ខុមហ្វ្រែល​បង្ហាញ​លទ្ធផល​នៃ​​​ការ​ស្ទង់​មតិ​អ្នក​បោះ​ឆ្នោត

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) បាន​បង្ហាញ​លទ្ធផល​នៃ​ការ​​ស្រាវជ្រាវ​មតិ​អ្នក​បោះ​ឆ្នោត​ឃើញ​ថា ៨៤% បាន​ពេញ​ចិត្ត​អំពី​សកម្មភាព​របស់​តំណាង​រាស្រ្ត​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។
ដោយ អ៊ុក សាវបូរី
2010.01.27
បោះឆ្នោត ស្ត្រី​ពរ​កូន​នៅ​នឹង​ដៃ​ចូលរួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១ មេសា ឆ្នាំ​២០០៧ ។
AFP Photo

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា ឲ្យ​ដឹង​ថា បំណង​នៃ​ការ​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មករា ដើម្បី​ដាក់​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មតិ​របស់​ម្ចាស់​ឆ្នោត​ក្នុង​២៤​ខេត្ត រាជធានី ពី​ការ​ចូល​រួម​និង​អភិបាលកិច្ច​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា ៖ «ព្រោះ​ឆ្នាំ​ក្រោយ​នេះ​យើង​នឹង​មាន​សកម្មភាព​បន្ត​ទៀត ដូចជា​ការ​ផ្ដល់​លទ្ធភាព​ជា​វេទិកា​ឲ្យ​ប្រជាជន​វាយ​តម្លៃ ឲ្យ​ពិន្ទុ​ទៅ​លើ​ការ​អនុវត្ត​របស់​អ្នក​តំណាង​រាស្រ្ដ​របស់​គណបក្ស​ជាប់​ឆ្នោត​របស់​រដ្ឋាភិបាល»

ជាមួយ​គ្នា​នោះ​ដែរ លោក ធន សារាយ បាន​ថ្លែង​ថា ការ​ប្រមូល​មតិ​ម្ចាស់​ឆ្នោត​មួយ​ចំនួន​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​របស់​អ្នក​បោះ​ឆ្នោត​ឲ្យ​ចេះ​កំណត់​នូវ​អ្វី​ដែល​ជា​អាទិភាព​ក្នុង​កិច្ច​អភិវឌ្ឍន៍​សម្រាប់​បម្រើ​ឲ្យ​ភូមិ ឃុំ​សង្កាត់​របស់​ពួក​គាត់។

លោក ធន សារាយ បាន​ថ្លែង​ដូច្នេះ ៖ «យើង​មាន​គោល​បំណង​ថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នេះ លោក​ត្រូវ​តែ​ដឹង​ខ្លួន​ឯង មិន​មែន​សេចក្ដី​ត្រូវការ​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​នេះ គឺ​កំណត់​ឡើង​ដោយ​អ្នក​នយោបាយ ដោយ​អ្នក​ដឹកនាំ​ទេ គឺ​កំណត់​ដោយ​ម្ចាស់​ឆ្នោត​ហ្នឹង​ឯង តើ​ម្ចាស់​ឆ្នោត​ហ្នឹង​ចង់​បាន​អ្វី?»

ទីប្រឹក្សា​ជាន់​ខ្ពស់​កិច្ចការ​សភា UNDP លោកស្រី ស៊ូសាន ខូវលី (Susan J. Cowley) បាន​ថ្លែង​ថា ដើម្បី​ឲ្យ​មាន​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ដែល​អាច​ផ្លាស់​ប្តូរ​ទៅ​បាន គឺ​ត្រូវ​ផ្លាស់​ប្តូរ​ពី​ខ្លួន​ឯង​ជា​ម្ចាស់​ឆ្នោត​ទៅ​មុន។

អ្នកស្រី​បន្ត​ថា ៖ "UNDP គឺ​លើក​តម្កើង​នូវ​អភិបាលកិច្ច ប្រជាធិបតេយ្យ​ដែល​ជា​គោលការណ៍​មួយ​ឈុត​សម្រាប់​ឲ្យ​សង្គម ប្រទេស​ទំនាក់​ទំនង​និង​ឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​អាច​មាន​ពាក្យ​និយាយ​ថា តើ​ប្រជាពលរដ្ឋ​ក្រីក្រ​ហ្នឹង​ចង់​បាន​ត្រូវ​គេ​ដឹកនាំ​របៀប​យ៉ាង​ណា? ហើយ​ថា តើ​កាលណា​យើង​មាន​មតិ​ផ្ទុយ​គ្នា ផ្សេង​គ្នា ត្រូវ​បាន​សម្រុះ​សម្រួល​យ៉ាង​ដូច​ម្ដេច​ឲ្យ​ទៅ​ជា​ដំណើរ​ការ​មួយ​ដែល​ថា យើង​អាច​សង្ឃឹម​ទុក​បាន​ជា​មុន?"

អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ លោក ឱក សិរីសុភ័ក្រ បាន​ឲ្យ​ដឹង​ថា អភិបាលកិច្ច​ប្រជាធិបតេយ្យ​ត្រូវ​មាន​ការ​ចូល​រួម​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន សភា ព្រឹទ្ធ​សភា​ផង​ដែរ។ លោក​សម្គាល់​ថា ចំនួន​ស្រ្តី​បាន​ពេញ​ចិត្ត​ច្រើន​ក្នុង​ការ​ចូល​រួម​ផ្តល់​យោបល់​ទៅ​លើ​កិច្ច​អភិវឌ្ឍន៍​មូលដ្ឋាន និង​ផ្តល់​ព័ត៌មាន​ល្អៗ​ដល់​សមាជិក​សភា​និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ព្រោះ​ស្រ្តី​មិន​គិត​ពី​គណបក្ស​នយោបាយ​គិត​តែ​ពី​ភាព​រីក​ចម្រើន។

លទ្ធផល​ស្រាវជ្រាវ​នៃ​អង្គការ​ខុមហ្វ្រែល ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៩ មក​ដល់​ខែ​មករា ២០១០ ស្តី​ពី​ការ​ចូល​រួម​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ទៅ​លើ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន ៨.៦៧៨​នាក់​ទូទាំង​ប្រទេស​រក​ឃើញ​ថា ការ​ស្គាល់​របស់​ប្រជាពលរដ្ឋ​ចំពោះ​តំណាង​រាស្រ្ត​នៅ​មាន​កម្រិត​នៅ​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។