ជា មុនី គ្រោង​លា​ឈប់​ពី​មេដឹកនាំ​សហជីព​កម្មករ

មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ប្រទេស​កម្ពុជា លោក ជា មុនី គ្រោង​លា​ឈប់​ពី​តំណែង​ប្រធាន​សហជីព ក្នុង​ពេល​ដ៏​ឆាប់ បន្ទាប់​ពី​បាន​កាន់​កាប់​តំណែង​នេះ រយៈ​ពេល ៦​ឆ្នាំ​។
ដោយ ដែន អយុធ្យា
2010-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
RFA file photo

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ដែល​បាន​កាន់​តំណែង​ប្រធាន​សហជីព រយៈ​ពេល ៦​ឆ្នាំ បន្ត​វេន​ពី​បង​ប្រុស គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី​២២ ខែ មករា ឆ្នាំ​២០០៤ គ្រោង​ថា នឹង​មិន​ឈរ​ឈ្មោះ​ជា​មេដឹកនាំ​សហជីព​កម្មករ​បន្ត​ទៀត​ទេ នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ។

លោក​ថ្លែង​ថា លោក​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ ក្នុង​សហជីព ព្រោះ​លោក​យល់​ថា មេ​ដឹក​នាំ​ដដែល​ៗ អាច​មិន​មាន​គំនិត​ថ្មី នាំ​ឲ្យ​រីក​ចំរើន​ដល់​សហ​ជីព ម្យ៉ាង​ការ​លា​ឈប់ ក៏​បណ្ដាល​មក​ពី​បញ្ហា​សុខ​ភាព​ផង​ដែរ។

លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «អ៊ីចឹង​យើង​ចង់​ឲ្យ​អង្គការ​ខ្ញុំ​ហ្នឹង មាន​ការ​រីក​ចំរើន អ្វី​ដែល​ខ្ញុំ​លើក​ឡើង​នេះ គឺ​ខ្ញុំ​មាន​បទ​ពិសោធន៍​ពី​ឥស្សរ​ជន​នយោបាយ ពី​ប្រទេស​អូស្ត្រាលី ប្រទេស​អង់គ្លេស ប្រទេស​អាមេរិក ក៏​ដូច​ជា​ប្រទេស​បារាំង​ដែរ កាល​ណា NGO មួយ ឬ​ក៏​ថ្នាក់​ដឹក​នាំ​ជាតិ​មួយ ជា​ពិសេស​នាយក​រដ្ឋមន្ត្រី ប្រសិន​បើ​ចង់​ឲ្យ​ជាតិ​គេ​រីក​ចំរើន ឬ​ក៏​ចង់​ឲ្យ​អង្គការ​គេ​រីក​ចំរើន​បាន លុះ​ត្រា​តែ​មាន​ការ​ផ្លាស់​ប្ដូរ ក្នុង​ករណី​ទី​២ ខ្ញុំ​ហ្នឹង​មាន​សុខភាព​មិន​សូវ​ល្អ​ដែរ ដោយសារ​ខ្ញុំ​មាន​ជំងឺ​សួត»

សហជីព​សេរី​កម្មករ បង្កើត​ដំបូង នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​១៩៩៦ ដឹក​នាំ​ដោយ​អ្នក​ស្រី អ៊ូ ម៉ារី បន្ទាប់​មក​សហ​ជីព​នេះ ត្រូវ​បាន​លោក ជា វិជ្ជា ដឹក​នាំ​ជំនួស​ម្ដង​នៅ​ឆ្នាំ​១៩៩៨ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ជា​ថ្ងៃ​ឃាតក​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​។ ក្រោយ​មក នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០០៤ លោក ជា មុនី បាន​ដឹក​នាំ​ជំនួស រហូត​មក​ដល់​សប់​ថ្ងៃ។

ក្នុង​រយៈ​ពេល ៦​ឆ្នាំ លោក ជា មុនី បាន​អះ​អាង​ថា បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​រៀង​រាល់​ឆ្នាំ ដើម្បី​ជួយ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​ជូន​កម្មករ បាន​ចំនួន ១១​ដុល្លារ​ផង​ដែរ។

ស្រី ម៉ី ជា​កម្មការិនី បម្រើ​ការ​នៅ​រោងចក្រ​កាត់​សំលៀក​បំពាក់ មាន​ទី​តាំង​នៅ​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ព័ត៌មាន​ពី​ការ​លា​ឈប់​ពី​មេ​ដឹក​នាំ​សហជីព​កម្មករ របស់​លោក ជា មុនី ក្រុម​កម្មករ​ភាគ​ច្រើន មាន​ការ​សោក​ស្ដាយ ព្រោះ​បាត់​មុខ​មេ​ដឹក​នាំ​សកម្ម​ម្នាក់ ហ៊ាន​ចេញ​មុខ​តវ៉ា​ពី​ការ​រំលោភ​សិទ្ធិ​ការ​ងារ​ពី​ថៅកែ ជូន​ដល់​កម្មករ។

ចំណែក​លោក នូវ សុភ័ស្ត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​សម្ដែង​ការ​សោក​ស្ដាយ ជុំ​វិញ​គម្រោង​លា​ឈប់​ពី​តួនាទី​ប្រធាន​សហជីព​កម្មករ​របស់​លោក ជា មុនី ដូច្នេះ ៖ «បើ​គាត់​លា​ឈប់​ពី​ប្រធាន​សហ​ជីព គឺ​កម្មករ​ជា​ច្រើន បាន​បាត់​បង់​ប្រយោជន៍​ពី​គាត់។ មាន​ន័យ​ថា គាត់​ធ្លាប់​ជួយ​ធ្វើ​ការ​តវ៉ា ជួយ​ដល់​កម្មករ បើ​អត់​ពី​គាត់​ទៅ ទំនង​ជា​គ្មាន​នរណា​ពឹង​ផ្អែក​ទៀត​ទេ»

ជុំវិញ​ការ​លា​ឈប់​នេះ មតិ​ខ្លះ​បាន​លើក​ឡើង​ថា លោក ជា មុនី ទំនង​ជា​ទទួល​រង​ការ​គំរាម​សម្លាប់ ដូច​បង​ប្រុស គឺ​លោក ជា វិជ្ជា ឬ​មួយ​ក៏​ត្រូវ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទិញ​ទឹក​ចិត្ត ប៉ុន្តែ​លោក ជា មុនី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​សូម​ជម្រាប​ដែរ​ថា មួយ​ជីវិត​នេះ ខ្ញុំ​មិន​តក់​ស្លុត​នឹង​សេចក្ដី​ស្លាប់​ទេ។ អ៊ីចឹង​មក​ដល់​ពេល​នេះ អត់​ទាន់​មាន​នរណា​គំរាម​ជីវិត​ខ្ញុំ​នៅ​ឡើយ​ទេ។ ដូច​ជា​ការ​ទិញ​ឧត្ដម​គតិ​ខ្ញុំ​ៗ គិត​ថា គ្មាន​នរណា​ទិញ​ឧត្ដម​គតិ​ខ្ញុំ​បាន​ទេ ឧត្ដម​គតិ​ខ្ញុំ​មាន​របៀប​ណា គឺ​ខ្ញុំ​ធ្វើ​របៀប​ហ្នឹង»

លោក ជា មុនី បាន​គេ​បោះ​ឆ្នោត​ជាប់​ជា ប្រធាន​សហជីព​សេរី​កម្មករ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០០៤ ពោល គឺ​៦​ខែ បន្ទាប់​ពី​លោក ជា វិជ្ជា អតីត​មេ​ដឹក​នាំ​សហជីព ជា​បង​ប្រុស ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ គិត​មក​ដល់​ខែ​មិថុនា ឆ្នាំ​២០១០ នេះ មាន​រយៈ​ពេល ៦​ឆ្នាំ គត់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល