សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជម្រះ​ក្តី​ជន​ធ្វើ​បាប​កូន​ចិញ្ចឹម​ឯង​ថាជួញ​ដូរ​មនុស្ស​

តុលាការ​ក្រុង​ភ្នំពេញ​ចោទ​​ជីដូន​ដែល​ប្រគល់​ចៅ​ទៅ​ឲ្យ​ប្តី​ប្រពន្ធ​យកទៅចិញ្ចឹមហើយ​ទទួល​ប្រាក់ ៤០០​ដុល្លារ​ថា ទាំង​ប្តី​ប្រពន្ធ​រួម​ទាំង​ជីដូន​នោះ​បាន​ជួញ​ដូរ​និង​ធ្វើ​ទារុណកម្ម​មនុស្ស។
ដោយ សេក បណ្ឌិត
2010-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​កាសែត​និង​នគរបាល​ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ កក្កដា ២០០៩។
អ្នក​កាសែត​និង​នគរបាល​ឈរ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ កក្កដា ២០០៩។
RFA File

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ មករា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជម្រះ​ក្តី​លើ​ជន​សង្ស័យ​​បីរូប ​ក្នុង​នោះ​មាន​២​រូប​ជា​ប្តី​ប្រពន្ធ​ក្នុង​បទ​ចោទ​លើ​ករណី​ជួញដូរ​មនុស្ស​ដោយ​មាន​គោល​ដៅ​​ក្នុង​រូបភាព​ស្មុំ​កូន​ចិញ្ចឹម និង​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​ក្នុង​រូបភាព​ធ្ងន់ធ្ងរ​និង​ស្រ្តី​វ័យ​ចំណាស់​មួយ​រូប​ទៀត​ពី​បទ​ជួញ​ដូរ​មនុស្ស។

សវនាការ​នេះ​ធ្វើ​ឡើង​ចំពោះ​មុខ​ចៅ​ក្រម​បីរូប ព្រះរាជអាជ្ញា មេធាវី​ទាំង​សង​ខាង​និង​ជន​រង​គ្រោះ​​ជា​កុមារ​អាយុ​១១​ឆ្នាំ ព្រម​ទាំង​អ្នក​ច្បាប់ អង្គការ​សិទ្ធិ​មនុស្ស​​ជា​ច្រើន​ទៀត​បាន​ចូល​រួម​តាម​ដាន​លើ​ករណី​នេះ។

បន្ទាប់​ពី​ធ្វើ​ការសាកសួរ​ដេញ​ដោល​លើ​ជន​ជាប់​ចោទ​អស់​រយៈពេល​ជាង​៤​ម៉ោង ​ព្រះ​រាជ​អាជ្ញា​លោក ហឹង ប៊ុនជា បាន​សន្និដ្ឋាន​និង​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​តាម​រយៈ​សាក្សី និង​រូប​ថត​​ជា​ភស្តុតាង​ ដូច​ជា​ស្លាក​ស្នាម​ពេញ​លើ​រាង​កាយ​ដោយ​ប្រើ​ដង្កាប់​គាប​​មួល​សាច់​ឲ្យ​ដាច់​ចេញ​ឈាម វាយ​បោក​ក្បាល​នឹង​ជញ្ជាំង ​យក​ប្រដាប់​ព្យួរ​ខោអាវ​វិញ​ចូល​គ្នា​វាយ ក្តិច​ដាច់​សាច់​ចេញ​ឈាម​ជា​ដើម​ ដែល​ករណី​នេះ​លោក​ថា សាហាវ អមនុស្សធម៌​យង់​ឃ្នង​បំផុត​។

ជន​ជាប់ចោទ​ជា​ស្រ្តី​ម្តាយ​ចិញ្ចឹម​ឈ្មោះ មាស ណារី អាយុ​៤១​ឆ្នាំ មាន​មុខ​របរ​ជា​គ្រូប​ង្រៀន​នៅ​វិទ្យាល័យ​សន្ធ​មុខ​ បាន​ទទួល​ស្គាល់​កំហុស​ចំពោះ​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​លើ​កុមារ​១១​ឆ្នាំ​នោះ​នៅ​មុខ​អង្គ​សវនាការ ប៉ុន្តែ​បាន​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​តាម​បទ​ចោទ​ជួញ​ដូរ​មនុស្ស​ ដោយ​មាន​គោល​ដៅ​ក្នុង​រូបភាព​ស្មុំ​កូន​ចិញ្ចឹម​នោះ​ទេ។ ដូច​គ្នា​នេះ​ដែរ​ជន​ជាប់​ចោទ​ឈ្មោះ វ៉ា រឿន អាយុ​៦២​ឆ្នាំ​ជាប្តី​ឈ្មោះ មាស ណារី ជា​អតីត​មន្រ្តី​ក្រសួងអប់រំ​ បច្ចុប្បន្ន​ចូលនិវត្តន៍​ ក៏​បាន​ច្រាន​ចោល​ថា មិន​បាន​ចូល​រួម​លើ​ករណី​ជួញដូរ​មនុស្ស​ដោយ​មាន​គោល​ដៅ​ក្នុង​រូប​ភាព​ស្មុំ​កូន​ចិញ្ចឹម​ និង​ការ​ធ្វើទារុណកម្ម​លើ​កុមារ​នោះ​ឡើយ។

ក៏​មិន​ខុស​គ្នា​ដែរ ស្រ្តី​វ័យចំណាស់​ឈ្មោះ ថឺង រ៉េត អាយុ​៦១​ឆ្នាំ ជា​យាយ​ចិញ្ចឹម​បាន​បដិសេធ​ថា មិន​មាន​ចេតនា​លក់​ដូរ​ចៅ​ឡើយ​បើ​ទោះ​បី​គាត់​ទទួល​ស្គាល់​ថា បាន​ទទួល​លុយ​៤០០​ដុល្លារ​ពី​ឈ្មោះ មាស ណារី នោះ គឺ​ក្នុង​ន័យ​មនុស្ស​ធម៌​​ដោយ​សារ​គាត់​ក្រីក្រ​ប៉ុណ្ណោះ។ ហើយ​​ម្យ៉ាង​ទៀត​គឺ​ដោយសារ​គាត់​ចង់​ឲ្យ​ចៅ​មាន​អនាគត​ល្អ ចំពោះ​អ្នក​សុំ​ទៅ​ចិញ្ចឹម​នោះ​គេ​ជា​អ្នក​ចេះ​ដឹង​ពុំ​នឹក​ស្មាន​ថា វា​មាន​រឿង​ដូច្នេះ​កើត​ឡើង​នោះ​ទេ។

មេធាវី​ជន​ជាប់​ចោទ​ទាំង​បី​នាក់​ខាង​លើ លោក ហាក់ ខេងងួន បាន​សុំ​ឲ្យ​ចៅ​ក្រម​ពិចារណា​លើ​កូន​ក្តី​​លោក​២​រូប គឺ​ឈ្មោះ ថឺង រ៉េត និង​ឈ្មោះ វ៉ា រឿន គួរ​តែ​រួច​ទោស នេះ​បើ​តាម​អង្គហេតុ​និង​អង្គ​ច្បាប់​។

លោក ហាក់ ខេងងួន មាន​ប្រសាសន៍​ថា ៖ «ការ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ហ្នឹង គឺ​មាន​តែ​ម្នាក់​ទេ​ដែល​ធ្វើ​ ហើយ​ជន​ជាប់​ចោទ​មាន​តែ​ម្នាក់​គត់ គឺ មាស ណារីអំពើ​ទារុណកម្ម​ហ្នឹង​សូម្បី​តែ​ខ្ញុំ​ស្តាប់​ទៅ​ក៏​ស្រក់​ទឹក​ភ្នែក​ដែរ​»

នៅ​ចំពោះ​មុខ​ចៅ​ក្រម កុមារី​រង​គ្រោះ​បាន​ទាម​ទារ​នូវ​ជំងឺ​ចិត្ត​៥.០០០​ដុល្លារ។

នៅ​ខាង​ក្រៅ​របង​តុលាការ​ មេធាវី​ជន​រង​គ្រោះ​មក​ពី​អង្គ​ការលីកាដូ លោកស្រី សន ស៊ូដាឡែន បាន​ថ្លែង​ថា ជន​ជាប់​ចោទ​ត្រូវ​តែ​មាន​ទោស​ព្រោះ​មាន​ភស្តុតាង​គ្រប់​គ្រាន់​ហើយ​។

លោក ស្រី សន ស៊ូដាឡែន បញ្ជាក់​ថា ៖ «ខ្ញុំ​នៅ​តែ​ប្រកាន់​តាម​កូន​ក្តី​ថា នេះ​ជា​ការ​ជូញ​ដូរ​មនុស្ស​ ហើយ​ជា​ការ​ធ្វើ​ទារុណកម្ម​មនុស្ស»

ទោះ​យ៉ាងណា​ ប្រធាន​សវនាការ​ចៅ​ក្រម​សាលា​ដំបូង​ លោក​ស្រី ចាន់ ម៉ារ៉ាឌី បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​​ជន​ជាប់​ចោទ​ហើយ​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី១៩ កម្ភៈ​ ខាង​មុខ​នេះ។

ជន​ជាប់​ចោទ​ខាង​លើ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​១៩ ខែ​តុលា ​ឆ្នាំ​២០០៩ តាម​ពាក្យ​បណ្តឹង​របស់​អង្គការ​ហាហ្គា (HAGA) ​ពី​បទ​ចោទ​ចំនួន ២​ករណី គឺ​ពី​បទ​ចោទ​ជួញ​ដូរ​មនុស្ស​ដោយ​មាន​គោល​ដៅ​​ក្នុង​រូប​ភាព​ស្មុំ​កូន​ចិញ្ចឹម និង​ការ​ធ្វើ​ទារុណកម្ម​លើ​កុមារ​ក្នុង​រូបភាព​ធ្ងន់ធ្ងរ​៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

All of them commited crimes, no matter what, they must pay for their crimes against young child...

Jan 27, 2010 01:47 AM

គេហទំព័រ​ទាំងមូល