បុរសខ្មែរម្នាក់ ដែលជាអ្នកស្ម័គ្រចិត្តតែងដើរជួយដោះមីនជិត២០ឆ្នាំ ដោយមិនទារកម្រៃនៅតាមបណ្ដាខេត្តជាច្រើនជាប់ព្រំដែនខ្មែរ-ថៃ ត្រូវបានទូរទស្សន៍អន្តរជាតិ ស៊ីអិនអិន CNN ជ្រើសរើសបញ្ចូលឈ្មោះទៅក្នុងបញ្ជីបេក្ខជនកំពូលវីរបុរសក្នុងចំណោមបេក្ខជនឆ្នើមៗ ចំនួន១០រូបមកពីប្រទេសជុំវិញពិភពលោក ដើម្បីធ្វើការប្រកួតជ័យលាភីជើងឯកវីរបុរសរបស់ទូរទស្សន៍សម្រាប់ឆ្នាំ២០១០ នេះ។
ស្ថានីយទូរទស្សន៍អន្តរជាតិ ស៊ីអិនអិន បានសំរេចជ្រើសរើសបុរសខ្មែរ ឈ្មោះ អាគីរ៉ា អាយុ៣៥ឆ្នាំ ទីលំនៅខេត្តសៀមរាប បញ្ចូលទៅក្នុងបញ្ជីបេក្ខជនវីរបុរសកំពូលទាំង១០រូប ដែលមកពីជុំវិញពិភពលោក លើស្នាដៃសមត្ថភាព និងការងារដែលធ្លាប់បានធ្វើសម្រាប់ប្រយោជន៍ជាច្រើន បម្រើឲ្យមនុស្សជាតិ។
លោក អឿន យក្ស ហៅ អាគីរ៉ា បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា នៅឯតំបន់ចម្ការមីនមួយ ក្នុងភូមិម្កាក់ ឃុំធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដែលក្រុមរបស់លោកកំពុងប្រតិបត្តិការដោះមីនថា លោកពុំធ្លាប់បានដាក់ពាក្យស្នើសុំជាបេក្ខភាពនៃវីរបុរសទូរទស្សន៍ទេ ហើយលោកក៏មិនដឹងខ្លួនដែរ។ ប៉ុន្តែទូរទស្សន៍នោះធ្លាប់មកសុំលោកថតរូប និងសម្ភាសន៍ពាក់ព័ន្ធនិងការដោះមីនរបស់លោក ហើយប៉ុន្មានថ្ងៃមកនេះ លោកឮគេប្រាប់ថា លោកបានជាប់ឈ្មោះក្នុងចំណោមបេក្ខជនវីរបុរសកំពូលចំនួន១០រូប ធ្វើឲ្យរូបលោកមានការភ្ញាក់ផ្អើល។
លោក អាគីរ៉ា បានមានប្រសាសន៍ថា លោកបានស្ម័គ្រចិត្តដើរដោះមីននៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែនខ្មែរ-ថៃ ដោយមិនទារប្រាក់កម្រៃជាច្រើនឆ្នាំមកហើយ ដោយលោកចង់ឃើញទឹកដីខ្មែរគ្មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងឲ្យប្រជាពលរដ្ឋខ្មែរមានសន្តិភាព និងបានប្រើប្រាស់ដីសម្រាប់រស់នៅធ្វើកសិកម្មដោយសុវត្ថិភាព ៖ «ខ្ញុំដោះមីនតាំងពីឆ្នាំ១៩៩០ គឺដោះមុន UNTAC ចូលដោយខ្លួនឯង គេហៅថាស្ម័គ្រចិត្ត គឺខ្ញុំយល់ដឹងព្រោះខ្ញុំធ្លាប់បានដាក់មីនពីសម័យសង្គ្រាម ដល់ពេលខ្ញុំយល់ថាយើងធ្លាប់បានធ្វើអាក្រក់ ហើយយើងមានគំនិតចង់កែប្រែខ្លួនឲ្យល្អ ដើម្បីជួយប្រទេសជាតិយើងវិញ គឺស្ម័គ្រចិត្តដោយខ្លួនឯង អត់មានអង្គការណាទេ។ ដើរដោះជាមួយប្រជាជនខ្លះ ជាមួយទាហានខ្លះ ដែលរស់នៅតាមតំបន់មានមីនចាប់ពីខេត្តបាត់ដំបង មកបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ។ ខ្ញុំដើរដោះជិះតែម៉ូតូ ឬក៏ឡានតាក់ស៊ី»។
ទោះយ៉ាងណា លោក អាគីរ៉ា បានសំដែងការគ្មានជំនឿទេថា លោកមិនអាចក្លាយទៅជាជើងឯកនៃពានរង្វាន់ទូរទស្សន៍ស៊ីអិនអិន ប្រចាំឆ្នាំនេះបានទេ ដោយសារតែលោកបានទទួលការសិក្សាអប់រំតិចតួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយបេក្ខជន៩រូបផ្សេងទៀត មកពីជុំវិញពិភពលោក ដែលសុទ្ធតែជាអ្នកមានសមត្ថភាព ដើម្បីឲ្យរូបលោកក្លាយទៅជាជើងឯកនៃពានរង្វាន់ទូរទស្សន៍ស៊ីអិនអិនប្រចាំឆ្នាំនេះ។
លោក ប៊ីល ម័រស៍ (Bill Morse ) ជាទីប្រឹក្សារបស់អង្គការដោះមីនកម្ពុជា ដែលទើបតែបានបង្កើតឡើងថ្មីមួយ សម្រាប់ជួយដល់ក្រុមអាគីរ៉ា បានមានប្រសាសន៏ថា លោកគឺជាអ្នកដែលបានស្នើសុំដាក់ឈ្មោះលោកអាគីរ៉ា ទៅក្នុងបញ្ជីបេក្ខជនវីរបុរសស៊ីអិនអិន ប្រចាំឆ្នាំ២០១០នេះ។ លោក ប៊ីល ម័រស៍ បានមានប្រសាសន៍ថា សម្រាប់ការប្រកួតជ្រើសរកជើងឯកវីរបុរសឆ្នាំនេះ គឺមានមនុស្សចំនួន១ម៉ឺននាក់បានដាក់ពាក្យប្រកួត ហើយជំហានដំបូងស្ថានីយទូរទស្សន៍ស៊ីអិនអិន បានជម្រុះចោលដោយជ្រើសរើសយកតែ២៥នាក់។ ជាលើកទី២ នេះបានជម្រុះចោលពី២៥ ឲ្យនៅសល់តែ១០នាក់ ដែលក្នុងចំណោមបេក្ខជនកំពូល១០នាក់នោះ គឺមានឈ្មោះអាគីរ៉ាជាជនជាតិខ្មែរមួយដែរ។
លោក ប៊ីល ម័រស៍ បានមានប្រសាសន៍ថា លោកបានឮឈ្មោះអាគីរ៉ាតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ដែលបុរសខ្មែរម្នាក់នេះ តែងដើរដោះមីននៅតាមទីព្រៃ។ លោកបានជួបគាត់ចំនួន៤ថ្ងៃ ហើយលោកក៏បានត្រឡប់ទៅសហរដ្ឋអាមេរិកដើម្បីស្វែងរកលុយជួយបង្កើតអង្គការដោះមីនមួយសម្រាប់គាត់។
លោក ប៊ីល ម័រស៍ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងបរទេសជួយគាំទ្របេក្ខភាពរបស់អាគីរ៉ា តាមរយៈការបោះឆ្នោតតាមប្រព័ន្ធ Internet ៖ «ខ្ញុំគិតថាគាត់ឈ្នះ ខ្ញុំដឹងថាគាត់នឹងឈ្នះពីព្រោះខ្ញុំជាអ្នកបញ្ជូនឈ្មោះគាត់ទៅក្នុងបញ្ជីបេក្ខជនដែលរឿងជីវិតរបស់គាត់ គឺអស្ចារ្យខ្លាំងណាស់។ ប្រសិនបើលោកអ្នកបើកទៅក្នុងគេហទំព័ររបស់ទូរទស្សន៍ CNN គឺបេក្ខជនវីរបុរស៩នាក់ផ្សេងទៀត គឺអ្វីដែលគេបានធ្វើជាការងារធមុ្មតាៗ។ ជាការពិតណាស់ជើងឯកនៃវីរបុរស CNN គឺបានពីការបោះឆ្នោតជុំវិញពិភពលោក ដូច្នេះបើលោកអ្នកចង់បោះឆ្នោតគាំទ្រអាគីរ៉ា សូមចូលទៅក្នុងគេហទំព័រ CNN និងសូមជួយបោះឆ្នោតឲ្យអាគីរ៉ា»។
លោក អាគីរ៉ា ឈ្មោះដើម អឿន យក្ស មានកំណើតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកគឺកូនពៅក្នុងគ្រួសារកសិករមួយ ដែលមានបងប្អូនចំនួន៣នាក់ គឺប្រុស២ និងស្រីម្នាក់។
លោក អាគីរ៉ា បានប្រាប់ថា លោកបានចាប់ផ្ដើមស្គាល់គ្រាប់មីនតាំងពីអំឡុងឆ្នាំ១៩៨២-១៩៨៣ ដោយលោកចេះដាក់គ្រាប់មីន និងគ្រាប់ច្នៃពីកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋកម្ពុជាផង។
ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៧ លោក អាគីរ៉ា បានស្ម័គ្រចិត្តដើរដោះមីនដោយមិនទារកម្រៃចេញពីផ្ទៃដីបានប្រមាណជា ៥ម៉ឺនគ្រាប់ ដោយការដោះនោះមិនស្របតាមបច្ចេកទេសដោះមីនទេ។
ឆ្នាំ១៩៩៧ លោកបានបង្កើតសារមន្ទីរមីនមួយដោយខ្លួនឯង នៅខេត្តសៀមរាប ហើយរហូតមកដល់បច្ចុប្បន្ននេះ សារមន្ទីរមីនរបស់លោក បានប្ដូរទីតាំងទៅស្រុកបន្ទាយស្រី ដោយមានទាំងចិញ្ចឹមកុមារកំព្រាចំនួនជិត៣០នាក់ទៀតផង។
កាលពីឆ្នាំ២០០៨ អាគីរ៉ា បានបង្កើតអង្គការដោះមីនមួយ ឈ្មោះថាអង្គការដោះមីនកម្ពុជា ហើយអង្គការនេះមានការគាំទ្រថវិកាពីសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី៕