តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​មិន​គិត​គូរ​ពី​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​វប្បធម៌​ចាម

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ចោទ​ប្រកាន់​បន្ថែម​ទៅ​លើ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ពី​បទ​ប្រល័យ​ពូជ​សាសន៍ និង​ប្រឆាំង​មនុស្សជាតិ​លើ​ជន​ជាតិ​ចាម ប៉ុន្តែ​តុលាការ​ខ្មែរ​ក្រហម​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ​ទេ។
ដោយ ទីន ហ្សាការីយ៉ា
2010.01.25
សាលា​ក្ដី​ខ្មែរ​ក្រហម​៣០៥ សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
Courtesy of ECCC

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា​ថា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ស៊ើប​អង្កេត​ទៅ​លើ​បទ​ឧក្រិដ្ឋកម្ម​នានា ប៉ុន្តែ​ចំពោះ​ការ​បំផ្លាញ​សម្បត្តិ​វប្បធម៌ និង​សាសនា​របស់​ជនជាតិ​ចាម គឺ​គេ​មិន​បាន​លើក​មក​និយាយ​នៅ​ក្នុង​តុលាការ​នេះ​ទេ។

លោក ឆំាង យុ ជា​ប្រធាន​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ជន​ជាតិ​ចាម​នៅ​កម្ពុជា​ត្រូវ​បាន​ខ្មែរ​ក្រហម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង។

សាលាក្តី​បាន​កំណត់​ទី​តាំង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​ស៊ើប​អង្កេត​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​ជន​ជាតិ​ចាម ប៉ុន្តែ​គេ​មិន​បាន​ស៊ើប​អង្កេត​អំពី​បញ្ហា​ខ្មែរ​ក្រហម​បាន​បំផ្លាញ​ទ្រពម្យ​សម្បត្តិ​វប្បធម៌​នៃ​ជន​ជាតិ​ចាម​ទេ។

លោក ឆាំង យុ បន្ត​ថា ៖ «តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​មើល​ទៅ​លើ​អំពើ​ចេតនា​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការ​បំផ្លេច​បំផ្លាញ​នេះ​នៅ​ក្នុង​ន័យ​ថា ដើម្បី​បំបាត់​ជាតិ​សាសន៍​មួយ​ ហើយ​នេះ​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់​បើ​សិន​ជា​បញ្ហា​ទាំង​អស់​នេះ​មិន​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ផ្លូវ​ច្បាប់​»

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ កន្លង​ទៅ អង្គ​ជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចោទ​ប្រកាន់​បន្ថែម​​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ជន​ជាតិ​ចាម​និង​វៀតណាម​​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ទៅ​លើ​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ ៤​នាក់រួម​មាន នួន ជា អតីត​ប្រធាន​សភា​តំណាង​​ប្រជា​ជន, អៀង សារី អតីត​ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស, អៀង ធីរិទ្ធ រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច និង ខៀវ សំផន ប្រធាន​គណៈ​ប្រធានរដ្ឋ​នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។

អ្នក​ស្រាវជ្រាវ​ឯករាជ​លើ​ជន​ជាតិចាម​បាន​លើក​ឡើង​ដែរ​ថា ជន​ជាតិ​ចាម​បាន​បាត់​បង់​សម្បត្តិ​វប្បធម៌​ស្ទើរ​តែ​ទាំង​អស់​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ជន​ជាតិ​ចាម​បច្ចុប្បន្ន​មិន​សូវ​មាន​ការ​រីក​ចម្រើន​​និង​អនុវត្ត​ប្រពៃណី​របស់​ខ្លួន។

អ្នក​ស្រាវជ្រាវ​រូប​នោះ​បន្ថែម​ថា ៖ «ខ្មែរ​ក្រហម​ដែល​បំផ្លាញ​កំណត់​ត្រា​ពង្សាវតារ​របស់​គាត់​នោះ​ គាត់​អត់​មាន​អ្វី​ដែល​ថា ជា​សំអាង​ដើម្បី​បង្រៀន​ឲ្យ​កូន​ចៅ​របស់គាត់​យល់​ដឹង​ពី​បញ្ហា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​អំពី​បញ្ហា​ប្រពៃ​ណី​របស់​ខ្លួន»

លោក រាជ សម្បតិ្ត ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ចៅ​ក្រម​ស៊ើប​អង្កេត​កំពុង​ធ្វើការ​នៅ​ក្នុង​ខែត្រ​កំពង់ចាម​ក្នុង​ស្រុក​ពីរ គឺ​ស្រុក​កងមាស និង​ស្រុក​ក្រូចឆ្មារ ដែល​ជា​ទី​តាំង​ខ្មែរ​បាន​សម្លាប់​ជន​ជាតិ​ចាម​ច្រើន​ជាង​គេ ហើយ​បញ្ហា​នេះ​ជា​រឿង​សម្ងាត់​គេ​មិន​អាច​ឲ្យ​ដឹង​បាន​ទេ​ថា តើ​ចៅ​ក្រម​ស៊ើប​អង្កេត​នឹង​ធ្វើ​ការ​លើ​រឿង​អ្វី​ខ្លះ​នោះ​។

លោក ឆាំង យុ បាន​លើក​ឡើង​ទៀត​ថា យោង​តាម​ច្បាប់​ស្តី​ពី​ការ​បង្កើត​សាលាក្តី​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​មាត្រា​៧ បាន​ចែង​ថា អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​មាន​អំណាច​វិនិច្ឆ័យ​ទោស​ជន​សង្ស័យ​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​​ក្នុង​ការ​បំផ្លាញ​សម្បត្តិ​វប្បធម៌ យោង​តាម​អនុ​សញ្ញា​ក្រុង​ឡាអេ​ឆ្នាំ​១៩៥៤ ស្តី​ពី​ការ​ការពារ​សម្បត្តិវប្បធម៌​ក្នុង​​​ជម្លោះ​ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 26, 2010 03:30 AM

Hey can you make it easier?