តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ថាក់ស៊ីន​ពី​បទ​ធ្វើ​ភេរវកម្ម

នៅ​ថ្ងៃ​អង្គារ​នេះ តុលាការ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ពី​បទ​ចោទ​ក្នុង​អំពើ​ភេរវកម្ម​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​បាតុករ​ថៃ​អាវ​ក្រហម ក្នុង​រយៈ​ពេល​ជាង ២​ខែ​កន្លង​មក​នេះ។
ដោយ ម៉ៅ សុធានី និង ឡេង ម៉ាលី
2010-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra)
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra)
AFP Photo

មន្ត្រី​ជាន់​ខ្ពស់​ថៃ​បាន​ឲ្យ​ដឹង​ថា រាជអាជ្ញា និង​ក្រសួង​ការ​បរទេស​ថៃ នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ពិភព​លោក ដើម្បី​តាម​រក​ចាប់​ខ្លួន លោក ថាក់ស៊ីន ប្រគល់​ឲ្យ​តុលាការ​ថៃ។

មន្ត្រី​តុលាការ​ថៃ​បាន​ឲ្យ​ដឹង​ថា គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ថា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន គឺ​ជា​មេ​គំនិត​ផ្ដើម​ញុះញង់​ក្រុម​បាតុករ​អាវ​ក្រហម​ឲ្យ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ដោយ​អាវុធ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច ៨៥​នាក់ និង​រង​របួស​ជាង ១៤០០​នាក់។

បាតុករ​រុញ​កង់​ឡាន​ឆេះ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​១៥ ឧសភា ២០១០។ (AFP Photo)
បាតុករ​រុញ​កង់​ឡាន​ឆេះ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិសុខ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​១៥ ឧសភា ២០១០។ AFP Photo

ប្រភព​ដដែល​បន្ត​ថា លោក ថាក់ស៊ីន បាន​ផ្ដល់​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​បាតុករ​ប្រមាណ​ជា ១​លាន ៥​សែន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ រយៈ​ពេល ១០​សប្ដាហ៍ ហើយ​គេ​មាន​ជំនឿ​ទៀត​ថា លោក ថាក់ស៊ីន បាន​រត់​ពន្ធ​នាំ​អាវុធ​យុទ្ធភណ្ឌ និង​អ្នក​ប្រយុទ្ធ​មក​ពី​ប្រទេស​កម្ពុជា។

កម្ពុជា​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ថៃ

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថៃ​នេះ លោក កុយ គួង អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​មាន​ប្រតិកម្ម​តប​វិញ​ដូច្នេះ ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា រឿង​បញ្ហា​ចោទ​ប្រកាន់​ឯកឧត្ដម ថាក់ស៊ីន យ៉ាង​ណា​នោះ ខ្ញុំ​អត់​មាន​យោបល់​ទេ! គ្រាន់​តែ​សម្ដេច​តេជោ​លោក​បាន​មាន​ប្រសាសន៍​ហើយ​ថា ក្នុង​ខណៈ​ពេល​ដែល​មាន​បាតុកម្ម​អាវ​ក្រហម​ប្រឆាំង​រដ្ឋាភិបាល​វឹកវរ​នៅ​ប្រទេស​ថៃ​ហ្នឹង សម្ដេច​ក៏​លោក​បាន​បញ្ជាក់​ថា លោក​មិន​អនុញ្ញាត​ឲ្យ​ឯកឧត្ដម ថាក់ស៊ីន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បណ្ដោះ​អាសន្ន កុំ​ឲ្យ​គេ​យល់​ច្រឡំ​ណា៎! ហ្នឹង​ចំណុច​ទី​១។ ចំណុច​ទី​២ ដែល​ចោទ​ថា មាន​ការ​រត់​ពន្ធ​អាវុធ និង​មាន​អ្នក​ប្រយុទ្ធ​ចេញ​ពី​ប្រទេស​ខ្មែរ​ទៅ បញ្ហា​ចលាចល​នៅ​ប្រទេស​ថៃ​នោះ គឺ​ជា​រឿង​មួយ​លើក​ឡើង​ទាំង​ងងឹត​ងងល់ ជា​ព័ត៌មាន​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ! កម្ពុជា​សូម​បដិសេធ​ទាំង​ស្រុង! ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​បាងកក បើ​សិន​ជា​ខ្លួន​មិន​អាច​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​បាន​ទេ សូម​កុំ​ទម្លាក់​កំហុស​ទៅ​លើ​ប្រទេស​ជិត​ខាង ឬ​ក៏​ប្រទេស​ដទៃ​ទៀត​ឲ្យ​សោះ! ដូច្នេះ​ការ​លើក​ឡើង​ដូច្នេះ ជា​ការ​លើក​ឡើង​ទាំង​បំពាន!»

ប្រភព​ព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ការ​បង្ហាញ​ខ្សែ​ភាពយន្ត​នៅ Cannes ហើយ​ទី​ដែល​លោក ថាក់ស៊ីន ស្នាក់​នៅ​គឺ​លាក់​ការណ៍​សម្ងាត់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល