ជា មុនី គ្រោង​ដឹង​នាំ​កម្មករ​ធ្វើ​កូដកម្ម​បី​ថ្ងៃ​ទាមទារ​ដំឡើង​ប្រាក់​ខែ

មេដឹកនាំ​សហជីព​សេរី​កម្មករ​កម្ពុជា អំពាវនាវ​ឲ្យ​កម្មករ-កម្មការិនី ផ្អាក​ធ្វើ​ការងារ​រយៈពេល ៣​ថ្ងៃ ដើម្បី​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល និង​និយោជក​ទទួល​យក​នូវ​សំណើ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ជូន​កម្មករ​ ទូទៅ។
ដោយ ដែន អយុធ្យា
2010-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
RFA file photo

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា មាន​ប្រសាសន៍​ថា សហជីព​បាន​ផ្ញើ​លិខិត​អំពាវ​នាវ​ដល់​កម្មករ​កំពុង​បម្រើ​ការ​តាម​រោង​ចក្រ ឬ​សហ​គ្រាស នៅ​ទូទាំង​ប្រទេស ឲ្យ​ចូល​រួម​ជា​មួយ​សហជីព ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ ៣​ថ្ងៃ នៅ​ខែ​មិថុនា​ខាង​មុខ ប្រយោជន៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក ដំឡើង​ប្រាក់​ខែ​ចំនួន ២០​ដុល្លារ ជូន​កម្មករ​បន្ថែម​លើ​ប្រាក់​ខែ​គោល ៥០​ដុល្លារ តាម​ការ​សន្យា​របស់​សមាគម​កាត់​ដេរ​កម្ពុជា​កាល​ពី​ឆ្នាំ២០០៦។

លោក ជា មុនី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ថា កូដកម្ម ៣​ថ្ងៃ គឺ​តម្រូវ​ឲ្យ​កម្មករ-កម្មការិនី​តាម​រោង​ចក្រ ឬ​សហ​គ្រាស ត្រូវ​អង្គុយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​កន្លែង ខាង​ក្រៅ​បរិវេណ​ក្រុមហ៊ុន ឬ​រោង​ចក្រ ដោយ​មិន​ដើរ​ដង្ហែ​ក្បួន តាម​ផ្លូវ​សាធារណៈ​ឡើយ។

លោក ជា មុនី មាន​ប្រសាសន៍​ថា ៖ «សូម​អំពាវនាវ​ដល់​កម្មករ​កម្មការិនី​ទាំង​អស់ បើ​សិន​ជា​យើង​ចេញ​កំណត់​កាល​បរិច្ឆេទ​ណា​មួយ​ហើយ សូម​ឲ្យ​កម្មករ-កម្មការិនី​ចូល​រួម​ទាំង​អស់​គ្នា ព្រោះ​ថា ការណ៍​ដែល​បង​ប្អូន​ធ្វើ គឺ​ជា​ផល​ប្រយោជន៍​ផ្ទាល់​របស់​បង​ប្អូន។ ក្នុង​នោះ​ក៏​យើង​អំពាវនាវ​ផង​ដែរ​ថា សមាគម​កាត់​ដេរ​គួរ​ណាស់​តែ​ធ្វើ​ការ​ពិចារណា​ដំឡើង​ប្រាក់​បៀវត្ស​ឲ្យ​កម្មករ ព្រោះ​ថា បើ​កម្មករ-កម្មការិនី​មាន​ប្រាក់​បៀវត្ស​តិច គាត់​ក៏​មិន​អាច​ធ្វើ​ការ​ផលិត​ផលិតផល​ឲ្យ​មាន​គុណភាព​ល្អ​ដល់​រោង​ចក្រ សម្រាប់​ធ្វើ​ការ​ប្រកួត​ប្រជែង​ដែរ»

ឆ្លើយ​តប​គម្រោង​ដឹក​នាំ​ធ្វើ​កូដកម្ម​របស់​មេ​ដឹក​នាំ​សហជីព​កម្មករ លោក Kan Loo អគ្គ​លេខាធិការ​សមាគម​កាត់​ដេរ​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ដូច្នេះ ៖ «គម្រោង​ដឹក​នាំ​ធ្វើ​កូដកម្ម ពី​មេ​ដឹក​នាំ​សហជីព​កម្មករ​ថា គួរ​ឲ្យ​អស់​សំណើច​។ ព្រោះ​ថា រាល់​ការ​ធ្វើ​កូដកម្ម វា​គួរ​តែ​ក្រុម​កម្មករ​ជា​អ្នក​ផ្ដួចផ្ដើម​ធ្វើ មិន​មែន​សហជីព​ជា​អ្នក​ផ្ដួចផ្ដើម​នោះ​ទេ»

មន្ត្រី​រូប​នេះ​បាន​ចាត់​ទុក​គម្រោង​ដឹក​នាំ​ធ្វើ​កូដកម្ម​របស់​មេ​ដឹក​នាំ​សហជីព ស្នើ​ឲ្យ​កម្មករ​ចូល​រួម​ជា​មួយ​សហ​ជីព ដើម្បី​ធ្វើ​កូដកម្ម មិន​ចូល​ធ្វើ​ការ គឺ​ជា​ការ​ញុះញង់ នឹង​ខុស​ច្បាប់​នៅ​កម្ពុជា។

ឆ្លើយ​សំណួរ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ដែល​សួរ​ថា តើ​សមាគម​កាត់​ដេរ​កម្ពុជា គិត​យ៉ាង​ណា​ចំពោះ​ប្រាក់​ខែ​កម្មករ​សប់​ថ្ងៃ តើ​សម​ហេតុផល​នឹង​ត្រូវ​ដំឡើង ឬ​យ៉ាង​ណា​នោះ?

លោក Ken Loo អគ្គ​លេខាធិការ​សមាគម​កាត់​ដេរ​កម្ពុជា បក​ស្រាយ​ថា សមាគម​កាត់​ដេរ​កម្ពុជា (GMAC) យល់​ពី​ការ​ងារ​នេះ​ច្បាស់​ណាស់។ ហើយ​ថា ឆ្នាំ​២០១០​នេះ ជា​ឆ្នាំ​ត្រូវ​ពិនិត្យ​អំពី​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ​ឡើង​វិញ ព្រោះ​សមាគម​ធ្លាប់​បាន​សន្យា​កាល​ពី​ឆ្នាំ​២០០៦។ ដូច្នេះ​សមាគម​ត្រូវ​រក្សា​ការ​សន្យា និង​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល និង​សហជីព ដើម្បី​ពិនិត្យ​ប្រាក់​ខែ​អប្បបរមា​ជូន​កម្មករ​ឡើង​វិញ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​គម្រោង​ដឹក​នាំ​ធ្វើ​កូដកម្ម​ពី​សហជីព​កម្មករ ស្នើ​ឲ្យ​កម្មករ​ផ្អាក​មិន​ធ្វើ​ការ​បី​ថ្ងៃ ទាមទារ​ដំឡើង​ប្រាក់​បៀវត្ស ២០​ដុល្លារ ពី​មន្ត្រី​ក្រសួង​ការងារ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គម្រោង​ធ្វើ​កូដកម្ម​ផ្អាក​មិន​ឲ្យ​កម្មករ​ធ្វើ​ការ​៣​ថ្ងៃ នា​ពេល​ខាង​មុខ សហជីព​បាន​អះអាង​ថា មាន​សមាជិក​ជាង ៨​ម៉ឺន​នាក់​កំពុង​បម្រើ​ការ​នៅ​តាម​រោង​ចក្រ​សហ​គ្រាស​ចំនួន​១១៩ ដែល​ត្រៀម​ចូល​រួម​ធ្វើ​កូដកម្ម​ទាមទារ​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល