន្ទុះ​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត។

វិទ្យាស្ថានCDRI បាន​ធ្វើ​ការ​ងារ​ស្រាវជ្រាវ​ផ្ដោត​លើ​វិស័យ​សុខាភិបាល​នេះ ជា​លើក​ដំបូង បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​តែ​លើក​កម្ពស់​គុណភាព ក្នុង​ការ​ផ្ដល់​សេវា​សុខាភិបាល​សាធារណ ដល់​ប្រជា​ពលរដ្ឋ នៅ​គ្រា​ដែល​មាន​ការ​រិះគន់​ថា គ្រូ​ពេទ្យ​មួយ​ចំនួន ប្រកាន់​យក​ឥរិយាបថ​មិន​សមរម្យ និង​រើស​អើង​ចំពោះ​អ្នក​ក្រីក្រ​ជា​ដើម។

លោក Larry Strange ជា​នាយក​ប្រតិបត្តិ នៃ​វិទ្យាស្ថានCDRI បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​នោះ​ថា ៖ «CDRI ជា​អ្នក​រៀបចំ​សន្និសីទ​អន្តរជាតិ ស្ដីពី​សុខភាព​នេះ។ នៅ​មាន​បញ្ហា​ច្រើន ដើម្បី​រៀន​សូត្រ​ពី​មន្ត្រី​អ្នក​សម្រប​សម្រួល និង​វាគ្មិន អ្នក​ចូល​រួម និង​ក្រុម​អ្នក​ស្រាវជ្រាវ​នានា ព្រម​ទាំង​មន្ត្រី​អ្នក​សម្រេច​ចិត្ត ដើម្បី​ជួយ​ដល់​ក្រសួង​សុខាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ឲ្យ​បាន​ល្អ​ប្រសើរ នៃ​សេវា​សុខាភិបាល​សាធារណ ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ថ្ងៃ​អនាគត»

មាន​មន្ត្រី​ក្រសួង​សុខាភិបាល អ្នក​ស្រាវជ្រាវ និង​តំណាង​របស់​វិទ្យាស្ថាន CDRI និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​ចំនួន សរុប​ជាង ៥០​នាក់ បាន​មក​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នោះ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោក អេង ហួត ដែល​បាន​ចូល​រួម បាន​មាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​កែទម្រង់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ មក​ម្ល៉េះ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ក្នុង​សេវា​សុខាភិបាល​សាធារណៈ។

លោក អេង ហួត បន្ត​ថា ៖ «រាជ​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​តែ​ខិត​ខំ ដោយ​គ្មាន​ខ្លាច​ការ​នឿយ​ហត់ និង​ជា​បន្ត​បន្ទាប់​ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​សុខាភិបាល​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ នៃ​សុខភាព​របស់​ប្រជាជន​កម្ពុជា»

លោក វាសនា គីរី ជា​ប្រធាន​នាយកដ្ឋាន និង​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍ ថា សមត្ថភាព​របស់​គ្រូ​ពេទ្យ​កម្ពុជា និង​ប្រទេស​ជិត​ខាង មិន​ខុស​គ្នា​ទេ ប៉ុន្តែ​ការ​ផ្ដល់​សេវា​សាធារណ និង​ឧបករណ៍​ពេទ្យ និង​វិទ្យាសាស្ត្រ មាន​ការ​ខុស​គ្នា។

លោក វាសនា គីរី បញ្ជាក់​ពិស្ដារ ៖ «ការ​ផ្ដល់​សេវា​សាធារណ នៅ​ក្នុង​ប្រទេស ទាំង​វិស័យ​ឯកជន​ក្ដី និង​សាធារណ​ក្ដី នៅ​តែ​ជា​ចំណុច​ចម្បង អ៊ីចឹង​ហើយ យើង​ក៏​កំពុង​តែ​នឹង​ពង្រឹង​អំពី​បច្ចេកវិជ្ជា​វេជ្ជសាស្ត្រ គេ​ហៅ​ថា Medical Technology។ អា​ហ្នឹង​វា​ទាក់​ទិន​នឹង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ការ​ព្យាបាល​រហ័ស​ទាន់​ចិត្ត»

ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ធ្លាប់​បាន​ទៅ​ព្យាបាល នៅ​ក្នុង​ប្រទេស​វៀតណាម ជិត​ខាង​កម្ពុជា ដើម្បី​ព្យាបាល​រោគ​ស្ត្រី បាន​ថ្លែង​ថា ៖ «ព្រោះ​អី​សេវា​នៅ​គេ​នោះ​ល្អ គេ​ពិនិត្យ​យើង គឺ​ច្បាស់​លាស់។ ទី​មួយ គឺ​ច្បាស់​លាស់ ទី​ពីរ គឺ​វា​មាន​តម្លៃ​សមរម្យ។ ព្រោះ​នៅ​ទី​នោះ គេ​ថា​ឈឺ​អ្វី គឺ​ឈឺ​ប្រាកដ​របស់​គេ។ មិន​ដូច​នៅ​ស្រុក​ខ្មែរ​យើង ភាគ​ច្រើន គេ​មើល​មិន​មាន​ការ​ច្បាស់​លាស់​ឲ្យ​យើង​ទេ»

កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ជំរុញ​ឲ្យ​បង្កើន​ប្រសិទ្ធភាព​សេវា​សាធារណ និង​បាន​ស្ដី​បន្ទោស​ដល់​គ្រូ​ពេទ្យ​មួយ​ចំនួន ដែល​គ្មាន​សីលធម៌​ក្នុង​ការ​សង្គ្រោះ​ជីវិត​ប្រជា​ពលរដ្ឋ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល