សិក្ខាសាលា​ស្ដី​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​និង​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

មនុស្ស​ប្រមាណ ៣០០​នាក់​ចូល​រួម​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ស្តី​អំពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​មីនា ឆ្នាំ​២០១០។
ដោយ ឡេង ម៉ាលី
2010-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-មីនា-២០១០: សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​អំពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៅ​សណ្ឋាគារ​អាំងទែរ កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ។
៣០-មីនា-២០១០: សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​អំពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នៅ​សណ្ឋាគារ​អាំងទែរ កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ។
RFA/Leng Maly

សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សហការ​ជាមួយ​មូលនិធិ ខុនរ៉ាដ អាដឹនណៅអ៊ែរ នៅ​សណ្ឋាគារ​អាំងទែរ កុងទីណង់តាល់ រាជធានី​ភ្នំពេញ ដែល​ចូល​រួម​ដោយ​មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ស្ថាប័ន​តុលាការ តំណាង​គណៈ​មេធាវី ព្រម​ទាំង​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​សង្គម​ស៊ីវិល​ផង។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៍ តំណាង​មូលនិធិ ខុនរ៉ាដ អាដឹនណៅអ៊ែរ លោកស្រី រ៉ាបៀ ប្រាវអឺរ៍ (Rabea Brauer) ថ្លែង​ថា ដើម្បី​ឱ្យ​រដ្ឋ​ធម្មនុញ្ញ​មាន​លក្ខណៈ​ទំនើប ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​អ្នក​ធានា​ធម្មនុញ្ញភាព ត្រូវ​តែ​មាន​ការ​គាំទ្រ​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​រដ្ឋ​ធម្មនុញ្ញ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោកស្រី រ៉ាបៀ ប្រាវអឺរ៍ មាន​ប្រសាសន៍​អំពី​គោល​បំណង​សិក្ខាសាលា​ថា ៖ "ការ​រៀបចំ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ដើម្បី​លើក​កម្ពស់​រដ្ឋ​ធម្មនុញ្ញ​ឲ្យ​ប្រជាជន​បាន​យល់​ដឹង ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវ​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​រដ្ឋ​ធម្មនុញ្ញ​នេះ"

ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក ឯក សំអុល ថ្លែង​ថា ការ​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​សហការ​ជាមួយ​មូលនិធិ ខុនរ៉ាដ អាដឹនណៅអ៊ែរ នៅ​ពេល​នេះ គឺ​ជា​កិច្ច​សហការ​លើក​ទី​មួយ។ នៅ​ក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ ក៏​មាន​ពិភាក្សា​លើ​សំណួរ​ផ្សេងៗ​ដែល​តម្រូវ​ឱ្យ​អ្នក​ចូល​រួម​សរសេរ​ជា​អនាមិក​មក​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​វាគ្មិន​ផង​ដែរ។

អ្នក​ចូល​រួម​មួយ​រូប គឺ​លោក​មេធាវី គង់ សំអុន ថ្លែង​អំពី​ចំណាប់​អារម្មណ៍​របស់​លោក​ដូច្នេះ ៖ «គ្រាន់តែ​ថា ការ​លើក​សំណួរ​ទាំង​នោះ​មិន​បាន​លើក​ដោយ​ផ្ទាល់​ពី​អ្នក​ចូល​រួម​ទេ គឺ​យើង​ត្រូវ​សរសេរ​ជា​អក្សរ ហើយ​ផ្ញើ​សំណួរ​ហ្នឹង​ទៅ​ឯកឧត្ដម​សមាជិក​ក្រុម​ប្រឹក្សា​ធ្វើការ​បក​ស្រាយ»

អ្នក​ចូល​រួម​មួយ​រូប​ទៀត​មក​ពី​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី មឿន សុវណ្ណ ថ្លែង​អំពី​សារប្រយោជន៍​នៃ​សិក្ខាសាលា​នេះ​ដូច្នេះ ៖ «យើង​គិត​ថា វា​ល្អ​ប្រសើរ ព្រោះ​ថា ច្បាប់​ធម្មតា​មាន​អ្នក​អនុវត្ត មាន​អ្នក​ដោះស្រាយ ហើយ​អ្នក​ដែល​ពន្យល់​ឲ្យ​ចំ​ន័យ ចំ​ខ្លឹមសារ​ដែល​ចង់​បាន គឺ​សមត្ថកិច្ច​របស់​ឧត្ដម​ក្រុម​ប្រឹក្សា»

លោក ឯក សំអុល ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ដឹក​នាំ​ការ​ពិភាក្សា​ថ្លែង​ថា ឆ្លង​កាត់​សិក្ខាសាលា​រយៈពេល​មួយ​ថ្ងៃ ខ្លឹមសារ​នៃ​រដ្ឋ​ធម្មនុញ្ញ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ខិតខំ​បក​ស្រាយ​តាម​ការ​យល់​ដឹង​របស់​ខ្លួន។

លោក​ថ្លែង​បន្ត​ដូច្នេះ ៖ «សូម​មេត្តា​យក​ចម្លើយ​បំភ្លឺ​ទាំង​អស់​ទៅ​ពិចារណា​បន្ត​ទៅ​ទៀត ពីព្រោះ​ថា គេ​ពិបាក​រក​ចម្លើយ​សុក្រឹត​ណាស់»

ក្រៅ​ពី​អ្នក​ចូល​រួម​ប្រមាណ ៣០០​នាក់ ក៏​មាន​វត្តមាន​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​វាគ្មិន​ចំនួន ៧​រូប​ផង​ដែរ រួម​មាន​លោក ឯក សំអុល លោក សឺន សូប៊ែរ លោក ប៉ែន ថុល លោក តុប សំ  លោក ព្រហ្ម ញាណវិចិត្រ លោក ប្រាក់ សុខ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ដារ៉ាវង្ស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល