មន្រ្តី​ប៉ូលិស​និង​ប៉េអឹម​ប៉ះ​ទង្គិច​គ្នា​នៅ​​ស្ទឹងត្រែង

មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​រវាង​ក្រុម​ប៉ូលិស​ខេត្ត​​ស្ទឹងត្រែង​និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត កាល​ពី​យប់​ថ្ងៃ​ទី​៣០ មករា​កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ស្លាប់​ទេ។
ដោយ រដ្ឋា វីសាល
2010-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី លោក រដ្ឋា វីសាល រាយ​ការណ៍​មក​ថា មន្ត្រី​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក ធៀម មួន ចោទ​ប្រកាន់​មន្ត្រី​អាវុធ​ហត្ថ​ផ្ទៃ​ប្រទេស​ពីរ​នាក់​ថា បាន​ដេញ​បាញ់​ជា​ច្រើន​គ្រាប់​មក​លើ​រថយន្ត​លោក​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្ត​ស្ទឹងត្រែង​ទៅ​កាន់​ខេត្ត​រតនគិរី​កាល​ពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១០ ដោយ​សង្ស័យ​ថា ជា​រថយន្ត​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មករា ឆ្នាំ​២០១០ លោក ធៀម មួន បញ្ជាក់​ថា នេះ​ជា​អំពើ​រំលោភ​បំពាន​ច្បាប់​ដោយ​មន្ត្រី​អាវុធហត្ថ​ទាំង​ពីរ ប្រើ​អំណាច​និង​អាវុធ​បាញ់​គំរាម​និង​ប្រមាថ​មក​លើ​លោក​និង​អ្នក​រួម​ដំណើរ​៤​នាក់​ផ្សេង​ទៀត ហើយ​ករណី​នេះ លោក​បាន​ផ្តល់​សេចក្តី​រាយការណ៍​ជូន​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​រួច​ហើយ។

លោក ធៀម មួន មាន​ប្រសាសន៍​ដូច្នេះ ៖ «ភ្ជង់​ខ្ញុំ ខ្ញុំ​សួរ​ថា ហេតុ​អី​បាញ់​ឡាន​ខ្ញុំ ខ្ញុំ​ខុស​អី? គេ​ថា ឡាន​ឯង​ដឹក​ស្អី? ខ្ញុំ​ថា ឡាន​ខ្ញុំ​អត់​ដឹក​អី​ទេ ខ្ញុំ​ទៅ​លេង​រតនគិរី​ទេតើ! ដល់​ហើយ​គេ​ឆែក​ឡាន​ខ្ញុំ ពេល​ឆែក​អត់​ឃើញ គេ​ក៏​ឲ្យ​ទៅ កាំភ្លើង​ច្រងេងច្រងាង​ផង ខ្ញុំ​ក៏​អត់​ហ៊ាន​តមាត់​ច្រើន​ដែរ ខ្ញុំ​ក៏​បើក​ឡាន​ទៅ​ដល់​អូរពងមាន់ ខ្ញុំ​ឈប់។ ខ្ញុំ​ឈប់​នៅ​អូរពងមាន់ ផ្ទះ​អ្នក​លក់​បាយ​ហ្នឹង វា​មក​ដល់​ដែរ មក​ដល់​វា​ទាញ​កាំភ្លើង​អាកា​ម្ដង​ទៀត​មក​ភ្ជង់​ខ្ញុំ វាថា ម៉េច​អ្ហែង​មិន​អស់​ចិត្ត​រឿង​អី? អ្ហែង​ចង់​យ៉ាង​ម៉េច? អ្ហែង​ចង់​ងាប់​ឬ? គ្នា​វា​កៀស​កាំភ្លើង ផូង​ផិត​ក្បាល​ខ្ញុំ​បណ្ដោយ»

មន្ត្រី​អាវុធហត្ថ​ទាំង​ពីរ​ដែល​រង​ការ​ចោទ​មាន​ឈ្មោះ សេង រ៉ាវី និង ជាង គឹមសែ មាន​ឋានៈ​ជា​អនុសេនីយ៍​ឯក​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មក​បំពេញ​ភារកិច្ច​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៨ តំបន់​អូរពងមាន់ ខេត្ត​ស្ទឹងត្រែង។

លោក ជាង គឹមសែ បដិសេច​មិន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​រឿង​ចោទ​នេះ​ទេ​ដោយ​បញ្ជាក់​ថា រវល់​ជាប់​ប្រជុំ។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា មិន​បាន​ដឹង​រឿង​នេះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល