Comfrel ថា ប្រជា​ពលរដ្ឋ​១​លាន​កន្លះ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) បាន​បដិសេធ​របាយការណ៍​របស់​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) ដែល​បាន​ចេញ​របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ។
ដោយ ទីន ហ្សាការីយ៉ា
2010-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ចំណាស់​ចូលរួម​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​២០០៣ កន្លង​ទៅ។
ស្ត្រី​ចំណាស់​ចូលរួម​បោះឆ្នោត​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​២០០៣ កន្លង​ទៅ។
AFP Photo

អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នៅ​ថ្ងៃ​ទី​២៦ ឧសភា បាន​បដិសេធ​របាយការណ៍​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា Comfrel ដែល​បាន​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ប្រជា​ពលរដ្ឋ ប្រមាណ ១.៥០០.០០០​នាក់​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០០៨ នោះ។

លោក ទេព នីថា អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​មាន​ប្រសាសន៍​ថា គ.ជ.ប. បាន​ធ្វើ​បច្ចុប្បន្នភាព​លុប​ឈ្មោះ​ប្រជា​ពលរដ្ឋ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ចំនួន​បី​លើក គឺ​ក្នុង​ឆ្នាំ​២០០៧ ចំនួន ៥៨​ម៉ឺន​នាក់ ឆ្នាំ​២០០៨ ជាង​១៤​ម៉ឺន​នាក់ និង​ឆ្នាំ​២០០៩ ជាង​១៦​ម៉ឺន​នាក់ មិន​ស្មើ​និង ១​លាន​នាក់​ទេ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «វា​មិន​អាច​មាន​តួ​លេខ​បាត់​ដល់​បណ្ដឹង​ទេ ព្រោះ​តួ​លេខ​ដែល​គាត់​បាន​នេះ គាត់​ស្រាវ​ជ្រាវ​ភូមិ​១ ឬ​២ ហើយ​បន្ទាប់​មក​គាត់​គិត​ភាគ​រយ​ធ្វើ​បែប​នេះ បើ​មិន​អញ្ចឹង​ទេ វា​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា បញ្ជី​បោះ​ឆ្នោត​ហ្នឹង​វា​មិន​ត្រឹម​ត្រូវ»

លោក ទេព នីថា បាន​បញ្ជាក់​ទៀត​ថា ការ​លុប​ឈ្មោះ​ប្រជា​ពលរដ្ឋ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នេះ ដូច​ជា​អ្នក​ស្លាប់ ឬ​បាត់​សិទ្ធិ​បោះ​ឆ្នោត អ្នក​ផ្លាស់​ប្ដូរ​ទី​លំនៅ និង​មាន​ឈ្មោះ​ស្ទួន​ជា​ដើម។ ប៉ុន្តែ​រាល់​ការ​លុប​មាន​លិខិត​ស្នាម​ច្បាស់​លាស់​ពី​ឃុំ​សង្កាត់។

របាយការណ៍​របស់ គ.ជ.ប. បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា បាន​ឲ្យ​ដឹង​ថា ការ​ស្រាវ​ជ្រាវ​របស់​ខុម​ហ្វ្រែល បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ចំនួន​បី ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ហើយ​មក​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​ប្រជា​ពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​នោះ មិន​មាន​សុក្រឹតភាព​ទេ ព្រោះ គ.ជ.ប. យល់​ឃើញ​ថា ការ​ស្រាវ​ជ្រាវ​របស់​ខុម​ហ្វ្រែល គួរ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ហ្មត់ចត់​ទៅ​លើ​ទីតាំង​ភូមិ​សាស្ត្រ ស្ថានភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ កម្រិត​ការ​យល់​ដឹង​អំពី​បញ្ជី​សំណួរ​ដែល​ត្រូវ​ធ្វើ​ឡើង។

យ៉ាង​នេះ​ក្ដី លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្រែល បាន​បញ្ជាក់​ថា លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅ​ទូទាំង​ប្រទេស​ចំនួន​ពីរ​លើក គឺ​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ដោយ​ប្រើ​ពេល​ជា​ច្រើន រយៈ​ពេល​ជា​ច្រើន​ខែ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ រក​ឃើញ​ថា ប្រជា​ពលរដ្ឋ​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ប្រមាណ ១.៥០០.០០០​នាក់។

លោក គល់ បញ្ញា បាន​អះអាង​ថា គ.ជ.ប. បាន​ស្រង់​បញ្ជី​ពី​ឃុំ​សង្កាត់ ដែល​ចំណុច​មួយ​ចំនួន មិន​បាន​ច្បាស់​លាស់​ទេ ៖ «រចនា​សម្ពន្ធ​គាត់​ធ្វើ​សព្វ​ថ្ងៃ​នេះ វា​បង្កើត​បញ្ហា​តែ​ម្ដង អ្នក​ចុះ​ឈ្មោះ​នៅ​ក្រោម​ហ្នឹង គឺ​ស្មៀន និង​ក្រុម​ប្រឹក្សា​ឃុំ ហើយ​អ្នក​វាយ​បញ្ចូល​ទិន្នន័យ គ.ជ.ប. ហើយ​សរសេរ​ដៃ​ទៀត គាត់​ខ្លួន​ឯង​មាន​បញ្ហា​សរសេរ​ពី​ក្រោម​មក សរសេរ​ខុស​ឈ្មោះ​គេ វា​រញ៉េរញ៉ៃ​ណាស់ វា​អត់​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ វា​បូក​នឹង​ចុះ​ឈ្មោះ ការ​លុប​ឈ្មោះ ឬ​ការ​ធ្វើ​បញ្ជី​បច្ចុប្បន្ន​ភាព​ហ្នឹង​ឯង»

របាយការណ៍​របស់ គ.ជ.ប. បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា បាន​ឲ្យ​ដឹង​ថា បញ្ជី​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨ ជា​បញ្ជី​បោះ​ឆ្នោត​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​នៅ​ឆ្នាំ​២០០៧ ដែល​មាន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជាង ៨.១០០.០០០​នាក់ ធៀប​ទៅ​នឹង​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង មាន​ជាង ៧.៨០០.០០០​នាក់។

លោក គល់ បញ្ញា បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​ជាង ៨​លាន​នាក់​នោះ អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​កាល​ពី​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៤ មាន​ជាង ៧៥% គឺ​ប្រមាណ​ជាង ៦​លាន​នាក់ ហើយ​ប្រជា​ពលរដ្ឋ​ប្រមាណ ៤​សែន​នាក់ ទៅ​ដល់​ការិយាល័យ​បោះ​ឆ្នោត​ហើយ ប៉ុន្តែ​រក​ឈ្មោះ​មិន​ឃើញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល