សិក្ខាសាលានេះនឹងមានការចូលរួមពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលធ្វើការងារវិស័យបោះឆ្នោតនៅក្នុងប្រទេសជាសមាជិកអាស៊ាន។ គណៈប្រតិភូពីប្រទេសផ្សេងៗ ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។
កិច្ចប្រជុំពិភាក្សានឹងផ្ដោតជាសំខាន់ទៅលើគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងគាំទ្រការបង្កើតស្ថាប័នគ្រប់គ្រងការបោះឆ្នោត ប្រកបដោយគុណភាព និងវិជ្ជាជីវៈក្នុងតំបន់អាស៊ានទាំងមូល។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃវេទិកាប្រជាពលរដ្ឋអាស៊ាន ដើម្បីពិភាក្សា និងចងក្រងជាសេចក្ដីថ្លែងការណ៍រួមមួយដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ នាសប្ដាហ៍ក្រោយនេះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា គូសបញ្ជាក់ថា សិក្ខាសាលានេះនឹងលើកយកនូវអនុសាសន៍ចម្បងៗ ទាក់ទងនឹងការបោះឆ្នោតតាមរយៈសំឡេងរបស់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងតំបន់ និងពីប្រទេសផ្សេងៗ។
លោក គល់ បញ្ញា៖ «ព្រោះគោលការណ៍ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅអាស៊ាន គឺអាចឆ្លើយតបទៅនឹងគម្រោងផែនការរបស់អាស៊ាន ដើម្បីរៀបចំសហគមន៍នយោបាយមួយ ហើយនិងសហគមន៍បោះឆ្នោតមួយ និងធម្មនុញ្ញអាស៊ាន ដែលថា នឹងពង្រឹងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសម្រាប់ប្រជាជនអាស៊ាន»។
គោលការណ៍សំខាន់ៗនៃសេចក្ដីថ្លែងការណ៍របស់បណ្ដាញអាស៊ី សម្រាប់ការបោះឆ្នោតដោយសេរី (អានហ្វ្រែល-ANFREL) ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី គឺជាមូលដ្ឋានគ្រឹះនៃកិច្ចពិភាក្សានេះ។ គោលការណ៍ទាំងនោះរួមមាន ការរៀបចំស្ថាប័នចាត់ចែងការបោះឆ្នោតឱ្យមានភាពឯករាជ្យ មានសមត្ថភាព និងអំណាចពេញលេញ ដែលការពារដោយរដ្ឋធម្មនុញ្ញ សិទ្ធិទទួលបានព័ត៌មាននៃការបោះឆ្នោត ការពារសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោត ពិសេសជនជាតិដើមភាគតិច និងជនពិការ ការចូលរួមរបស់គណបក្សនយោបាយ ព្រមទាំងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋបម្រើការឃោសនាបោះឆ្នោតជាដើម។
លោក គល់ បញ្ញា ថ្លែងថា ចំណុចទាំងនេះមានសារសំខាន់ណាស់ សម្រាប់ធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ៖ «យើងយកគោលការណ៍ហ្នឹងមកពិភាក្សាសម្រាប់អាស៊ាន ហើយយើងនឹងប្រើប្រាស់គោលការណ៍ហ្នឹងសម្រាប់ពង្រឹងគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌នៅអាស៊ាន។ ព្រោះថា បើអាស៊ានគេទទួលស្គាល់គោលការណ៍ហ្នឹង វានឹងមានប្រសិទ្ធភាពដល់ប្រទេសកម្ពុជាយើង ហើយយើងអាចនឹងយកគោលការណ៍ហ្នឹងមកពង្រឹងការបោះឆ្នោតនៅកម្ពុជាយើង»។
គោលការណ៍លើកស្ទួយលទ្ធិប្រជាធិបតេយ្យ គឺជាផ្នែកមួយដ៏សំខាន់នៃធម្មនុញ្ញអាស៊ាន និងគម្រោងផែនការរបស់អាស៊ាន ដើម្បីឱ្យបានក្លាយជាសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ដែលក្នុងនោះ សមាជិកមួយចំនួនជាប្រទេសប្រកាន់របបកុម្មុយនិស្ត។
ទាក់ទងនឹងប្រការនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បញ្ជាក់ថា នោះគឺជាកត្តាសំខាន់ណាស់ដែលអាស៊ានគប្បីយកចិត្តទុកដាក់ជំរុញឱ្យប្រទេសសមាជិកទាំងអស់ ត្រូវតែមានការបោះឆ្នោតត្រឹមត្រូវ ដើម្បីបើកឱ្យប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការផ្ដល់នីត្យានុកូលភាព ឬភាពស្របច្បាប់ដល់រដ្ឋាភិបាល។
កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ នេះ រៀបចំឡើងដោយគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា សហការជាមួយបណ្ដាញអាស៊ី សម្រាប់ការបោះឆ្នោតដោយសេរី គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច-NICFEC) ហើយនិងអង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងប្រតិបត្តិការ (Democracy and Human Rights Organization in Action-DHRAC)។
សិក្ខាសាលាលើកទី២ ស្តីពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅអាស៊ាននេះ គឺជាកិច្ចប្រឹងប្រែងរួមចំណែកជំរុញឱ្យមានការអនុម័តកំណត់ប្រព័ន្ធបោះឆ្នោតមួយ ដែលមានលក្ខណៈត្រឹមត្រូវ និងប្រជាធិបតេយ្យពិតប្រាកដសម្រាប់ប្រទេសក្នុងតំបន់។ សិក្ខាសាលាលើកទី១ រៀបចំឡើងកាលពីខែមីនា ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។