ចិន​ផ្ដល់​ជំនួយ​ជាង​៦​លាន​ដុល្លារ​សម្រាប់​ជួស​ជុល​ប្រាសាទ​តាកែវ

រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ​៤០​លាន​យ័ន ស្មើ​និង​ជាង​៦​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក សម្រាប់​ធ្វើ​ការ​ជួស​ជុល​ប្រាសាទ​បូរាណ​តាកែវ។
ដោយ ហង្ស សាវយុត
2010-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុខ អាន (ស្ដាំ) ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​របស់​ប្រទេស​កម្ពុជា និង​លោក​ឆៃ អ៊ូ (CAI WU) រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន កាត់​ខ្សែបូ​បើក​ការដ្ឋាន​ជួស​ជុល​ប្រាសាទ​តាកែវ នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០
លោក សុខ អាន (ស្ដាំ) ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​របស់​ប្រទេស​កម្ពុជា និង​លោក​ឆៃ អ៊ូ (CAI WU) រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន កាត់​ខ្សែបូ​បើក​ការដ្ឋាន​ជួស​ជុល​ប្រាសាទ​តាកែវ នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០
RFA/Hang Savyouth

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​ចូល​រួម​ធ្វើ​ជា​គណ​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​ជួស​ជុល​ប្រាសាទ​តាកែវ នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា ដែល​មាន​ក្រុម​អ្នក​ជំនាញ និង​វិស្វករ​ចិន​ជា​អ្នក​ទទួល​ធ្វើ​ការ​ងារ​ជួស​ជុល​ប្រាសាទ​បូរាណ​នោះ។

លោក ឆៃ អ៊ូ (CAI WU) រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​ឲ្យ​ដំណើរ​ការ​នោះ​ថា គម្រោង​ការ​ថែ​រក្សា និង​ជួស​ជុល​ឡើង​វិញ​នៃ​ប្រាសាទ​តាកែវ ជា​គម្រោង​ការ​ធំ​មួយ​ដែល​ត្រូវ​ការ​ភាគី​រដ្ឋាភិបាល​ចិន និង​កម្ពុជា​ធ្វើ​កិច្ច​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ៖ «កាល​ពី​ខែ​មេសា ឆ្នាំ​២០០៦ ដោយ​មាន​លោក វិន ស៊ា​បាវ នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន និង​លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ជា​សាក្សី រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា​រដ្ឋាភិបាល​ចិន​នឹង​ជួយ​ថែ​រក្សា និង​ជួស​ជុល​ឡើង​វិញ​នូវ​ប្រាសាទ​តាកែវ ដែល​ជា​គម្រោង​ទី​២​របស់​ប្រទេស​ចិន ជួយ​ថែ​រក្សា​អង្គរ និង​បេតិកភណ្ឌ​មនុស្ស​ជាតិ​ឲ្យ​បាន​ល្អ​ប្រសើរ»

អ្នក​ទេសចរណ៍​ជន​ជាតិ​ចិន​មួយ​ក្រុម បាន​ឈរ​ថត​រូប​ភាព​នៅ​មុខ​ប្រាសាទ​តាកែវ ស្រប​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ចិន​សម្ពោធ​បើក​ការដ្ឋាន​ជួស​ជុល​ប្រាសាទ​នេះ
អ្នក​ទេសចរណ៍​ជន​ជាតិ​ចិន​មួយ​ក្រុម បាន​ឈរ​ថត​រូប​ភាព​នៅ​មុខ​ប្រាសាទ​តាកែវ ស្រប​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ចិន​សម្ពោធ​បើក​ការដ្ឋាន​ជួស​ជុល​ប្រាសាទ​នេះ Photo: RFA

នេះ​ជា​លើក​ទី​២​ហើយ ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​បាន​ផ្ដល់​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​ក្នុង​ការ​ជួស​ជុល​ប្រាសាទ​បូរាណ​នៅ​ខេត្ត​សៀមរាប ដោយ​កាល​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០០៩ ចិន​បាន​ផ្ដល់​ទឹក​ប្រាក់​ប្រមាណ​១៤​លាន​យ័ន ស្មើ​និង​ជាង​២​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួល​ជុល​ប្រាសាទ​ចៅសាយ​ទេវតា ដែល​បាក់​បែក​ខូច​ខាត​ឲ្យ​ល្អ​ឡើង​វិញ។

លោក សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​របស់​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​អភិរក្ស​ប្រាសាទ​បូរាណ​មិន​គ្រាន់​តែ​ជា​មធ្យោបាយ​ការ​ពារ​ប្រាសាទ​បូរាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​ចិរភាព និង​បង្កើត​ការ​ងារ​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ជិត​ខាង ក៏​ដូច​ជា​ក្នុង​ខេត្ត​សៀមរាប​ទាំង​មូល ជា​ពិសេស​ជួយ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទៀត​ផង ៖ «ក្នុង​នាម​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជា​ជន​កម្ពុជា តាម​រយៈ​ឯកឧត្ដម ឆៃ អ៊ូ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន ខ្ញុំ​សូម​សំដែង​នូវ​ការ​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជា​ពល​រដ្ឋ​នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន ដែល​បាន​ផ្ដល់​នូវ​វិភាគ​ទាន​ដ៏​ថ្លៃ​ថ្លា​ក្នុង​ការ​អភិរក្ស​ប្រាសាទ​បូរាណ​ក៏​ដូច​ជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាំង​ពី​ដើម​រៀង​មក»

ប្រាសាទ​តាកែវ បាន​កសាង​ឡើង​ក្នុង​អំឡុង​សតវត្ស​ទី១០-១១ នៃ​គ្រិស្ត​សករាជ ដែល​ជា​សំណង់​ដ៏​អស្ចារ្យ​មួយ​ក្នុង​សម័យ​អង្គរ ប៉ុន្តែ​ពេល​បច្ចុប្បន្ន ផ្ទាំង​ថ្ម​នៃ​ប្រាសាទ​បូរាណ​នេះ​មាន​ការ​បាក់​បែក និង​ខូច​ខាត​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ការ​ពារ​ថែ​រក្សា និង​ការ​ជួស​ជុល​ឡើង​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល