សាលាក្តី​ខ្មែរ​ក្រហម​បញ្ចប់​ការ​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​០០២

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ទើប​បាន​បញ្ចប់​ការ​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​០០២ ដែល​មាន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៥​រូប រួម​មាន អៀង សារី, អៀង ធីរិទ្ធ, នួន ជា, ខៀវ សំផន និង កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែល​ជា​ជន​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ក្នុង​របប​ខ្មែរ​ក្រហម។
ដោយ ម៉ៅ សុធានី
2010-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
សាលា​ក្ដី​ខ្មែរ​ក្រហម​បើក​សវនាការ​លើ​ករណី​មេ​គុក​ទួលស្លែង ឌុច កាល​ពី​ថ្ងៃ​២៣ វិច្ឆិកា ២០០៩។
Courtesy of ECCC

លោក រាជ សម្បត្តិ ប្រធាន​កិច្ចការ​សាធារណៈ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​១៤ មករា​នេះ អំពី​ការ​ជូន​ដំណឹង​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​យ៉ាង​ដូច្នេះ ៖ «គឺ​សហ​ចៅក្រម​ស៊ើប​អង្កេត​គាត់​បាន​ប្រកាស​ជូន​ដំណឹង​ទៅ​ដល់​ភាគី​ទាំង​អស់ គឺ​ចាប់​ផ្ដើម​ពី​សហ​ព្រះរាជ​អាជ្ញា ភាគី​សហ​មេធាវី​របស់​ជន​ត្រូវ​ចោទ​ទាំង​អស់​ហ្នឹង​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២ ហើយ​និង​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថា ពួកគាត់​ត្រូវ​ត្រៀម​ខ្លួន បើ​សិន​ជា​ពិនិត្យ​មើល​ឃើញ​ការ​ស៊ើប​អង្កេត​ដែល​បាន​បញ្ចប់​ហ្នឹង​មាន​ចំណុច​អី​ខ្វះខាត​នៅ​សល់ គាត់​មាន​ពេល​៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ហ្នឹង​ទៅ គាត់​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឬ​ក៏​អត់ គាត់​ត្រូវ​ធ្វើ​ឲ្យ​បាន​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ​ហ្នឹង។ ករណី​ចាំបាច់​មួយ​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ជា​ជន​រង​គ្រោះ គឺ​គាត់​នៅ​ពេល​តែ​១៥​ថ្ងៃ​ទៀត​ទេ មាន​ន័យ​ថា ពី​ថ្ងៃ​ហ្នឹង​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១០​ហ្នឹង គឺ​គាត់​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​ទាន់​ក្នុង​ចន្លោះ​ពេល​ហ្នឹង បើ​ដាក់​មិន​ទាន់​ទេ មាន​ន័យ​ថា តុលាការ​ហ្នឹង​គេ​បិទ​ហើយ​សម្រាប់​ការ​ដាក់​ពាក្យ​បណ្ដឹង​ធម្មតា​និង​ការ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​តាំង​ខ្លួន​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី»

ស្តី​អំពី​សំណួរ​ដែល​ថា តើ​សាលាក្តី​ខ្មែរ​ក្រហម​នឹង​ចាប់​ផ្តើម​បើក​សវនាការ​ជំនុំ​ជម្រះ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំង​៥​រូប​នៅ​ពេល​ណា ហើយ​ជម្រះ​ជុំ​គ្នា ឬ​ម្តង​ម្នាក់ៗ? លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ថា គេ​អាច​នឹង​ដឹង​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១០ ខាង​មុខ​នេះ នៅ​ពេល​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​ចេញ​ដីកា​ដំណោះ​ស្រាយ។

តប​ទៅ​នឹង​សំណួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ជន​ជាប់​ចោទ កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​០០១ ហើយ​ទើប​តែ​បាន​ត្រូវ​ជំនុំ​ជម្រះ​ចប់​នៅ​ពេល​ថ្មីៗ​នេះ ក៏​មាន​ឈ្មោះ​នៅ​ក្នុង​សំណុំ​រឿង​០០២​ដែរ​នោះ?

លោក រាជ សម្បត្តិ បាន​ពន្យល់​យ៉ាង​ដូច្នេះ ៖ «ឥឡូវ​នេះ​លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច គាត់​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ក្ដី​គឺ​ចប់​អស់​ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែ​១១ ឆ្នាំ​២០០៩ មាន​ន័យ​ថា សម្រាប់​០០១ គាត់​អត់​មាន​ជំពាក់​វាក់វ័ណ្ឌ​អី​ទៀត​ទេ គឺ​គាត់​រង់​ចាំ​តែ​ថ្ងៃ​ដែល​តុលាការ​ប្រកាស​សវនាការ​ទេ។ ដោយ​ឡែក​នៅ​ក្នុង​សំណុំ​រឿង​០០២ គឺ​យើង​អត់​ទាន់​ដឹង​ទេ ពីព្រោះ​យើង​រង់​ចាំ​មើល​ដល់​ខែ​កញ្ញា ឆ្នាំ​២០១០ ថា តើ​នៅ​ក្នុង​ដំណោះ​ស្រាយ តើ​សហ​ចៅក្រម​ស៊ើប​អង្កេត​គាត់​នៅ​តែ​ដាក់ ឌុច នៅ​ក្នុង​សំណុំ​រឿង​លេខ​០០២​ដដែល​ឬ​អត់? បើ​សិន​ជា​អត់​មាន នៅ​ពេល​ហ្នុង​យើង​ទាំង​អស់​គ្នា​នឹង​ដឹង។ ដោយ​ឡែក​សួរ​ថា តើ​កាត់​ម្នាក់ ឬ​ក៏​កាត់​ទាំង​អស់​គ្នា អាហ្នឹង​យើង​រង់ចាំ​មើល​ក្រោយ​ខែ​កញ្ញា ឆ្នាំ​២០១០»

សូម​ជម្រាប​ជូន​ថា ការិយាល័យ​នៃ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​ឲ្យ​ដឹង​ថា  ការិយាល័យ​បាន​ចំណាយ​ពេល​ជាង​២​ឆ្នាំ​ដើម្បី​ពិនិត្យ​មើល​លើ​សំណុំ​ឯកសារ​រាប់​ម៉ឺន​ទំព័រ​នៃ​ឧក្រិដ្ឋកម្ម​ក្នុង​អំឡុង​ពេល​ពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។ ជាមួយ​គ្នា​នោះ ក៏​បាន​ស្តាប់​ចម្លើយ​សាក្សី​ដើម​បណ្តឹង​រដ្ឋប្បវេណី​និង​ជន​ត្រូវ​ចោទ​ដែល​ធ្វើ​ឡើង​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​និង​អ្នក​ស៊ើប​អង្កេត​លើស​ពី​៨០០​ដង៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បើចង់កាត់ទោសក៏គួរកាត់ទោសប្រទេសជិតខាងផងដែររាប់ទាំងអាមេរិកាំងផង។

Jan 17, 2010 02:19 PM

អ្នក​អាន​អនាមិក

ប្រទេសកម្ពុជាត្រូវតែបញ្ចប់នៅការរុករកអ្នកថ្មីមកកាត់ទោសនោះទៅពីព្រោះប្រទេសកម្ពុជាមិនមានតែខ្មែរក្រហមនោះទេប្រទេសខ្មែរមាននាក់និយមឆ្វេងស្តាំច្រើនណាស់។បើរាប់ទៅមិនត្រឹមតែខ្មែរខ្លួនឯងនោះទេមានទាំងបរទេសចូលរួមថែមទៀតផង។

Jan 17, 2010 02:17 PM

គេហទំព័រ​ទាំងមូល