Comfrel ព្រួយ​បារម្ភ​ពីការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ឲ្យ​ធ្វើ​ការ​កំណែ​ទម្រង់​បញ្ជី​បោះ​ឆ្នោត​ថ្មី។
ដោយ ដែន អយុធ្យា
2010-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​បោះឆ្នោត​​រក​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត នា​ថ្ងៃ​ទី​២៧ កក្កដា ២០០៨។
អ្នក​បោះឆ្នោត​​រក​មើល​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត នា​ថ្ងៃ​ទី​២៧ កក្កដា ២០០៨។
RFA Photo

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ Comfrel មាន​ប្រសាសន៍​ថា តាម​ការ​សិក្សា​របស់ Comfrel បាន​រក​ឃើញ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គុណភាព​នៃ​ការ​ធ្វើ​បញ្ជី​បោះ​ឆ្នោត​របស់ គ.ជ.ប. បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ជា​ពិសេស ការ​បាត់​ឈ្មោះ និង​ភាព​មិន​ត្រឹម​ត្រូវ នៃ​ទិន្នន័យ​អ្នក​បោះ​ឆ្នោត នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

លោក​បន្ត​ថា ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត គ.ជ.ប. ឆ្នាំ​២០០៩ Comfrel រក​ឃើញ​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រមាណ​១៦% មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បច្ចុប្បន្ន​ភាព​បោះ​ឆ្នោត របស់ គ.ជ.ប. នោះ​ទេ ជា​ការ​ព្រួយ​បារម្ភ​មួយ។

ថ្លែង​ក្នុង​សន្និសីទ​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​របស់ Comfrel ទៅ​លើ "ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត របស់​អ្នក​ផ្លាស់​ទី​លំនៅ​ទាំង​បង្ខំ" ថ្ងៃ​ទី​១៩ ខែ​ឧសភា លោក គល់ បញ្ញា បាន​ជំរុញ​ទៅ គ.ជ.ប. ប្រទេស​ម្ចាស់​ជំនួយ និង​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ចូល​រួម​ផ្ដល់​នូវ​យុទ្ធ​សាស្ត្រ​គន្លឹះ ដើម្បី​ធ្វើ​កំណែ​ទម្រង់ ឬ​ក៏​កែលំអ​ការ​ចុះ​ឈ្មោះ និង​ការ​ធ្វើ​បញ្ជី​បោះ​ឆ្នោត ឲ្យ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​ការ​បោះ​ឆ្នោត នឹង​ចូល​មក​ដល់​នា​ឆ្នាំ​២០១២​-២០១៣ ខាង​មុខ។

លោក គល់ បញ្ញា បាន​លើក​យក​ពិសោធន៍ នៃ​ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ទទួល​បាន​ជោគ​ជ័យ​ដូច្នេះ ៖ «នៅ​បង់ក្លាដេស ឯកសារ​បោះ​ឆ្នោត​ហ្នឹង សឹង​តែ​ធ្វើ​ហើយ​ប្រើ​បាន​ដូច​អត្តសញ្ញាណប័ណ្ណ​អ៊ីចឹង។ គាត់​ចុះ​ឈ្មោះ​ហ្នឹង មាន​ផ្ដិត​មេដៃ មាន​បិទ​រូប​ថត​ត្រឹម​ត្រូវ ហើយ​គាត់​ចេញ​មក​ហ្នឹង ស្ទើរ​តែ​ស្មើ​អត្តសញ្ញាណប័ណ្ណ​ ព្រោះ​ថា ទិន្នន័យ​អ្នក​បោះ​ឆ្នោត គឺ​គ្រប់​គ្រាន់​តែ​ម្ដង មាន​រូប​ថត មាន​ស្នាម​មេដៃ មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ ដូច្នេះ​ពលរដ្ឋ​ប្រើ​ប្រាស់​ប័ណ្ណ​ហ្នឹង សម្រាប់​យក​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ហ្នឹង យក​មក​ធ្វើ​បញ្ជី​បោះ​ឆ្នោត​ផង និង​ប័ណ្ណ​បោះ​ឆ្នោត​ផង»

លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី បាន​ចាត់​ទុក​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​របស់ គ.ជ.ប. ថា មាន​ភាព​សាំញ៉ាំ និង​ផ្ដល់​ការ​លំបាក​ដល់​ពលរដ្ឋ ទៅ​ចូល​រួម​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ភាព​សាំញ៉ាំ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ត្រូវ​តំណាង​រាស្ត្រ​រូប​នេះ ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ និង គ.ជ.ប. ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ជា​ថ្មី​ទៀត។

លោក ហូរ វ៉ាន់ បាន​បង្ហាញ​ពី​វិធី​សាស្ត្រ​ងាយ​ៗ មួយ​ចំនួន សម្រួល​ដល់​ពលរដ្ឋ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដូច្នេះ ៖ «យើង​ចង់​ឲ្យ​អ្នក​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ទាំង​អស់ ផ្ទេរ​មក គ.ជ.ប. ហើយ​ទុក​ទាំង​លេខ​កូដ និង​រូប​ថត ថា​អ្នក​ហ្នឹង​បាន​ចុះ​ឈ្មោះ​រួច​ហើយ នេះ​ជា​បញ្ជី​ផ្លូវ​ការ​របស់​គាត់។ ចំណែក​អ្នក​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​តើ​យើង​ត្រូវ​ធ្វើ​ម៉េច? ចំពោះ​អ្នក​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ យើង​ចង់​ឲ្យ​ធ្វើ​ជា​បញ្ជី​មាន​សៀវភៅ មាន​រូប​ថត ដោយ​ថត​ម្ដង​មាន​ពីរ​សន្លឹក​តែ​ម្ដង មួយ​សន្លឹក​ទុក​ធ្វើ​ប័ណ្ណ​បោះ​ឆ្នោត មួយ​សន្លឹក​ទៀត ទុក​សម្រាប់​បិទ​ជា​មួយ​សៀវភៅ​តែ​ម្ដង ដើម្បី​អ្នក​សង្កេត​ការ​បោះ​ឆ្នោត​ផ្ទៀង​បញ្ហា​ហ្នឹង ឃើញ​ឈ្មោះ​របស់​គាត់»

ការ​ទទូច​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី របស់​មន្ត្រី​បក្ស​សម​រង្ស៊ី ត្រូវ​លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ គ.ជ.ប. បញ្ជាក់​ថា មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ ប៉ុន្តែ​ការ​ងារ​ធ្វើ​បញ្ជី​បច្ចុប្បន្ន​ភាព​បោះ​ឆ្នោត មន្ត្រី គ.ជ.ប. រូប​នេះ​បាន​អះ​អាង​ថា បាន​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត ចូល​រួម​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា។

ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី គ.ជ.ប. បាន​ទទួល​ស្គាល់​ថា ការ​ធ្វើ​បញ្ជី​ឈ្មោះ​បច្ចុប្បន្ន​ភាព​បោះ​ឆ្នោត នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន និង​បាន​ស្នើ​ដល់​មន្ត្រី​សង្គម​ស៊ីវិល ជួយ​ផ្ដល់​ជា​អនុសាសន៍​មក គ.ជ.ប. បន្ថែម​ទៀត ឈាន​ដល់​ការ​កែ​លម្អ ការ​ចុះ​បញ្ជី​បោះ​ឆ្នោត និង​ការ​ធ្វើ​បញ្ជី​បច្ចុប្បន្ន​ភាព​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​។

មន្ត្រី​នៃ​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ (UNDP) បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រទេស​កម្ពុជា បាន​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត។ ករណី​នេះ កន្លង​មក​អង្គការ UNDP ធ្លាប់​បាន​ដាក់​សំណើ​ទៅ គ.ជ.ប. ទាម​ទារ​ឲ្យ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ថ្មី​មក​ជំនួស​។ ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មន្ត្រី UNDP អះ​អាង​ថា ត្រូវ​បាន​មន្ត្រី គ.ជ.ប. ផ្ដល់​ព័ត៌មាន​មក​ថា មិន​ទាន់​អាច​ប្ដូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​បាន​ទេ។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​អង្គការ Comfrel នៅ​តែ​អះ​អាង​ថា ដរាប​ណា​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​កម្ពុជា​មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទេ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​តែ​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដដែល៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល