អាជ្ញាធរ​ខែត្រ​តាកែវ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទិញ​ខ្សាច់​ពី​អ្នក​ភូមិ

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ខ្សាច់​ស្ទឹង​ស្លាគូ​ត្រូវ​អនុវត្ត​តាម​ការ​សុំ​វិនិយោគ​របស់​ខ្លួន​ទៅ​ក្រសួង​កន្លង​មក​ដែល​តម្រូវ​ឲ្យ​ទិញ​ខ្សាច់​ពី​អ្នក​ស្រុក។
ដោយ អ៊ុក សាវបូរី
2010.01.14

ការ​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ​បះបោរ​តវ៉ា​បន្ត​បន្ទាប់ និង​ចោទ​ថា ក្រុមហ៊ុន ប្រាក់បូរិន្ទ មិន​ទទួល​ទិញ​ខ្សាច់​ពី​ពួក​គាត់​ធ្វើ​ឲ្យ​ខ្សាច់​កក​ស្ទះ។ នៅ​ពេល​ពួក​គាត់​នាំ​គ្នា​ដឹក​ខ្សាច់​មក​ផ្ទះ​ដើម្បី​លក់​ឲ្យ​អ្នក​ផ្សេង ត្រូវ​ក្រុមហ៊ុន​ហាម​លក់​ខ្សាច់​ទៅ​អ្នក​ផ្សេង​ក្រៅ​ពី​ក្រុមហ៊ុន។

មេ​ភូមិ​ត្រពាំងព្រីង លោក ឌី កោត មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​ស្ងប់ស្ងាត់​នៅ​គ្រា​ដែល​អាជ្ញាធរ​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ទិញ​ខ្សាច់​ពី​អ្នក​ភូមិ​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ពន្យារ​ទិញ។

លោក ឌី កោត បាន​ឲ្យ​ដឹង​ថា ៖ «ចាប់​តាំង​ពី​ថ្ងៃ​ហ្នឹង​មក ទិញ​ហូរហែ ប៉ុន្តែ​មាន​ឈប់​មួយ​ថ្ងៃ​អី​អ៊ីចឹង​ដែរ ប៉ុន្តែ​ខ្ញុំ​និយាយ​ច្បាប់ ច្បាប់​ហ្នឹង​ត្រូវ​យ៉ាង​ម៉េច? ត្រូវតែ​អ៊ីចឹង។ ព្រឹក​មិញ​ខ្ញុំ​សួរ​អ្នក​មក​វិញ​ថា​គេ​ទិញ​ហើយ ប៉ុន្តែ​គេ​សុំ​សម្រាក​ម្សិលមិញ ឥឡូវ​គេ​ទិញ​ទៀត​ហើយ»

អ្នក​ស្រី ពិសី បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ឈប់​តវ៉ា​ដោយ​ក្រុមហ៊ុន​បាន​ទិញ​ខ្សាច់​វិញ​ហើយ ៖ «ឥឡូវ​លែង​នាំ​គ្នា​តវ៉ា​ហើយ​ហ្នឹង ក្រុមហ៊ុន​គេ​ទិញ​រាល់​ថ្ងៃ ប៉ុន្តែ​ដឹក​មួយ​ថ្ងៃ​អ៊ីចឹង​ទៅ ខាន​អ៊ីចឹង​ទៅ។ ឃើញ​ព្រឹក​មិញ​ហ្នឹង​ទិញ​ហើយ ស្អែក​មិន​ដឹង​ជា​គេ​ទិញ​ទៀត​ដែរ​ឬ​អត់!»

តំណាង​ក្រុមហ៊ុន ប្រាក់បូរិន្ទ លោក លីម ថែ ថ្លែង​ថា ក្រុមហ៊ុន​នៅ​បន្ត​ទិញ​ខ្សាច់​ពី​អ្នក​ស្រុក​ដដែល។ លោក​ថា ការ​ផ្អាក​ទិញ​កន្លង​មក​ព្រោះ​តែ​គ្មាន​កន្លែង​ស្តុក​ខ្សាច់។

លោក លីម ថែ បាន​បញ្ជាក់​ថា ៖ «ពេល​ដឹក​មក​អ៊ីចឹង ខ្ញុំ​ប្រាប់​គាត់​ដែរ​ថា ជា​រឿយៗ​ថា ឲ្យ​រទេះ​ហ្នឹង​ដាក់​ឲ្យ​ដល់ៗ ជួយ​ទាញ​រទេះ​ទាញ​អី​ហ្នឹង​ឲ្យ​ដល់ៗ​ដើម្បី​ឲ្យ​វា​គរ​បាន​ខ្ពស់ ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​បាន​ដឹក​រាល់​ថ្ងៃ កុំ​ឲ្យ​វា​អត់​មាន​កន្លែង​ដាក់ ហើយ​តែ​ពួក​គាត់​អត់​មាន​បាន​ស្ដាប់​អី​ទេ កន្លែង​ណា​ក៏​ដាក់​ដែរ ដាក់​បន្តិចៗ ប្រឡោះ​ដី​ចោល​ច្រើន ដើម្បី​គាត់​យក​បាន​ជើង​ច្រើន មួយ​ថ្ងៃ ១០​ជើង ជាង ២០​ជើង​អី​ឯ​ណោះ មួយ​ព្រឹក​ហ្នឹង! ដើម្បី​គាត់​ចង់​បាន​លុយ​ច្រើន គាត់​ចេះ​តែ​ដាក់​យក​មួយ​ឈ្នះ​ដៃ ដល់​ពេល​ដឹក​ទៅ​បាន​តែ​បី​ថ្ងៃ បួន​ថ្ងៃ​អី​អ៊ីចឹង វា​ពេញ​ដី​អស់​អ៊ីចឹង​ទៅ អត់​មាន​កន្លែង​ដាក់ ខ្ញុំ​ក៏​ផ្អាក​ទិញ​មួយ​ថ្ងៃ ពីរ​ថ្ងៃ​អ៊ីចឹង​ទៅ។ ដល់​ហើយ​គាត់​ថា ពួក​ខ្ញុំ​អត់​ទិញ អ៊ីចឹង​បាន​គាត់​ដឹក​លក់​ឲ្យ​គេ​ផ្សេង»

លោក លីម ថែ បន្ត​ថា អ្នក​ភូមិ​ចង់​បាន​ប្រាក់ បាន​ប្រព្រឹត្ត​កំហុស​ច្រើន​ដោយ​បាន​លួច​ចាក់​ខ្សាច់​នៅ​កន្លែង​ព្រៃ​ច្រើន​រទេះ ទំនង​គេចវេស​ចង់​កើប​ខ្សាច់​នោះ​ទុក​លក់​ឲ្យ​អ្នក​ផ្សេង។ លោក​ថា ក្រុមហ៊ុន​ចង់​ព្រមាន​រឿង​នោះ​ផងដែរ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ផ្តេសផ្តាស ក្រុមហ៊ុន​នឹង​មិន​ទិញ​ខ្សាច់​ពី​ពួក​គាត់​ឡើយ។

លោក លីម ថែ បាន​អះអាង​ថា ៖ «បញ្ហា​ថ្ងៃ​នេះ​ជាដើម ពេល​ដែល​ខ្ញុំ​ឈរ​ទិញ​អ៊ីចឹង រទេះ​គោ​ឡើង​មក​តាំង​ពី​យប់ តាំង​ពី​ម៉ោង ៤​កន្លះ​អី​អ៊ីចឹង ខ្ញុំ​ចែក​បុង​ឲ្យ​ទៅ​នៅ​ក្រោម... នៅ​កន្លែង​ទីតាំង​ខ្សាច់​ល្អ។ នៅ​ពេល​ដែល​គាត់​យក​បុង​ហើយ គាត់​ដឹក​ខ្សាច់​ឡើង​មក​លើ​អ៊ីចឹង មក​ដល់​កណ្ដាល​ផ្លូវ​គាត់​ចាក់​ខ្សាច់​ចោល ព្រោះ​គាត់​ទទួល​បាន​បុង​ពី​ក្រុមហ៊ុន​រួច​ហើយ។ គាត់​ចាក់​ខ្សាច់​ចោល​តាម​ផ្លូវ​ហើយ គាត់​បរ​រទេះ​ទទេ​ទៅ​ដឹក​ម្ដង​ទៀត ហើយ​មក​ចាក់​ចោល​មួយ​កន្លែង​ទៀត ព្រោះ​វា​ងងឹត ពួក​ខ្ញុំ​មើល​មិន​សព្វ»

ខ្សាច់​បាត​ស្ទឹង​ស្លាគូ​បាន​ចិញ្ចឹម​ប្រជាជន​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ២​ឃុំ មាន​ឃុំ​ជាងទង និង​ឃុំ​ពពេល។ ខ្សាច់​បាន​ផ្តល់​កម្រៃ​ឲ្យ​អ្នក​ភូមិ​ចំនួន​ពី ៥ ទៅ ៦​ភូមិ ដែល​រស់​នៅ​ដោយសារ​បាន​ប្រាក់កាស​ពី​ការ​លក់​ខ្សាច់​បាត​ស្ទឹង​ស្លាគូ​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 13, 2010 06:47 PM

This is two way between buyer and seller. Hope to be clear.The Authority have to check to see clear information who right and who wrong. don't listen to one side.