នាយករដ្ឋមន្ត្រី​ឆេកូ​គ្រោង​មក​ទស្សនកិច្ច​នៅ​កម្ពុជា

នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆេកូ គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​នេះ។ គម្រោង​ធ្វើ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។
ដោយ សុខ សេរី
2010.04.21

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បង្ហើប​ឲ្យ​ដឹង​ថា គណៈប្រតិភូ​សាធារណរដ្ឋ​ឆេកូ ដឹក​នាំ​ដោយ​លោក ជេន ហ្វីស្ស័រ (Jan Fischer) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆេកូ មាន​គម្រោងការ​មក​បំពេញ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល ៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ខាង​មុខ​នេះ ដើម្បី​មក​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។

គម្រោង​ការ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​ខាង​មុខ​នេះ គឺ​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

លោក កុយ គួង ជា​មន្ត្រី​អ្នក​ពាក្យ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថៃ្ង​ពុធ ទី​២១ ខែ​មេសា ថា ៖ «ក្នុង​អំឡុង​ទស្សនកិច្ច​ហ្នឹង ឯកឧត្ដម ជេន ហ្វីស្ស័រ និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ថា បញ្ហា​សំខាន់​គឺ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង និង​កិច្ច​ប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ឆេកូ​នេះ។ ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​វិនិយោគ ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​និង​ប្រទេស​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត។ អំឡុង​ពេល​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរ​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ឆេកូ​ផង​ដែរ»

លោក ជេន ហ្វីស្ស័រ និង​ប្រតិភូ​ជាន់​ខ្ពស់ មាន​គម្រោងការ​ជួប​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​បរមនាថ នរោត្តម សីហមុនី ជួប​ពិភាក្សា​ជាមួយ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា។

លោក គឹម ស៊ូភីរិទ្ធិ ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សមរង្ស៊ី បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ជា​ការ​ល្អ​ណាស់​ដែល​មាន​ការ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ ផ្លាស់​ប្ដូរ​ទស្សនកិច្ច​ជា​ផ្លូវការ​រវាង​ប្រមុខ​អ្នក​ដឹក​នាំ​របស់​ប្រទេស​នីមួយៗ ដើម្បី​រឹត​ចំណង​ការ​ទូត។ ពីព្រោះ​ក្រៅ​ពី​ចំណង​ការ​ទូត និង​ផ្នែក​នយោបាយ គឺ​យើង​ឃើញ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ផ្សេង​ទៀត អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ មក​ពី​ប្រទេស​ឆេកូ អាច​នឹង​សម្លឹង​ឃើញ​វិស័យ​ណា​មួយ ដើម្បី​មក​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»

ប្រភព​ពី​មន្ត្រី​ការ​ទូត​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​សាធារណរដ្ឋ​ឆេកូ ដែល​កន្លង​មក​មាន​ឈ្មោះ​ថា សាធារណរដ្ឋ​ឆេកូស្លូវ៉ាគី ដោយ​រដ្ឋ​ឆេកូ និង​ស្លូវ៉ាគី ចូល​ជាមួយ​គ្នា​នោះ បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​១៩៥៧ កន្លង​ទៅ ប៉ុន្តែ​ទំនាក់​ទំនង​នោះ​បាន​កាត់​ផ្ដាច់​ទៅ​វិញ​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​របប​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។

ក្រោយ​មក​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ឆេកូ បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជា​ថ្មី​កាល​ពី​ឆ្នាំ​១៩៩៦។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បាទ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆេកូ ដើម្បី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​របាំ និង​អក្សរ​សាស្ត្រ​ពី​ប្រទេស​នេះ។

ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ឆេកូ មិន​មាន​ស្ថានទូត​នៅ​ក្នុង​ប្រទេស​ទាំង​សង​ខាង​ទេ ប៉ុន្តែ​កម្ពុជា​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​គ្នា ដោយ​មាន​និវេសនដ្ឋាន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​សាធារណរដ្ឋ​ឆេកូ មាន​និវេសនដ្ឋាន​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។