សកម្មជន​ដីធ្លី​ខ្មែរ​ក្រោម​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​គុក

លោក ចៅ ហេន ជា​សកម្ម​ជន​តវ៉ា​រឿង​ដីធ្លី ជន​ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ​ចាប់​ដាក់​គុក​កាល​ពី​ខែ​មីនា ​កន្លង​ទៅ​នោះ ឥឡូវ​នេះ លោក​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់។
ដោយ ទីន ហ្សាការីយ៉ា
2011-04-11
Share
ចៅហេន៣០៥ លោក ចៅ ហេន ត្រូវ​បាន​វៀតណាម​ចោទ​ថា​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើបាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​២០០៨
Photo courtesy of http://preynokornews.blogspot.com

ភរិយា​លោក ចៅ ហេន បាន​អំពាវនាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស​នានា ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ដោះ​លែង​ស្វាមី​របស់​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ នៅ​ខណៈ​ប្តី​របស់​អ្នក​ស្រី ​គឺ​លោក ចៅ ហេន កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​នេះ។

អ្នក​ស្រី នាង ធួន បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​តាម​ទូរស័ព្ទ​ពី​មន្ទីរ​ពេទ្យ​ក្រុង​បា​រាជ ខែត្រ​មាត់​ជ្រួក ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​វៀតណាម នៅ​ថ្ងៃ​ទី​១១ មេសា ថា ស្វាមី​របស់​គាត់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្រុង​បា​រាជ កាល​ពី​ថ្ងៃ​ទី​៩ មេសា កន្លង​មក​ថ្មីៗនេះ ប៉ុន្តែ​ស្ថានភាព​ជំងឺ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ។

ការ​លាប​ពណ៌ និង​ទារុណកម្ម​បែប​ខ្មែរ​ក្រហម

សង្ឃខ្មែរក្រោម៣៧០
ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧ (Photo: preynokornews.blogspot.com)
អ្នក​ស្រី នាង ធួន បាន​អះ​អាង​ថា ស្វាមី​របស់​គាត់ លោក ចៅ ហេន ត្រូវ​បាន​កង​សន្តិសុខ​ពន្ធនាគារ​ខែត្រ​អាង​យ៉ាង ឬ​ហៅ​ថា​ខែត្រ​មាត់​ជ្រួក បាន​ប្រើ​អំពើ​ហិង្សា​លើ​រួប​លោក នៅ​ពេល​សួរ​ចម្លើយ ព្រោះ​ថា ចៅ ហេន មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង និយាយ​ស្ដី​មិន​ចេញ ហើយ​ឈឺ​ពេញ​ខ្លួន ៖ "មុខ​មាត់​អី​ឈាម​ពេញ​តែ​ខ្លួន ឥឡូវ​ខោ​អាវ​ខ្ញុំ​កំពុង​តែ​ត្រាំ​ឈាម ពី​ម្សិល​គេ​មិន​ឲ្យ​ផ្លាស់​ទេ គេ​ថា គេ​មិន​ឲ្យ​ពាក់​អាវ​ស៊ីវិល​ហ្នឹង គេ​ឲ្យ​ពាក់​អាវ​គុក ដល់​ឥឡូវ​ខ្ញុំ​សុំ​គេ​បើ​ធុំ​ស្អុយ​ហ្នឹង ខ្ញុំ​យក​ទៅ​បោក​ទៅ សុំ​តែ​មួយ​ពេល​ទេ"

របាយ​ការណ៍​ស្រាវ​ជ្រាវ​ស្ទាប​ស្ទង់​ប្រចាំ​ឆ្នាំ​២០១០ ចេញ​ផ្សាយ​ពី​ក្រសួង​ការ​បរទេស ស.រ.អា. កាល​ពី​ថ្ងៃ​សុក្រ ទី​៨ មេសា បាន​សំដែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​មិន​សូវ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​មួយ​ចំនួន ជា​ពិសេស​ប្រទេស​ភូមា និង​វៀតណាម។

នៅ​ក្នុង​របាយ​ការណ៍​នេះ​បាន​សរសេរ​ថា រដ្ឋ​អំណាច​ក្រុង​ហា​ណូយ បាន​បង្កើន​ការ​គាបសង្កត់​លើ​ការ​បញ្ចេញ​មតិ​ជំទាស់​នឹង​រដ្ឋ​អំណាច ហើយ​ប៉ូលិស​វៀតណាម​តែង​តែ​បំពារ​បំពាន​រូប​កាយ​ជន​សង្ស័យ ពេល​ចាប់​ខ្លួន​របស់​គេ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង ដូច​ជា​ករណី​លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ខណៈ​ដែល​លោក​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ខែត្រ​មាត់​ជ្រួក ក្រោយ​ពេល​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន UNHCR នៅ​ប្រទេស​ថៃ មិន​ផ្ដល់​សិទ្ធ​ជា​ជន​ភៀស​ខ្លួន​ដល់​លោក និង​ករណី​ចាប់​ខ្លួន​អ្នក​ផ្សេងៗ​ទៀ។

កាល​ពី​ថ្ងៃ​ទី​៣១ មីនា សាលា​ដំបូង​ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក បាន​កាត់​ទោស​លោក ចៅ ហេន ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណ និង​បង្ក​អសន្តិសុខ​សង្គម។

ក្រោយ​ពេល​តុលាការ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​រួច អាជ្ញាធរ​វៀតណាម​បាន​បញ្ជូន​លោក ចៅ ហេន ទៅ​ដាក់​គុក​ខែត្រ​មាត់​ជ្រូក វៀតណាម​ហៅ​ថា​ទីក្រុង​បា​រាជ ឬ​ទីក្រុង​ឡុង​ស្វៀង (Long Xuyen)។

ទាក់ទង​ទៅ​នឹង​របាយ​ការណ៍​របស់​ក្រសួង​ការ​បរទេស​អាមេរិក​នេះ ត្រូវ​បាន​រដ្ឋាភិបាល​វៀត​ណាម​ប្រតិកម្ម​តប​វិញ​ភ្លាមៗ ថា ជា​របាយ​ការណ៍​គ្មាន​តម្លាភាព។

កាល​ពី​ថ្ងៃ​ទី​៩ មេសា សារ​ព័ត៌មាន​នគរបាល​វៀតណាម បាន​ស្រង់​សំដី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម អ្នក​ស្រី ង្វៀន ភឿង​ង៉ា (Nguyen Phuong Nga) បាន​មាន​ប្រសាសន៍​ថា ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ រាល់​សកម្មភាព​បំពារ​បំពាន​ច្បាប់ គឺ​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់ ហើយ​ប្រទេស​វៀតណាម គឺ​ជា​ប្រទេស​ប្រកប​ដោយ​នីតិ​រដ្ឋ រាល់​សកម្មភាព​ណា​រំលោភ​បំពាន​ច្បាប់ នឹង​ត្រូវ​ថ្កោល​ទោស​ស្រប​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​វៀតណាម ដែល​ស្រប​ទៅ​នឹង​អនុ​សញ្ញា​អន្តរ​ជាតិ​ស្តី​អំពី​សិទ្ធិ​ពល​រដ្ឋ និង​នយោបាយ។

ទោះ​ជា​យ៉ាង​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លោក ថាច់ ង៉ុក​ថាច់ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​សហ​រដ្ឋ​អាមេរិក​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១១ មេសា​នេះ​ថា នេះ​ជា​ពាក្យ​ដោះ​សារ ដែល​រដ្ឋាភិបាល​វៀតណាម​តែង​តែ​ឆ្លើយ​តប​បែប​នេះ​ជា​រឿយៗ​មក។ លោក ថាច់ ង៉ុកថាច់ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​វៀត​ណាម​ជា​រដ្ឋាភិបាល​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​គេ​តែង​តែ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​ការ​ពារ​ដី​ស្រែ​ចម្ការ​របស់​ខ្លួន ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រឹប​អូស​យក​នោះ ៖ "ការ​រំលោភ​សិទ្ធិ​យើង​មើល​ឃើញ​ជាក់​ស្ដែង ដូច​ជា​គេ​មិន​ឲ្យ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​មើល​កម្មវិធី​ទូរទស្សន៍​កម្ពុជា ទោះបី​ជា​ប្រទេស​វៀតណាម​ហ្នឹង មាន​មិត្តភាព​ជា​មួយ​កម្ពុជា​ក៏​ដោយ ព្រោះ​ថា​គេ​ខ្លាច​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​យល់​ដឹង​អំពី​វប្បធម៌​របស់​ខ្មែរ ទី​ពីរ​ការ​ធ្វើ​បុណ្យ​ទាន​តូច​ធំ គេ​តម្រូវ​ឲ្យ​សុំ​ច្បាប់ គេ​មិន​ឲ្យ​ព្រះ​សង្ឃ​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ​មាន​ទំនាក់​ទំនង​និង​គ្នា"

លោក ថាច់ ង៉ុក​ថាច់ បាន​រំលឹក​ថា កន្លង​មក​មាន​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​រួប​ផ្សេង​ទៀត ដែល​បាន​ធ្វើ​ការ​ទាម​ទារ​រឿង​ដីធ្លី​របស់​ខ្លួន​នោះ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ហើយ​តុលាការ​វៀតណាម​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដូច​ៗ​គ្នា​ទាំង​អស់ គឺ​បទ​ចោទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណ និង​បង្ក​អសន្តិសុខ​សង្គម ៖ "គុក​យួន​ជា​ទូទៅ​ខ្មែរ​ក្រោម​ជាប់​គុក​ហ្នឹង គឺ​មាន​ការ​វាយ​ដំ បើ​មិន​ដោយ​ពួក​ប៉ូលិស ពួក​សន្តិសុខ​គុក គឺ​ពួក​វៀតណាម​ជាប់​គុក​ជា​មួយ​ហ្នឹង ខ្ញុំ​ជឿ​ជាក់​ថា ចៅ ហេន ទទួល​ទណ្ឌកម្ម​របៀប​ហ្នឹង ទី​ពីរ​បង​ប្អូន​ខ្មែរ​ក្រោម​ជាប់​គុក​កន្លង​មក​ហ្នឹង បញ្ហា​ធំ​គឺ​បញ្ហា​ចាក់​ថ្នាក់​ឲ្យ​ស្លាប់​រយៈ​ពេល​ពីរ ឬ​បី​ឆ្នាំ​ទៅ​មុខ"

ស្នើ​សហគមន៍​អន្តរ​ជាតិ​ជួយ

អ្នក​ស្រី នាង ធួន បាន​សម្ដែង​នូវ​ក្ដី​អាណិត​អាសូរ​ដល់​ស្វាមី​របស់​អ្នក​ស្រី គឺ​លោក ចៅ ហេន ដែល​មាន​ជំងឺ ហើយ​មាន​របួស​ពេញ​រាង​កាយ​នោះ ដោយ​អំពាវនាវ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នានា ធ្វើ​យ៉ាង​ណា​ឲ្យ​រក​វិធី​ដោះ​ស្រាយ​ឲ្យ​ស្វាមី​របស់​អ្នក​ស្រី​មាន​សេរីភាព​ឡើង​វិញ បើ​មិន​ដូច្នោះ​ទេ វាសនា​របស់​លោក ចៅ ហេន មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ៖ "ដោះ​លែង​គាត់​ចេញ​ទៅ គាត់​ចាស់​ហើយ ឲ្យ​គាត់​ជាប់​គុក គេ​វាយ​គេ​ទាត់​ធ្វើ​បាប អាច​ស្លាប់"

លោក ថាច់ ង៉ុក​ថាច់ បាន​បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន លោក​បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​អង្គ​ទួត​នានា ដែល​ប្រចាំ​ការ​នៅ​ទីក្រុង​ហាណូយ និង​រដ្ឋាភិបាល​ប្រទេស​កាណាដា ដើម្បី​ឲ្យ​ជួយ​ធ្វើ​ការ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះ​លែង​លោក ចៅ ហេន វិញ។ លោក ថាច់ ង៉ុក​ថាច់ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​លិខិត​ស្នើ​សុំ​ឲ្យ​ជួយ​ករណី​លោក ចៅ ហេន នេះ គឺ​រដ្ឋាភិបាល​កាណាដា​បាន​ឆ្លើយ​តប​ឲ្យ​លោក​ដឹង​វិញ​ថា គេ​ចាប់​អារម្មណ៍ ហើយ​គេ​នឹង​ពិនិត្យ​មើល​លើ​រឿង​នេះ។

គិត​មក​ដល់​ពេល​នេះ របាយ​ការណ៍​របស់​ក្រសួង​មហា​ផ្ទៃ​បាន​បង្ហាញ​ថា មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​ជាង ៨​ម៉ឺន​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ហូរ​ចូល​នៃ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោម​មក​កម្ពុជា ធ្វើ​ឡើង​តាម​រយៈ​ការ​រត់​គេច​ខ្លួន ក្រោយ​ពី​មាន​បញ្ហា​ជា​មួយ​អាជ្ញាធរ​វៀតណាម ការ​ឡើង​មក​ធ្វើ​ជំនួញ និង​ការ​មក​សិក្សា​ជា​ដើម។

ឯកសារ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា បារាំង​បាន​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ចំនួន ៦​ខែត្រ ប៉ុន្តែ​ឯកសារ​ខ្លះ​ថា មាន​ចំនួន​២១ ហើយ​ក្រោយ​មក​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន បាន​ភៀស​ខ្លួន​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​កណ្ដាល និង​ទៅ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល