កម្មករ​សហគ្រាស​ផលិត​គ្រឿង​សំណង់​បន្ត​តវ៉ា​រក​ដំណោះ​ស្រាយ

កម្មករ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេ​ស៊ី ហ្សេស៊ីន (KC Gecin Enterprises) ដែល​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​សប្ដាហ៍​មុន បាន​ឲ្យ​ដឹង​ថា ពួកគេ​នៅ​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ការ​ជួយ​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​រដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ពួកគេ​ទាំង ៦២​នាក់​បាន​ចូល​ធ្វើការ​វិញ។
ដោយ អ៊ុក សាវបូរី
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៨-សីហា-២០១០: ក្រុម​អ្នក​តវ៉ា​នាំ​គ្នា​អុជ​ធូប​សែន​ព្រេន បួង​សួង​សូម​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើការ​វិញ នៅ​ខាង​មុខ​សហគ្រាស​ផលិត​គ្រឿង​សំណង់​បេតុង ខេស៊ី ហ្សេស៊ីន (KC Gecin Enterprises) នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។
១៨-សីហា-២០១០: ក្រុម​អ្នក​តវ៉ា​នាំ​គ្នា​អុជ​ធូប​សែន​ព្រេន បួង​សួង​សូម​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើការ​វិញ នៅ​ខាង​មុខ​សហគ្រាស​ផលិត​គ្រឿង​សំណង់​បេតុង ខេស៊ី ហ្សេស៊ីន (KC Gecin Enterprises) នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។
RFA/Leng Maly

អគ្គ​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នៃ​ក្រសួង​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​អញ្ជើញ​តំណាង​ក្រុម​កម្មករ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេ​ស៊ី ហ្សេស៊ីន ចំនួន ១០​នាក់​ឲ្យ​ចូល​ជួប​ប្រជុំ​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​សីហា ដើម្បី​រក​ដំណោះស្រាយ​វិវាទ​ការងារ​រវាង​កម្មករ​សំណង់ និង​សហគ្រាស​ផលិត​គ្រឿង​សំណង់​នោះ។

ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នៃ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោកស្រី បូ ចាន់វាសនា មាន​ប្រសាសន៍​ថា ក្នុង​កិច្ច​ប្រជុំ​ដែល​ទើប​បញ្ចប់​នៅ​ម៉ោង ៦​ល្ងាច នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា​នេះ ជំហរ​របស់​កម្មករ​ប្រមាណ ៦០​នាក់ ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​បាន​ទាមទារ​ឲ្យ​សហគ្រាស​ទទួល​យក​ពួកគេ​ឲ្យ​បាន​ចូល​ធ្វើការ​វិញ។ ឯ​ជំហរ​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេ​ស៊ី ហ្សេស៊ីន នៅ​តែ​មិន​អាច​ទទួល​យក​កម្មករ​ទាំង​នោះ​បាន​ទេ ពីព្រោះ​តែ​​នៅ​ក្រុមហ៊ុន​មិន​មាន​ការងារ​ឲ្យ​កម្មករ​ទាំង​នោះ​ធ្វើ។

លោកស្រី​បន្ត​ថា ៖ «ឥឡូវ​ហ្នឹង ការ​សួរ​ព័ត៌មាន​ហ្នឹង​ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​ខ្ញុំ​អត់​ទាន់​ដឹង​ថា តើ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​គាត់​នឹង​ធ្វើ​អី​បន្ត​ទៀត​ទេ ព្រោះ​គាត់​កំពុង​តែ​ប្រជុំ​គ្នា។ នៅ​ពេល​ដែល​មាន​លទ្ធផល​ចេញ​យ៉ាង​ម៉េច​យើង​នឹង​ជម្រាប​ទៅ​ភាគី​ទាំង​ពីរ​ហើយ»

អនុ​ប្រធាន​ទី​១​នៃ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា លោក វ៉ាន់ ថុល បាន​ឲ្យ​ដឹង​ថា អ្នក​បា​ន​អនុញ្ញាត​ឲ្យ​ចូល​ប្រជុំ​នៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នៃ​ក្រសួង​ការងារ​នោះ​បាន ១០​នាក់ ៖ «ខាង​អាជ្ញាកណ្ដាល​លោក​គ្រាន់​តែ​ហៅ​មក​សាក​សួរ​ព័ត៌មាន​ទាំង​សង​ខាង​ទេ គេ​ចង់​ដឹង​ពី​ជំហរ​របស់​ភាគី​ទាំង​សងខាង​ពី​បញ្ហា​វិវាទ​ហ្នឹង»

អនុ​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ខៀវ សាវុធ មាន​ប្រសាសន៍​ថា យោង​តាម​អនុ​សញ្ញា​អន្តរជាតិ និង​ច្បាប់​ការងារ​គ្មាន​ភាគី​ណា​មួយ​ជំទាស់​ការ​បង្កើត​សហជីព ឬ​សមាគម​នោះ​ទេ។

លោក​បន្ត​ថា ៖ «បើ​និយាយ​ពី​ការងារ​គឺ​ការពារ​ទាំង​អស់។ កម្មករ កាល​ណា​គាត់​បង្កើត​សហជីព គឺ​ក្រុមហ៊ុន​មិន​អាច​យក​លេស​នៃ​ការ​បង្កើត​សហជីព​នោះ​ដើម្បី​បញ្ឈប់​គាត់​ពី​ការងារ​បាន​ទេ ច្បាប់​ការពារ​គាត់...»

លោក វ៉ាន ថុល ឲ្យ​ដឹង​ថា ក្រោយ​ពី​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភា កាល​ពី​ថ្ងៃ​សុក្រ ទី​២០ ខែ​សីហា ចុង​សប្ដាហៈ​មុន រហូត​មក​ទល់​ថ្ងៃ​នេះ តំណាង​រាស្ត្រ​មិន​ទាន់​ប្រាប់​អំពី​ការ​ជួយ​អន្តរាគមន៍​ឲ្យ​កម្មករ​បាន​ដឹង​ទេ។ លោក​ថា ក្រុម​កម្មករ​នៅ​បន្ត​ឈរ​តវ៉ា​នៅ​មុខ​សហគ្រាស​ផលិត​គ្រឿង​សំណង់ តាំង​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​សីហា មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​សីហា។ លោក​ថា ក្រុម​កម្មករ​នឹង​បន្ត​តវ៉ា​រហូត​មាន​ការ​ជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ឲ្យ​ពួក​គេ​បាន​ចូល​ធ្វើការ។

លោក​បន្ត​ថា កម្មករ​ដែល​សហគ្រាស​ផលិត​គ្រឿង​សំណង់ ខេ​ស៊ី ហ្សេស៊ីន បាន​បញ្ឈប់​កម្មករ​សរុប ៦២​នាក់។ ការ​បញ្ឈប់​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​កម្មករ​សំណង់​សុំ​បង្កើត​សហជីព​នៅ​ក្នុង​សហគ្រាស​នោះ ដើម្បី​ការពារ​ការ​មិន​គោរព​សិទ្ធិ​កម្មករ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល