សំណុំ​រឿង​ពុករលួយ​ពាក់ព័ន្ធ​មន្ត្រី​ជាន់​ខ្ពស់​​ម្នាក់​មាន​ការ​ផ្លាស់ប្ដូរ​ថ្មី

សំណុំ​រឿង​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា និង​ឈ្មួញ​ដីធ្លី​ម្នាក់ មាន​ការ​ផ្លាស់​ប្ដូរ​ជា​ថ្មី ដែល​នឹង​ធ្វើ​ឲ្យ​ជន​ដែល​តុលាការ​រក​ឃើញ​ថា មាន​ទោស អាច​ទទួល​ទោស​ធ្ងន់​ជាង​មុន។
ដោយ សុខ សេរី
2010-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-កក្កដា-២០១០: កសិករ​រង​គ្រោះ ​អ្នកស្រី ហួត សារុំ (ជួរ​មុខ ខាង​ស្ដាំ) ​និង​លោក​មេធាវី​ កៅ ទី (​ជួរ​មុខ ខាង​ឆ្វេង) នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
២២-កក្កដា-២០១០: កសិករ​រង​គ្រោះ ​អ្នកស្រី ហួត សារុំ (ជួរ​មុខ ខាង​ស្ដាំ) ​និង​លោក​មេធាវី​ កៅ ទី (​ជួរ​មុខ ខាង​ឆ្វេង) នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
RFA/Sok Serey

ប្រភព​ពី​មេធាវី និង​ឯកសារ​បាន​ឲ្យ​ដឹង​ថា តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​កែប្រែ​បទល្មើស​អំពើ​ពុករលួយ​ទឹក​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ពី​បទ​ល្មើស​មជ្ឈិម មក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​វិញ​ហើយ ក្នុង​ការ​ប្រឆាំង​ជន​ជាប់​ចោទ​ចំនួន ២​នាក់ មាន​លោក សេង យៀន មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធ​សភា និង​ឈ្មួញ​ដីធ្លី​ម្នាក់ គឺ​លោកស្រី ឌី ព្រឹម។

ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន ចុះ​ថ្ងៃ​ទី​១៥ ខែ​តុលា បាន​និយាយ​ថា ការ​ចាត់​របៀប​ជា​ថ្មី​លើ​សំណុំ​រឿង​អំពើ​ពុករលួយ​នេះ គេ​តម្រូវ​ឲ្យ​មាន​ការ​កាត់​ទោស​ដោយ​ក្រុម​ប្រឹក្សា​អង្គចៅក្រម​ចំនួន ៣​នាក់ តាម​មាត្រា​ទី​២៨៩ នៃ​នីតិវិធី​ក្រមព្រហ្មទណ្ឌ និង​មាត្រា​ទី​៤៦ នៃ​ក្រមព្រហ្មទណ្ឌ។

មេធាវី​ការពារ​ក្ដី​ឲ្យ​កសិករ​រង​គ្រោះ​ឈ្មោះ ហួត សារុំ អាយុ ៦៥​ឆ្នាំ គឺ​លោក កៅ ទី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​ថា លោក​មាន​ការ​ពេញ​ចិត្ត​នឹង​ការ​កែប្រែ​បែប​នេះ ៖ «ខ្ញុំ​នឹង​រំពឹង​មើល​លទ្ធផល​នៃ​សាលក្រម ដើម្បី​ផ្ដន្ទា​ទោស​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ»

កន្លង​មក​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​លោក ជ័យ សុវណ្ណ ជា​ចៅក្រម​ទោល  និង​ព្រះរាជអាជ្ញា លោក ជេត ខេមរា បាន​កែប្រែ​សំណុំ​រឿង​អំពើ​ពុករលួយ​ទឹក​ប្រាក់ ២០​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​មក​ជា​បទល្មើស​មជ្ឈិម​ស្រាល​ទៅ​វិញ។

ការ​កែប្រែ​ដូច្នេះ ត្រូវ​បាន​រង​ការ​តវ៉ា​ជំទាស់​ដោយ​មេធាវី​ឈ្មោះ កៅ ទី ប្ដឹង​ទៅ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ព្រះមហាក្សត្រ​ខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​អគ្គ​ព្រះរាជអាជ្ញា​តុលាការ​សាលា​ឧទ្ធរណ៍ តាម​រយៈ​គណៈ​មេធាវី​កម្ពុជា ដើម្បី​ប្រឆាំង​ជំទាស់​ភាព​មិន​ប្រក្រតី​នេះ។

ចៅក្រម​ជម្រះ​ក្ដី​លោក ជ័យ សុវណ្ណ នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​កំណត់​ថ្ងៃ​បើក​សវនាការ​កាត់​ទោស​លើ​សំណុំ​រឿង​នេះ គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​ប្រឹក្សា​ចំនួន ៣​នាក់ ប៉ុន្តែ​លោក​មិន​ដឹង​ថា នៅ​ថ្ងៃ​ណា​ទេ។

អគ្គនាយក​រង លោក សេង យៀន នៃ​អគ្គនាយកដ្ឋាន​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធ​សភា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​តាម​មាត្រា​ទី​៣៨ ក្រោម​បទ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ទទួល​សំណូក​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក។

តុលាការ​ដដែល​បាន​ចោទ​ប្រកាន់​ឈ្មួញ​ដីធ្លី​ម្នាក់ គឺ​លោកស្រី ឌី ព្រឹម តាម​មាត្រា​ទី​៥៨ ក្រោម​បទ​សូក​ប៉ាន់ ២០​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់ (UNTAC) ដើម្បី​ធ្វើ​របាយការណ៍​ក្លែងបន្លំ​រដ្ឋាភិបាល​ក្នុង​ការ​ចង់​រឹប​យក​ដី​ស្រែ​ចំនួន​ជាង ៥​ហិកតា ពី​កសិករ​ឈ្មោះ ហួត សារុំ កាល​ពី​ចន្លោះ​ឆ្នាំ​២០០៨  និង​ឆ្នាំ​២០០៩ ទុក​លក់​ក្នុង​តម្លៃ ៧​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​បាន​សម្រេច។

ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺ​ក្រសួង​អធិការកិច្ច ទំនាក់ទំនង​សភា និង​ព្រឹទ្ធ​សភា ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ​រឿង​អាស្រូវ​នោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដក​ហូត​តួនាទី​របស់​លោក សេង យៀន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​មុន​តុលាការ​ចោទ​ប្រកាន់។

របាយការណ៍​ប្រចាំ​ឆ្នាំ​២០១០ ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ គឺ​បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា នៅ​ក្នុង​លេខ​រៀង​ទី​១៥៤ នៅ​ក្នុង​បញ្ជី​ប្រទេស​សរុប ១៨៣​ប្រទេស ដែល​មាន​ន័យ​ថា កម្ពុជា​មាន​កម្រិត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ប៉ុន្តែ​ប្រសើរ​ជាង​ប្រទេស​អាហ្វ្រិក​កណ្ដាល និង​ប្រទេស​លាវ។

ប្រទេស​ដែល​ជាប់​លេខ​រៀង​ទី​១ ប្រសើរ​ជាង​គេ​នោះ​មាន​ចំនួន ៣​ប្រទេស គឺ​ប្រទេស​ដាណឺម៉ាក (Denmark) ប្រទេស​ញូវហ្សែឡែន (Newzealand) និង​ប្រទេស​សិង្ហបុរី (Singapore)៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល