លោក ទយ ញៀប មានប្រសាសន៍បញ្ជាក់ថា មន្ត្រីមូលដ្ឋានមានអនុប្រធានភូមិ និងមេឃុំ បានចោទលោកថា ជាអ្នកដឹកនាំប្រជាពលរដ្ឋក្នុងភូមិ គាំទ្រគណបក្ស សម រង្ស៊ី ហើយនេះ គឺជាការគំរាមកំហែងមួយទៅលើស្មារតីសកម្មជនការពារសិទ្ធិជនជាតិដើមភាគតិច។ លោកបន្តថា លោកគឺជាសមាជិកគណបក្សប្រជាជន ក៏ប៉ុន្តែ អំពើរំលោភដីធ្លីប្រជាពលរដ្ឋក្នុងភូមិ បានកើតមានច្រើនករណី ហេតុនេះលោក និងប្រជាពលរដ្ឋ នាំគ្នាស្វែងរកកិច្ចគាំពារពីមន្ត្រីមូលដ្ឋាន អ្នកតំណាងរាស្ត្រ និងអង្គការសង្គមស៊ីវិល នៅក្នុងវេទិកាសាធារណៈ ដើម្បីជួយទប់ស្កាត់អំពើរំលោភសិទ្ធិដីធ្លីជនជាតិដើមតែប៉ុណ្ណោះ។
លោក ទយ ញៀប៖ «ខ្ញុំអត់បានចូលគណបក្ស សម រង្ស៊ី ទេ។ សិទ្ធិមនុស្ស គេអត់ឲ្យនិយាយអ៊ីចឹងទេ មានសិទ្ធិសេរីភាព។ ដំបូងហ្នឹង មានក្រុមហ៊ុនគេមកយកឈូសឆាយប៉ះពាល់ដីអារក្ស ប៉ះពាល់ដីកប់ខ្មោច ដីបម្រុងទុកសហគមន៍ជនជាតិដើមភាគតិចហ្នឹង ហើយខ្ញុំព្រួយបារម្ភ។ នៅក្នុងលក្ខន្តិកៈហ្នឹង គេឲ្យចុះជាសមូហភាព។ ដល់ឥឡូវ គេចុះជានីតិបុគ្គលហ្នឹង ខ្ញុំព្រួយបារម្ភហ្នឹងណា!»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំវេទិកាសាធារណៈមួយនៅភូមិសមុទ្រក្រោម ក៏ប៉ុន្តែ មន្ត្រីអាជ្ញាធរមូលដ្ឋាន ព្យាយាមរារាំងមិនឲ្យប្រារព្ធពិធីនេះបានទេ ដោយសំអាងថា វេទិកានេះគ្មានច្បាប់អនុញ្ញាត។
យ៉ាងនេះក្តី នៅក្នុងការប្រារព្ធវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅភូមិសមុទ្រក្រោម នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកក្កដា កន្លងទៅនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីភូមិនានាក្នុងឃុំសេដា និងតំណាងប្រជាពលរដ្ឋមកពីឃុំប៉ាតាង ឃុំកាឡែង ក្នុងស្រុកលំផាត់ ប្រមាណជិត ៣០០នាក់ បានចូលរួមវេទិកា និងមានអ្នកតំណាងរាស្ត្រមកពីគណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស សិទ្ធិមនុស្ស និងមេឃុំសេដា ចូលរួមជាវាគ្មិនកិត្តិយស។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំសេដា លោក ធំ ផាន់ មានប្រសាសន៍បញ្ជាក់ថា លោកមិនបានប្រើអំណាចបំបិទសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះឡើយ ក៏ប៉ុន្តែ លោក ទយ ញៀប គឺជាសមាជិកគណបក្សប្រជាជន ហេតុនេះក្នុងនាមលោកជាប្រធានបក្សប្រជាជនក្នុងឃុំ លោកមានតួនាទីណែនាំសមាជិករបស់គណបក្សប្រជាជនដែលបានប្រព្រឹត្តអ្វីមិនត្រឹមត្រូវ៖ «គាត់ប្រជុំប្រកាសនៅក្នុងភូមិលើ គាត់ថាគាត់ហ្នឹងគឺជាគណបក្ស សម រង្ស៊ី ពិតប្រាកដ។ គាត់ប្រកាសអ៊ីចឹង ខ្ញុំថាតាមគាត់ ខ្ញុំថាបើនិយាយអ៊ីចឹង ខុសហើយ កាលមុនគាត់គណបក្សប្រជាជន។ មិនស្អីទេ គាត់ថាខ្ញុំចោទគាត់ថាទៅបើខ្ញុំបាននិយាយមែន»។
យ៉ាងនេះក្តី អ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បានចាត់ទុកទង្វើរបស់មន្ត្រីមូលដ្ឋានថា ជាការគំរាមកំហែងទៅលើស្មារតីសកម្មជនការពារសិទ្ធិជនជាតិដើមភាគតិច។ លោកបន្តថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើសចូលរួមជាមួយគណបក្សនយោបាយ ដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា៖ «យើងមិនចង់ឲ្យមានការចោទប្រកាន់អ្នកនេះគណបក្សនេះ គណបក្សនោះទេ ទាំងអស់គ្នាសុទ្ធជាខ្មែរទេ។ គោលដៅទាំងអស់គ្នា រួមធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងមានការគោរពសិទ្ធិមនុស្សតែប៉ុណ្ណឹង»។
កាលពីខែកក្កដា ឆ្នាំ២០១២ សកម្មជនផ្នែកសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមការពារសិទ្ធិមនុស្សអាដហុក រាយការណ៍ថា មន្ត្រីអាជ្ញាធរមូលដ្ឋាននៅស្រុកវ៉ឺនសៃ និងស្រុកលំផាត់ ខេត្តរតនគិរី ប្រើប្រាស់កងប៉ូលិស រារាំង និងរំខានការជួបប្រជុំសិក្ខាសាលា និងការបើកវេទិកាសាធារណៈរបស់អង្គការទាំងពីរ ជាមួយប្រជាពលរដ្ឋចំនួនបីលើក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
