រដ្ឋាភិបាល​បង្កើត​សារាចរ​រៀបចំ​រុះរើ​សំណង់​ខុស​ច្បាប់

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​សារាចរ​ថ្មី​មួយ ដើម្បី​រៀបចំ​រុះរើ​សំណង់​ខុស​ច្បាប់​តាម​រាជធានី ទីក្រុង និង​ទី​ប្រជុំ​ជន​នានា​នៅ​ទូទាំង​ប្រទេស ទៅ​តាំង​ទី​លំនៅ​ថ្មី ឬ​ក៏​អាច​អភិវឌ្ឍ​នៅ​នឹង​កន្លែង។
ដោយ វោហារ ជាតិ
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​មើល​ការរុះរើ​ផ្ទះ​សម្បែង​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៤ មករា ២០០៩។
អ្នក​ភូមិ​មើល​ការរុះរើ​ផ្ទះ​សម្បែង​នៅ​តំបន់​ដី​ក្រហម​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​២៤ មករា ២០០៩។
RFA Photo/Ouk Savborey

សារាចរ​ថ្មី​មួយ​ដែល​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ទើប​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​២៧ ឧសភា ហៅ​ថា "សារាចរ​ស្ដីពី​ការ​ដោះស្រាយ​សំណង់​បណ្ដោះ​អាសន្ន​ខុស​ច្បាប់" ក្នុង​គោល​បំណង​ប្រមូល​ប្រជាជន និង​រុះរើ​សំណង់​ដែល​រដ្ឋាភិបាល​ហៅ​ថា សំណង់​ខុស​ច្បាប់ ឬ​សំណង់​មិន​មាន​របៀប​រៀបរយ ហើយ​ជម្លៀស​ប្រជាជន​ទាំង​នោះ​ចេញ​ពី​ទីក្រុង ទី​ប្រជុំ​ជន​នានា​នៅ​ទូទាំង​ប្រទេស។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ចុង​សប្ដាហ៍​នេះ​ថា សារាចរ​ស្ដីពី​ការ​ដោះស្រាយ​សំណង់​បណ្ដោះ​អាសន្ន​ខុស​ច្បាប់ ត្រូវ​បាន​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ប្រជុំ​អនុម័ត​ហើយ ហើយ​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត បន្ទាប់​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៧ ឧសភា​រួច​មក។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា សារាចរ​នេះ​មាន​ចំណុច​សំខាន់​ចំនួន ៧​ចំណុច គឺ​ដើម្បី​ជួយ​រៀបរយ​សោភ័ណភាព​រាជធានី ទីក្រុង ទី​ប្រជុំ​ជន និង​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស និង​ជួយ​អ្នក​ដែល​រស់​នៅ​លើ​ដី​សាធារណៈ និង​សំណង់​អនាធិបតេយ្យ​នៅ​ទីក្រុង និង​ទីប្រជុំជន ឲ្យ​មាន​ទី​លំនៅ​ថ្មី​មាន​សិទ្ធិ​កាន់កាប់​កម្មសិទ្ធិ​ដី​ធ្លី ផ្ទះ ដែល​រៀបចំ​ឲ្យ​ដោយ​រដ្ឋាភិបាល ប្រកប​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ។ លោក​ថា សារាចរ​នេះ​ចង​ក្រង​ឡើង​តាម​បទពិសោធន៍​នៃ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ដែល​បាន​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​កន្លង​មក។

លោក ផៃ ស៊ីផាន បាន​អះអាង​ថា ៖ «កម្មវិធី​មួយ​ចំនួន​តាម​រយៈ​សាលា​ក្រុង​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម កែប ជុតិម៉ា បាន​រៀបចំ​អ៊ីចឹង​រួច​ស្រេច​ហើយ។ ដក​ស្រង់​បទពិសោធន៍​នេះ​ហើយ ទើប​យើង​ចងក្រង​ជា​សារាចរ ដើម្បី​មាន​ជា​ច្បាប់​ត្រឹម​ត្រូវ ក្នុង​ការងារ​អនុវត្ត​នៅ​ក្នុង​ការ​ដក ឬ​ក៏​ជម្លៀស​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ទីតាំង​ថ្មី ឬ​ក៏​ឲ្យ​ប្រជា​ពលរដ្ឋ​អភិវឌ្ឍ​រួម​ជាមួយ​គ្នា»

ក៏​ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្លះ​បាន​រិះគន់​ថា សារាចរ​នេះ​គឺ​រៀបចំ​ឡើង​ដើម្បី​យក​ដី​ពី​ប្រជាជន​ក្រីក្រ​ទៅ​ឲ្យ​អ្នក​មាន​ស្ដុកស្ដម្ភ​ទៅ​វិញ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បញ្ជាក់​ថា ៖ «កន្លែង​ដែល​គាត់​(រដ្ឋាភិបាល)​ថា​ខុស​ច្បាប់​ទាំង​អស់​នេះ ច្រើន​តែ​ជា​កន្លែង​ដែល​ប្រជាជន​ក្រីក្រ​រស់​នៅ ហើយ​ច្រើនតែ​ប្រជា​ពលរដ្ឋ​​រស់​នៅ​យូរ​អង្វែង ច្រើន​ឆ្នាំ ដែល​ស្រប​ទៅ​នឹង​ច្បាប់​ដី​ធ្លី ទាក់ទង​នឹង​សិទ្ធិ​ភោគៈ។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​យក​សិទ្ធិ​ភោគៈ​នៃ​ច្បាប់​ដី​ធ្លី​មក​អនុវត្ត ហើយ​បែរ​ជា​ដាក់​កន្លែង​នោះ​ជា​កន្លែង​ខុស​ច្បាប់​ទៅ​វិញ! នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស!»

របាយការណ៍​អង្គការ​សិទ្ធិមនុស្ស អាដហុក ថ្មី​ៗ​នេះ បាន​បង្ហាញ​ថា មាន​ប្រជាជន​ជាង ៥​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង​ដោយ​បង្ខំ ដោយ​ចោទ​ថា ពួក​គាត់​រស់​នៅ​លើ​ដី​រដ្ឋ ឬ​រស់​នៅ​លើ​សំណង់​អនាធិបតេយ្យ។

ទាក់ទង​ទៅ​នឹង​សារាចរ​ថ្មី​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង នឹង​មាន​ការ​បណ្ដេញ​ចេញ​ប្រជាជន​ពី​ទីក្រុង​ជា​ច្រើន​ម៉ឺន​នាក់​ទៀត ជា​ពិសេស​នៅ​ទីក្រុង​ភ្នំពេញ ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ស្រង់​សម្ដី​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ថា នឹង​មាន​សំណង់​ខុស​ច្បាប់​ប្រហែល​ពី ២០០ ទៅ ៣០០​ទីតាំង​ទៀត ដែល​នឹង​ត្រូវ​រុះរើ​នៅ​ពេល​ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល