ពលរដ្ឋ​រស់នៅ​លើ​ដី​គោក​ក្បែរ​មាត់​បឹង​កក់​សម្ដែង​ការព្រួយ​បារម្ភ

ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​គោក​ក្បែរ​មាត់​បឹង​កក់​បាន​សម្ដែង​កង្វល់​ដោយ​បាន​អះអាង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​មិន​ទាន់​មាន​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មុខ​មក​ប្រាប់​ពួក​គាត់​ថា ត្រូវ​ដោះដូរ​ផ្ទះ​របស់​ពួក​គាត់​យ៉ាង​ណា​នៅ​ឡើយ​នោះ​ទេ។
ដោយ សោភ័ណ
2008-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​ដែល​សង់​នៅ​លើ​បឹង​កក់។
ផ្ទះ​ដែល​សង់​នៅ​លើ​បឹង​កក់។
RFA Photo

ស្រ្តី​មេ​ផ្ទះ​ម្នាក់​ឈ្មោះ ប៉ែត លីម រស់នៅ​ភូមិ​២៤ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ដែល​មាន​ផ្ទះ​ជាប់​នឹង​មាត់​បឹង​បាន​រៀបរាប់​ថា មក​ដល់​ពេល​នេះ​មិន​ដែល​មាន​ខាង​ក្រុមហ៊ុន​ឬ​អាជ្ញាធរ​ណា​មក​ប្រាប់​ថា​យ៉ាង​ណា​នោះ​ទេ​ពាក់ព័ន្ធ​ការ​ដែល​សាលា​ក្រុង​ភ្នំពេញ​បាន​ជួល​បឹង​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​អភិវឌ្ឍ​នោះ។

អ្នកស្រី ប៉ែត លីម បាន​ឲ្យ​ដឹង​ថា ៖ «ការ​ពិត​អត់​មាន​ទាន់​មាន​នរណា​មក​សួរ​ពី​ប្រជាជន​ថា កន្លែង​នេះ​ត្រូវ​យ៉ាង​ម៉េច​កន្លែង​នោះ​ត្រូវ​យ៉ាង​ម៉េច​អី អត់​ដឹង​ទេ»

ស្រ្តី​ម្នាក់​ទៀត​រស់នៅ​ក្នុង​ភូមិ​៦ ឈ្មោះ ផល ដែល​មាន​ផ្ទះ​ជាប់​នឹង​មាត់​បឹង​ដែរ​នោះ​បាន​សម្ដែង​ភាព​ខ្វល់ខ្វាយ​ថា គាត់​ឮ​តៗ​គ្នា​ថា ផ្ទះ​គាត់​ក៏​ត្រូវ​ទទួល​បាន​សំណង​ដូច​គ្នា​នឹង​អ្នក​ដែល​មាន​ផ្ទះ​លើ​ផ្ទៃ​បឹង​ដែរ ប៉ុន្តែ​គាត់​មិន​ព្រម​ដោយ​គាត់​ទាមទារ​តម្លៃ​សមរម្យ​មួយ។

ស្រ្តី​ឈ្មោះ ផល បាន​ឲ្យ​ដឹង​ថា ៖ «ផ្ទះ​ខ្ញុំ​លើ​គោក ខ្ញុំ​ចង់​បាន​៤​ម៉ឺន​ជាង។ ផ្ទះ​ខ្ញុំ​ទទឹង​៤​ម៉ែត្រ បណ្ដោយ​១៣​ម៉ែត្រ»

ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​គោក​ជា​ច្រើន​បាន​អះអាង​និង​សម្ដែង​ក្តី​បារម្ភ​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គាត់​ខ្លាច​បាត់បង់​ទីជម្រក​ដោយ​ពួក​គាត់​ខ្លះ​បាន​មក​រស់នៅ​ទី​នេះ​រយៈពេល​១០​ឆ្នាំ​ហើយ​ខ្លះ​ទៀត រយៈពេល​១៥​ឆ្នាំ​ហើយ ហើយ​ខ្លះ​ទៀត​បាន​ចំណាយ​លុយ​ជា​ច្រើន​ម៉ឺន​ដុល្លារ​ក្នុង​ការសាងសង់​ផ្ទះ ៖ «ផ្ទះ​ខ្ញុំ​ដី​១៥០​ម៉ែត្រ​ការ៉េ ដី​គោក​គេ​អត់​ទាន់​មក​ឲ្យ​ប៉ុន្មាន​អី​ប៉ុន្មាន​ទេ មិន​ដែល​មក​និយាយ​ស្អី​ទេ ទទេ មិន​ដែល​មក​សួរ​នាំ​អី​ទេ»

កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​គោក​ធ្លាប់​ឡើង​ទៅ​តវ៉ា​នៅ​សាលាក្រុង​ភ្នំពេញ​និង​នៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​គោលបំណង​រក​ដំណោះស្រាយ​មួយ ដោយ​ពួក​គាត់​ទាមទារ​ជា​ថ្នូរ​នៃ​ការចាកចេញ​ក្នុង​ដី​១​ម៉ែត្រ​ការ៉េ​តម្លៃ​២៥០០​ដុល្លារ។

បើ​យោង​តាម​ឯកសារ​ចម្លង​កិច្ច​សន្យា​ជួល​រវាង​ក្រុមហ៊ុន​និង​សាលា​ក្រុង​ភ្នំពេញ​ត្រូវ​ដោះស្រាយ​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៤២៥២​គ្រួសារ​រស់នៅ​ក្នុង​ទីតាំង​បឹង​កក់​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ការអភិវឌ្ឍ​នេះ ហើយ​បើ​តាម​អភិបាល​រង​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​នោះ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទៃ​បឹង​ចំនួន​១១៧២​គ្រួសារ។

ឆ្លើយតប​នឹង​កខ្វល់​របស់​ប្រពលរដ្ឋ​ខាង​លើ​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស មាន​ប្រសាសន៍​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្រក​លើ​ដី​គោក​រក្សា​ភាព​ស្ញៀមស្ងាត់​សិន​ដើម្បី​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​ជូន។

លោក ប៉ា សុជាតិវង្ស បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​ទាន់​ទាំង​ដោះ​បាន​សម្រាប់​បង​ប្អូន​លើ​ទឹក​ផង​ទៅ​ដល់​លើ​គោក​ទៀត។ អា​នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ដោះស្រាយ​ព្រម​គ្នា​បាន។ ក្នុង​ការដោះស្រាយ​នេះ​យើង​ត្រូវ​ចែកចេញ​ជា​២​ដំណាក់កាល។ អ៊ីចឹង​យក​ឱកាស​នេះ​ក៏​ខ្ញុំ​សូម​ជម្រាប​ជូន​ទៅ​បង​ប្អូន​ដែល​មាន​លំនៅ​ជម្រក​នៅ​លើ​ដី​គោក​សុំ​ឲ្យ​អត់ធ្មត់​បន្តិច ដើម្បី​ទុក​ពេលវេលា​ឲ្យ​សាលា​ក្រុង​ហ្នឹង ខិតខំ​រក​វិធី​ផ្សេងៗ​ទៀត»

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​នៅ​តំបន់​បឹង​កក់​របស់​សាលា​ក្រុង​ភ្នំពេញ​នេះ​ដែរ​មេធាវី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​នៅ​ទីតាំង​បឹង​កក់​បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​នឹង​ខ្លឹមសារ​នៃ​ការសម្រេច​រក្សា​ការពារ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​ផ្អាក​ការបូម​ដី​ចាក់​បំពេញ​ទីតាំង​បឹង​កក់​រហូត​ដល់​មាន​ដំណោះស្រាយ​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ជា​មុន​សិន។

ឆ្លើយតប​នឹង​ការលើកឡើង​របស់​មេធាវី​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏​បាន​មាន​ប្រសាសន៍​ថា ការ​ឲ្យ​បញ្ឈប់​ការបូម​ខ្សាច់​បញ្ចូល​បឹង​នេះ​ដូច​ជា​ការ​ឲ្យ​បញ្ចប់​ការអភិវឌ្ឍ​ដែរ។

លោក​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​លើ​ផ្ទៃ​បឹង​ថា ៖ «ខ្ញុំ​យក​ឱកាស​នេះ​ដើម្បី​ជម្រាប​ជូន​បង​ប្អូន​ដែល​បាន​ធ្វើការ​តវ៉ា​នេះ បញ្ហា​នេះ​គួរតែ​បន្ត​សហការ​ជាមួយ​សាលា​ក្រុង​ដើម្បី​ដោះស្រាយ​តំបន់​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ អ៊ីចឹង​ទេ​សុំ​ឲ្យ​បង​ប្អូន​បង្ក​លក្ខណៈ​ឲ្យ​ដល់​សាលា​ក្រុង​បន្ត​ទៅ​ទៀត ឯ​បញ្ហា​គោល​នយោបាយ​យើង​មាន​ឱកាស​សម្រាប់​នឹង​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​សាលា​ក្រុង​និង​បង​ប្អូន​ជា​បន្ត​បន្ទាប់ យើង​ពិត​ជា​រក​ផ្លូវ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា»

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ទាំង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​បឹង​និង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​គោក​អាច​ទទួល​យក​គោល​នយោបាយ​ណា​មួយ​ក៏​បាន​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​បី​របស់​សាលា​ក្រុង​ភ្នំពេញ គឺ​ការទទួល​យក​ផ្ទះ​មួយ​ល្វែង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១២ម៉ែត្រ​នៅ​ដំណាក​ត្រយឹង ឬ​លុយ​៨៥០០​ដុល្លារ ឬ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង តែ​ត្រូវ​រង់ចាំ​រយៈ​ប្រមាណ​ជាង​ពីរ​ឆ្នាំ ចំណែក​ឯ​ផ្ទះ​នោះ​មាន​ទំហំ​ដូច​គ្នា​នឹង​ផ្ទះ​នៅ​បុរី​កីឡា។

លោក ប៉ា សុជាតិវង្ស បាន​បញ្ជាក់​ថា ៖ «តាម​គ្រោង​គិត​របស់​យើង គឺ​ថា​ប្រហែល​ជា​ពី​២​ទៅ​៣​ឆ្នាំ​ហើយ​ទើប​បាន​មាន​លំនៅ​ដែល​យើង​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ហ្នឹង​បាន។ តាម​គម្រោង​ដែល​សាលា​ក្រុង​បាន​គិត​ហ្នឹង គឺ​យើង​យក​គំរូ​នៅ​បុរី​កីឡា អ៊ីចឹង​ប្រហែល​ជា​បង​ប្អូន​គាត់​ដឹង​ខ្លះ​ដែរ ហើង​មាន​គំរូ​សម្រាប់​មើល ក៏​បង​ប្អូន​ដឹង​ថា​នៅ​បុរី​កីឡា​មាន​ទំហំ​ប៉ុន្មាន​ហើយ»

បើ​ទោះ​ជា​យ៉ាង​ណា​មេធាវី​របស់​ប្រជាពលរដ្ឋ លោក ជូង ជូងី បាន​អះអាង​ថា សាលា​ក្រុង​ភ្នំពេញ​បាន​អនុវត្ត​អំណាច​ផ្តាច់ការ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ថា ៖ «បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​ប្រើ​លក្ខណៈ​មួយ​ហៅ​ថា អត្តនោម័តិ ឬ​ហៅ​ថា​មិន​យក​ដំណោះស្រាយ​មក​ដាក់មុខ​ទេ គឺ​យក​អំណាច​មក​ដាក់​មុខ​ដែល​ខ្ញុំ​មាន​ការសោកស្ដាយ»

អភិបាល​រង​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា បើ​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​៤០០០​គ្រួសារ​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ។

តាម​កិច្ចសន្យា​ជួល​ថតចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​បាន​ឲ្យ​ដឹង​ថា ថ្លៃ​ឈ្នួល​ ដី​ក្រោម​កិច្ចសន្យា​នេះ​ត្រូវ​បាន​កំណត់ ០,៦០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ឬ​គិត​ជា​ប្រាក់​សរុប​ស្មើ​នឹង​៧៩​លាន​២ពាន់​ដុល្លារ​សម្រាប់​រយៈពេល​ដំបូង​៩៩​ឆ្នាំ។ ការបង់ប្រាក់​ឈ្នួល​លើក​ទី​មួយ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​យ៉ាង​យូរ​ចំនួន​៩០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ដែល​ក្រុមហ៊ុន​បាន​ទទួល​ទីតាំង​បឹង​កក់​ចំនួន​១៣៣​ហិតា​មក​គ្រប់គ្រង គឺ​បន្ទាប់ពី​ភាគី​សាលា​ក្រុង​ភ្នំពេញ​បាន​ដោះស្រាយ​បញ្ហា​ដី​រួច​ទាំងស្រុង​ជាមួយ​ប្រជាពលរដ្ឋ ដែល​ការអនុញ្ញាត​នេះ​ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា បាន​រំលោភ​លើ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ដែល​ថា​ការប្រគល់​បឹង​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ឲ្យ​ឯកជន គឺ​មិន​ត្រូវ​ហួស​ពី​១៥​ឆ្នាំ​ឡើយ។

ក្រុម​សិទ្ធិ​មនុស្ស​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការអភិវឌ្ឍ​នេះ​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន​និង​ប្រជាពលរដ្ឋ​ប្រមាណ​៤០០០​គ្រួសារ​ដែល​រស់នៅ​ជុំវិញ​បឹង​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល